ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹប​អ្នក​កា​សែតកម្ពុជា

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ក្លឹប​អ្នក​កាសែត​កម្ពុជា (ក.អ.ក)បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​៦ កុម្ភៈ អំពី​ស្ថាន​ភាព​សេរី​ភាព​សារព័ត៌មាននៅក្នុង​ប្រទេសកម្ពុជា​​ បន្ទាប់ពីទទួលព័ត៌មានថា លោកឱម សារឿន អ្នកយកព័ត៌មានឱ្យ​កាសែតកោះសន្តិភាព​ប្រចាំ​ខេត្តឧត្តរមានជ័យ បានត្រូវប្តឹងពីបទផ្សព្វ​ផ្សាយ​ព័ត៌មានមិនពិត ហើយសាលាដំបូងខេត្តឧត្តរ​មាន​ជ័យ​បានចេញដីកាឲ្យលោកចូល​បំភ្លឺនៅ​ថ្ងៃ​ទី៩ កុម្ភៈ ឆ្នាំ ២០១២​ ។ លោកឱម សារឿន​ ត្រូវ​បានប្តឹងដោយ​អធិ​ការ​រងនគរបាលស្រុក​អន្លង់វែង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរ​មាន​ជ័យ ក្រោយពេល​ដែល​កាសែតកោះសន្តិ​ភាព​​បាន​ចេញផ្សាយអត្ថបទ​មួយកាលពីថ្ងៃអង្គារ​ទី១៧ មករា ឆ្នាំ ២០១២ ក្រោមចំណងជើងថា «រឿងរ៉ាវចាប់កូន​កំលោះ​ដាក់ពន្ធនាគារខក​ខាន​ក្រេបចន្ទទឹកឃ្មុំ» ។

ក្លឹបអ្នកកាសែតកម្ពុជា យល់ឃើញថា អត្ថ​បទ​ដែលលោកឱម សារឿន សរសេរផ្សាយក្នុង​កាសែតកោះសន្តិភាព គឺគ្មានចំណុច​ណាមួយ​ដែល​ត្រូវ​ប្តឹង និងចោទប្រកាន់ពីបទ​ផ្សាយ​ព័ត៌​មាន​មិនពិតនោះឡើយ ព្រោះសំណេររបស់​លោក​ឱម សារឿន ធ្វើឡើងត្រឹមត្រូវតាម​វិជ្ជា​ជីវៈ​ ដោយសរសេរតាមព័ត៌មានជាក់ស្តែង ព្រម​ទាំងដកស្រង់បទសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធ​រួមទាំងសាក្សីផងដែរ​ ។

ក្លឹបអ្នកកាសែតកម្ពុជា ដែលមានសមាជិក​ជា​អ្នកសារព័ត៌មានជាង៣០០នាក់ សូមអំពាវនាវ​ដោយទទូចដល់សាលាដំបូងខេត្តឧត្តរមានជ័យ យកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្ត ចំពោះរឿងក្តីនេះ និងប្រើប្រាស់សុភវិនិច្ឆ័យ ដើម្បី​ធានាថា សេរីភាពសារព័ត៌មាននៅកម្ពុជា​មិនត្រូវបានបំពាន ហើយលោកឱម សារឿន ទទួល​បាននូវភាពយុត្តិធម៌ ។ ក្លឹបអ្នកកាសែត​កម្ពុជា​នឹងបន្តការតាមដាន​ករណីបណ្តឹងនេះ ដោយយកចិត្តទុកដាក់ ដើម្បីធានាថារាល់​បណ្តឹង​ចំពោះអ្នកកាសែតត្រូវបាន​ដោះ​ស្រាយដោយ​យុត្តិធម៌ ។

ក្លឹបអ្នកកាសែតកម្ពុជា គឺជាអង្គការឯករាជ្យ​មាន​​បេសកកម្ម​បម្រើផលប្រយោជន៍ និងការ​ពារ​​អ្នកកាសែត ព្រមទាំងលើកកម្ពស់សេរីភាព​សារព័ត៌មាន និងពង្រឹងវិជ្ជាជីវៈសារព័ត៌មាន នៅ​ក្នុងប្រទេសកម្ពុជា ៕