ខេត្តតាកែវ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯក្មេងស្រីម្នាក់បានរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈបុរសជាប្តី និងជាឪពុកជិះម៉ូតូឆ្លងផ្លូវមិនមើលឆ្វេងស្តាំក៏ត្រូវរថយន្តមួយគ្រឿងបុកពេញទំហឹង ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី៦ កុម្ភៈ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៩ , ៧០ ស្ថិតនៅភូមិព្រៃជួ ឃុំពពេល ស្រុកត្រាំកក់ ។
លោកយី វណ្ណា អធិការរងនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះសូត ចាន់ណា អាយុ២៣ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែង ឯកូនស្រីឈ្មោះហេង ស្រីពីន អាយុ៣ឆ្នាំ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ឯឈ្មោះប្រាក់ គួយ អាយុ៣០ឆ្នាំ ត្រូវជាប្តី និងជាឪពុករបស់ស្ត្រី និងកុមារីរងគ្រោះរស់នៅភូមិព្រៃឈើទាល ឃុំពពេល ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ ស៊េរី២០១០ ។ ពេលបើកឆ្លងថ្នល់ពីលិចទៅកើត មិនមើលឆ្វេងស្តាំ ក៏ស្រាប់តែមានរថយន្ត១គ្រឿងបើកពីត្បូងទៅជើង បុកពេញទំហឹងតែម្តង បណ្តាលឱ្យស្លាប់ និងរបួសបែបនេះ ។
លោកអធិការរងបានបន្តទៀតថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សំបកឪឡឹក អ្នកបើកបរឈ្មោះពេជ្រ នី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅឃុំគូស ស្រុកត្រាំកក់ ។
រថយន្ត និងម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំការដោះស្រាយគ្នាពេលក្រោយ ៕
ចែករំលែកព័តមាននេះ