រាជធានីភ្នំពេញ ៖ ហ៊ីម សេរី មកពីក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន បានប្រកួតឈ្នះពិន្ទុរិទ្ធ កៅ មកពីក្លឹបកងយោធពលខេមរភូមិន្ទ នៅលើសង្វៀន CTN កាលពីថ្ងៃអាទិត្យ ទី៥ កុម្ភៈ កន្លងមកនេះ ។ រវាងជើងថ្មី១គូនេះ ចាប់បើកឆាកប្រកួតទឹកទី១ ភ្លាមបានបញ្ចេញស្នៀតវាយសម្រុកដាក់គ្នាយ៉ាងសាហាវបំផុត ។ សេរី ដែលមានប្រៀបខាងមាឌ និងកម្ពស់ស្រាប់នោះបានបញ្ចេញស្នៀតជើងទាត់សំដៅល្វែងខាងក្រោមមិនឈប់ឡើយ។
ឯរិទ្ធ កៅ បានបញ្ជូនស្នៀតកណ្តាប់ដៃវាយបកសងវិញយ៉ាងរហ័ស ប៉ុន្តែស្នៀតកណ្តាប់ដៃរបស់សេរី ល្អជាងអាចវាយចេញបានត្រង់ចូលមុខរិទ្ធ កៅ ពេញៗ។ រិទ្ធ កៅ បើទោះបីជាចាញ់ប្រៀបខាងកម្លាំង និងល្បិចប្រយុទ្ធគូប្រកួតបន្តិចមែន តែចិត្តរបស់គេសឿងគ្រាន់បើ ជាពិសេសទឹកទី៣ និងទី៤ ផ្ទៃមុខរបស់គេមានស្នាមហើមជាច្រើនកន្លែង ។ តែគេមិនព្រមចុះចាញ់ឡើយ គឺតស៊ូប្រកួតរហូតបញ្ចប់ទឹកទី៥ ។ ឈាន រស្មី មកពីក្លឹបខេត្តរតនគិរី យក ឈ្នះជា សំណាង មកពីក្លឹបរិទ្ធិស័ក្តិកីឡាដោយពិន្ទុ ។
រវាងគូនេះប្រកួតគ្នាក៏ស្វិតស្វាញណាស់ដែរ។ រស្មី បានធ្វើឱ្យសំណាង លស់ព្រលឹងម្តងៗនៅទឹកទី១ និងទី២ ដោយសារតែការធ្វេសប្រហែសមើលស្រាលលើគូប្រកួត ។ តែក្រោយពីក្តាប់បានស្ថានការណ៍ច្បាស់លាស់រួចមក សំណាង បានដើរចូលទាត់សងវិញ មិនបង្អង់ទុកយូរឡើយ។ ការវាយ និងទាត់ទាំងកំរោលរបស់សំណាង ទៅលើរស្មី នៅក្នុងទឹកទី៣ និងទី៤ គឺមិនសូវបានផលល្អឡើយ ប៉ុន្តែមុននឹងចាញ់ សំណាង បានធ្វើឱ្យរស្មី មិនសូវស្រួលខ្លួនប៉ុន្មានឡើយ ។
ប៊ី សុភាព មកពីក្លឹបព្រះខ័នរាជ្យ ប្រកួតឈ្នះពិន្ទុប្រាក់ មករា មកពីក្លឹបរស្មីកុមារកំព្រា ។ សុភាព ចាស់វស្សាជាង រីឯមករា ទើបតែស្គាល់សង្វៀនប្រកួតរយៈពេលខ្លីនេះប៉ុណ្ណោះ ។ ប៉ុន្តែ២ទឹកដំបូងសុភាព ចង់យ៉ាប់ ដោយសារមករាបន្តិចដែរ ព្រោះ២ទឹកដំបូង មករា នៅសល់កម្លាំងច្រើន ស្បែកមុខក្រាស់ គេអាចធ្វើព្យុះធ្វើភ្លៀងបានតាមអំពើចិត្ត ។ លុះដល់ទឹកទី៤ និងទី៥ មករា ត្រូវសុភាព សំពងវិញយ៉ាងចាស់ដៃ ស្ទើរតែកម្រើកខ្លួនលែងកើតទៅហើយ តែមករា ចិត្តរបស់គេសឿង បានតស៊ូជាមួយសុភាព រហូតដល់បញ្ចប់ទឹកទី៥ ។
ខុន ស៊ីចន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ ប្រកួតឈ្នះហួន សុខនីម មកពីក្លឹបសិង្ហកីឡាដោយពិន្ទុ ។ ជ័យ ស៊ីនេត មកពីក្លឹបឃ្លាំងមឿងកីឡា ប្រកួតឈ្នះជ័យ ចាន់រ័ត្ន មកពីក្លឹបសិង្ហកីឡា នៅត្រឹមទឹកទី៤ ។ ដោយឡែកសម្រាប់លទ្ធផលប្រកួតនៅលើសង្វៀនប៉ុស្តិ៍លេខ៥ នៅថ្ងៃនោះដែរ វ៉ោយ សុធន មកពីក្លឹបរាជសីហ៍ខេត្តបន្ទាយមានជ័យ បានត្រឹមយកស្មើជាមួយព្រំ សំណាង មកពីក្លឹបកងពលតូចលេខ៧០ប៉ុណ្ណោះ ។ សំណាង ជើងថ្មីតែកម្លាំងខ្លាំង ល្បិចប្រយុទ្ធក៏ក្រាស់ណាស់ដែរ ។
ស្នៀតជើងរបស់គេបានទាត់សម្រុកទៅលើសុធន តាំងពីទឹកទី១ និងទី២ ហើយស្នៀតកណ្តាប់ដៃរបស់គេបានវាយសម្រុកទៅលើផ្ទៃមុខសុធន យ៉ាងរន្ថើនផងដែរ ។ សុធន ដើរចូលទាត់សង និងព្យាយាមឡើងជង្គង់ តែគេចាញ់កម្លាំងសំណាង ទើបមិនអាចធ្វើអ្វីសំណាងបានឡើយ ។ ទឹកទី៤ និងទី៥ សុធន នៅតែដើរចូលក្នុងឋានៈជាអ្នកប្រដាល់ចាស់វស្សា ដោយមិនចាញ់សម្លុតក្មេងស្រករក្រោយឡើយ ។
ប៉ុន្តែសំណាងល្អហើយដែលគេអាចយកស្មើពិន្ទុជាមួយសំណាង នោះ ។ ចេង ពន្លក មកពីក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន បានយកឈ្នះសាន រាជសីហ៍ មកពីក្លឹបសាលវ័ន្តកីឡានៅទឹកទី៣ និងខុន ឆៃលាង មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ យកឈ្នះអន ជិនហេង មកពីក្លឹបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនៅត្រឹមទឹកទី២ ៕
ចែករំលែកព័តមាននេះ