រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងដើម្បី បង្ហាញជូនអំពីវប្បធម៌បុរាណ និងទំនើបរបស់ជប៉ុននៅកម្ពុជា ព្រមទាំងដើម្បីជំរុញនូវការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជាតិទាំងពីរ ស្ថានទូតជប៉ុនរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានសេចក្តីសោមនស្សរីករាយបង្ហាញជូនមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៦ ដល់ថ្ងៃអាទិត្យ ទី១៩ កុម្ភៈ ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។ កម្មវិធីវប្បធម៌ផ្សេងៗ ព្រមទាំងការតាំងពិព័រណ៍នានានឹងត្រូវរៀបចំឡើងនៅក្នុងមហោស្រព
នេះ ។
ពិធីសម្ពោធបើកមហោស្រពនឹងប្រារព្ធឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៦ កុម្ភៈ វេលាម៉ោង៦ល្ងាចនៅសាលអង្គរ-គីហ្សូណា ។ ពិធីបើកនេះ នឹងកាន់តែមានភាពលេចធ្លោឡើងជាមួយនឹងការប្រគំតន្ត្រីពិសេសរបស់ក្រុមតន្ត្រីករអោន (AUN) ជាក្រុមតន្ត្រីករផ្នែកឧបករណ៍តន្ត្រីបុរាណជប៉ុនដ៏ល្បីល្បាញនៅទូទាំងពិភពលោក រួមជាមួយនឹងតន្ត្រីករកម្ពុជា ។
កម្មវិធីសំខាន់មួយទៀតនៅក្នុងមហោស្រពនេះ គឺការបញ្ចាំងខ្សែភាពយន្តពិសេសរបស់ជប៉ុន ដែលមានចំណងជើងថា «យើងមិនអាចផ្លាស់ប្តូរពិភពលោកនេះបានក៏ពិតមែន ប៉ុន្តែយើងគ្រាន់តែចង់សាងសង់សាលាមួយនៅកម្ពុជា» ។ ខ្សែភាពយន្តនេះ គឺផ្អែកទៅលើបទពិសោធន៍ជាក់ស្តែងរបស់និស្សិតជប៉ុនដែលគាត់បានសាងសង់អគារសិក្សាមួយនៅប្រទេសកម្ពុជា ។
ខ្សែភាពយន្តនេះរួមសម្តែងដោយលោកអូសាមូ មូកៃ ជាឯកអគ្គរាជទូតសុច្ឆន្ទៈរវាងជប៉ុន និងកម្ពុជា នឹងបញ្ចាំងជូននៅថ្ងៃសុក្រ ទី១៧ កុម្ភៈ វេលាម៉ោង៦ល្ងាចនៅសាលអង្គរ-គីហ្សូណា ។
ការប្រគំតន្ត្រីសម័យទំនើបរបស់ជប៉ុនដោយរ៉ាមវ៉ាយអឺ (RAM WIRE) ជាក្រុមតន្ត្រីដ៏មានប្រជាប្រិយភាពនៅប្រទេសជប៉ុន នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៨ កុម្ភៈ។ ចម្រៀង «អាយូមី» ដែលចេញដំបូងបំផុតរបស់ពួកគេនៅក្នុងឆ្នាំ២០១១ គឺត្រូវបានជ្រើសរើសឡើងសម្រាប់បទចម្រៀងនៅក្នុងខ្សែភាពយន្ត «យើងមិនអាចផ្លាស់ប្តូរពិភពលោកនេះបានក៏ពិតមែន…» ក៏ដូចជាជម្រើសជាបទចម្រៀងនៅក្នុងមហោស្រពនេះ ។
មានកម្មវិធីពិសេសជាច្រើនទៀត ត្រូវបានរៀបចំសម្រាប់មហោស្រពនេះដូចជា ការបង្ហាញកីឡាការ៉ាតេដូ និងកេនដូ ការបញ្ចាំងជូននូវខ្សែភាពយន្តជប៉ុននានា កម្មវិធីប្រគល់រង្វាន់មូលនិធិហុងដា កម្មវិធីប្រលងប្រជែងថ្លែងសុន្ទរកថាភាសាជប៉ុន និងការធ្វើបាឋកថាផ្សេងៗដោយបណ្ឌិតមកពីប្រទេសជប៉ុន ថ្នាក់រៀនរៀបផ្កា ថ្នាក់រៀនបត់ក្រដាស កម្មវិធីធ្វើនំម៉ូជិ កម្មវិធីពិសោធន៍វិទ្យាសាស្ត្រ ព្រមទាំងមានកម្មវិធីជាច្រើនទៀត ។ ព័ត៌មានស្តីពីការសិក្សានៅប្រទេសជប៉ុន និងព័ត៌មានស្តីអំពីឱកាសការងារដោយក្រុមហ៊ុនជប៉ុន នឹងមានផ្តល់ជូននៅក្នុងមហោស្រពនេះ ។
សម្រាប់ការសាកសួរព័ត៌មានពីបណ្តាអ្នកសារព័ត៌មាន សូមមេត្តាទាក់ទងផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈទូរស័ព្ទលេខ ០២៣ ២១០ ៣៣១ ឬអ៊ីម៉ែល info.jpn@pp.mofa.go.jp ។ សម្រាប់ព័ត៌មានបន្ថែមនៃមហោស្រពនេះ សូមចូលទៅកាន់គេហទំព័រ www.kh.emb-japan.go.jp ឬក៏ចូលទៅកាន់គណនីហ្វេសប៊ុក Japan Cambodia Kizuna ៕
ចែករំលែកព័តមាននេះ