រាជធានីភ្នំពេញ ៖ បុរសម្នាក់ហេតុតែចង់ផ្គាប់ចិត្តស្រីស្នេហ៍តែខ្លួនអត់លុយមួយរៀលក៏សម្រេចចិត្តធ្វើសកម្មភាពលួចគាស់ផ្ទះប្អូនស្រីឯងយកទ្រព្យសម្បត្តិមួយចំនួន ត្រូវបានប្អូនស្រីប្តឹងឱ្យនគរបាលចាប់ខ្លួនបងប្រុសកំហូច និងសង្សារម្នាក់ទៀតចាត់ការតាមផ្លូវច្បាប់តែម្តង ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៤ កុម្ភៈ ២០១២ នៅចំណុចផ្ទះលេខ3D បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនកំហូចឈ្មោះគង់ ផារដ្ឋ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់បឹងត្របែក ខណ្ឌចំការមន ស្រុកកំណើតភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ឯស្រីស្នេហ៍ដែលត្រូវចាប់ខ្លួនដែរនោះឈ្មោះជាតិ ស៊ីវត្ថិធានូ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក ។ ចំណែកឯប្អូនស្រីដែលជាម្ចាស់ផ្ទះឈ្មោះគង់ ផារី អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារស្នាក់នៅផ្ទះកើតហេតុខាងលើ ។ សម្ភារដែលបាត់បង់មានទូរទស្សន៍ពណ៌មួយគ្រឿង នាឡិកាដៃ២គ្រឿង និងគ្រឿងអលង្ការកាឡៃ១ឈុត សរុបជាប្រាក់ចំនួន១.៨០០ដុល្លារ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុស្រីជាម្ចាស់ផ្ទះបានបិទទ្វារផ្ទះចាក់សោចោលអត់មានមនុស្សនៅយាមទេដោយនាងរវល់ទៅលេងស្រុកកំណើត ពេលនោះជនកំហូចដឹងថា ប្អូនស្រីមិននៅផ្ទះក៏បានបែកគំនិតធ្វើសកម្មភាពលួចគាស់ផ្ទះយកទ្រព្យសម្បត្តិតែម្តង ៕
ចែករំលែកព័តមាននេះ