ខេត្តព្រះវិហារ ៖ បើទោះបីជាភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ត្រូវបានផ្ទេរប្រគល់ឲ្យទៅអាជ្ញាធរជាតិព្រះវិហារអភិរក្សតំបន់ ដើម្បីទុកជាសម្បត្តិសាធារណៈរបស់ជាតិកាលពីដើមខែមករា ២០១២ ក៏ដោយ កាលពីព្រឹកថ្ងៃទី៦ កុម្ភៈ ប្រជាពលរដ្ឋប្រមាណ៧០នាក់ដែលអះអាងថា មានទីលំនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត បាននាំគ្នាកាន់បដាពាក្យស្លោក និងរូបថតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នៅក្រោមដើមពោធិ៍ខាងកើតភូមិគ្រឹះសម្តេចតេជោ វិថីព្រះសុរាម្រិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាលើកទីបីប្រយោជន៍សុំឲ្យសម្តេចតេជោជួយអន្តរាគមន៍កន្លែងរស់នៅលើទីតាំងចាស់ភូមិស្វាយជ្រុំ ។
ប្រជាពលរដ្ឋដែលសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ម្តងហើយម្តងទៀតនេះបាននិយាយថា នេះជាលើកទីបីហើយដែលប្រជាពលរដ្ឋចំនួន១៥៧គ្រួសាររស់នៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នាំគ្នាមកភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ឲ្យបានទៅរស់នៅទីតាំងចាស់វិញ ព្រោះការដោះដូរឲ្យទៅនៅកន្លែងថ្មីមិនអាចទទួលបានឡើយ ហើយអ្វីៗដែលថ្នាក់ខេត្តរាយការណ៍ជូនសម្តេចនោះ គឺជាការបំផ្លើសទាំងស្រុង។
គេសង្កេតឃើញថា ខណៈដែលប្រជាពលរដ្ឋមកពីភូមិស្វាយជ្រុំប្រមូលផ្តុំគ្នាកាន់បដាពាក្យស្លោកក្បែរភូមិគ្រឹះសម្តេចតេជោនោះ ពុំមានវត្តមានមន្រ្តីពាក់ព័ន្ធណាម្នាក់ចេញមុខមកជួបប្រជាពលរដ្ឋសួរនាំនោះទេ រហូតដល់ម៉ោងជាង១០ព្រឹកនាថ្ងៃដដែល ទើបសមត្ថកិច្ចទទួលខុសត្រូវសណ្តាប់ធ្នាប់បានសុំឲ្យបងប្អូនប្រជាពលរដ្ឋវិលទៅជួបជុំគ្នានៅក្រោមដើមពោធិ៍មុខវត្តបទុមវត្តីវិញម្តង ដោយមិនមានប្រើអំពើហិង្សាណាមួយឡើយ៕
ចែករំលែកព័តមាននេះ