ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​​ប្រកួត​​បាល់​​ទាត់​​​ដណ្តើម​​ពាន​​រង្វាន់​​សម្តេច​តេជោ​​ពូល A និង B

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ការ​ប្រកួត​បាល់​​ទាត់​​ដណ្តើម​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ​ឆ្នាំ​២០១២ លើក​ទី​៦ វគ្គ​ជម្រុះ​​វិល​ជុំ​តាម​ពូល​នៅ​លើ​ទីលាន​ស្តាត​ចាស់​​កាល​ពីថ្ងៃ​សៅរ៍ ទី​៥ កុម្ភៈ កន្លង​មក​នេះ សម្រាប់​​ពូល A និង B បាន​បញ្ចប់​​អស់​ហើយ ។  ​ពូល A មាន​ក្រុម​​ចំនួន​២ ដែល​ត្រូវ​ឡើង​​ទៅ​ប្រកួត​វគ្គ​ជម្រុះ​៨​ក្រុម​​ចុង​ក្រោយ​ទៀត​នោះ មាន​ក្រុម​ណាហ្គា​ខប និងក្រុម​​ឆ្លាម​សមុទ្រ​​ រីឯ​ពូល B ​វិញ​មាន​ក្រុម​ក្រសួង​ការ​​ពារ​ជាតិ​ និង​ក្រុម​គីរី​វង់​សុខ​សែន​ជ័យ ។

​​ក្រុម​​ណាហ្គា​ខប បាន​យក​​ឈ្នះ ក្រុម​ខេត្ត​បាត់​ដំបង រហូត​ដល់​ទៅ ​១០​-០ ឯ​ណោះ ។ ​ពេល​នេះ​​ក្រុម​ណាហ្គា​ខប ​ស្ថិត​នៅ​​​ចំណាត់​ថ្នាក់​​លេខ​១ ក្នុង​ពូល ។ ចំណែក​ឯ​​ក្រុម​ឆ្លាម​សមុទ្រ​​ស្ថិត​នៅ​​​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ពូល ខណៈ​​​​ដែល​​ក្រុម​នេះ​បាន​យក​ឈ្នះ​លើ​ក្រុម​ប៉ៃលិន ៥-០ ។ ​ ដោយ​ឡែក​សម្រាប់​ពូល​ B ក្រុម​​ក្រសួង​ការពារ​ជាតិ​ ស្ថិត​នៅ​ចំណាត់ថ្នាក់លេខ​១​ក្នុង​ពូល បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​ក្រុម​​ខេត្ត​កំពត ៤-០ ។ នៅ​​តង់​ទី១ ​​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​មាន​ឱកាស​រក​បាន​២​គ្រាប់​ គឺកីឡា​ករ​ឈិន ឈឿន ​​ពាក់​អាវ​​លេខ​១៧ រក​បាន​១​​គ្រាប់មុន​នៅ​នាទីទី​៩ ​បន្ទាប់​មក​កីឡា​ករអ៊ុង តារា ពាក់​អាវ​លេខ​៩ រក​បាន​១​គ្រាប់​បន្ថែម​ទៀត​នៅ​នាទី​ទី​៣៣ ។

ក្រុម​ក្រសួងការពារ​ជាតិ​ មិន​សូវ​លេង​សម្រុក​​ពេក​នោះ​ទេ ខណៈ​​​ក្រុម​ខេត្ត​កំពត​ បាត់​បង់​ស្ថាន​ភាព​ប្រកួត​​ស្ទើរ​តែ​ទាំង​ស្រុង​​ទៅ​ហើយ​នោះ ។ ក្រុម​​​ក្រសួង​ការ​ពារ​ជាតិ រក​បាន​២​គ្រាប់​បន្ថែម​ទៀត​ នៅ​​តង់​ទី​២ គឺកីឡា​ករ​ទូច សុខ​ហេង ពាក់​អាវ​លេខ​២០ មាន​ឱកាស​រក​បាន​១​​គ្រាប់​​​នៅ​នាទីទី​៨៨ និង​កីឡា​ករ​អៀង ពិសិដ្ឋ ពាក់​អាវ​លេខ​១៤ ​​រក​បាន​​គ្រាប់​​បាល់​ចុង​ក្រោយ​នៅ​នាទី​ទី៩០ ។

ក្រុម​គិរី​វង់​សុខ​សែន​ជ័យ ដែល​​មាន​ជំនឿ​ចិត្ត​១០០​ភាគ​រយ​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម​​​​សាកល​វិទ្យា​ល័យ​​អាស៊ី​​អឺរ៉ុប លើក​នេះ​នោះ បាន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​​នៅ​តង់​ទី​១ ។ ទោះបី​​ជា​ពេជ្រ សីហា ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ មាន​ឱកាស​រក​បាន​១​គ្រាប់​យ៉ាង​លំបាក​​​​នៅ​តង់​ទី១ នាទីទី​១ ក៏ដោយ ។ ប៉ុន្តែ​ចូល​ដល់​តង់​ទី​​​២ ក្រុម​គីរី​វង់​សុខ​សែន​ជ័យ បាន​ធ្វើ​ឱ្យ​ក្រុម​សាកល​វិទ្យា​ល័យ​​អាស៊ី​អឺរ៉ុប​ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មិន​សូវ​ល្អ​ឡើយ ​ជា​ពិសេស​​ការ​​ស៊ុត​បាល់​បញ្ចូល​ទី​​រក​បាន​៣​គ្រាប់​បន្ថែម​​ទៀត​នោះ ។ កីឡា​ករ​ពេជ្រ សីហា រក​បាន​២​គ្រាប់​​បន្ថែម​ទៀត គឺ​នៅ​នាទី​ទី​​៦៤ និង​នាទីទី៧៥ ខណៈ​កីឡា​ករ​ឯក​ សុភាព ​ពាក់​​អាវ​លេខ​១៣ ប​ន្ថែម​​១​គ្រាប់​​​ចុង​ក្រោយ​នៅ​នាទីទី​៩០ ៕