ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលព័ត៌មានថា លោកឱម សារឿន អ្នកយកព័ត៌មាន ឱ្យកាសែតកោះសន្តិភាពប្រចាំខេត្តឧត្តរមានជ័យ បានត្រូវគេប្តឹងពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ហើយសាលាដំបូងខេត្តឧត្តរមានជ័យបានចេញដីកាឲ្យលោកចូលបំភ្លឺនៅថ្ងៃទី៩ កុម្ភៈ ២០១២ នេះ ។
លោកឱម សារឿន ត្រូវបានលោកអធិការរងនគរបាលស្រុកអន្លង់វែងប្តឹងក្រោយពេលដែលកាសែតកោះសន្តិភាពបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារទី១៧ មករា ២០១២ ក្រោមចំណងជើងថា «រឿងរ៉ាវចាប់កូនកំលោះដាក់ពន្ធនាគារខកខានក្រេបចន្ទទឹកឃ្មុំ»។
ក្លឹបអ្នកកាសែតកម្ពុជា យល់ឃើញថា អត្ថបទដែលលោកឱម សារឿន សរសេរផ្សាយក្នុងកាសែតកោះសន្តិភាពគឺគ្មានចំណុចណាមួយដែលត្រូវប្តឹង និងចោទប្រកាន់ពីបទផ្សាយព័ត៌មានមិន ពិតនោះឡើយ ព្រោះសំណេររបស់លោកឱម សារឿន ធ្វើឡើងត្រឹមត្រូវតាមវិជ្ជាជីវៈ ដោយសរសេរតាមព័ត៌មានជាក់ស្តែង ព្រមទាំងដកស្រង់បទសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធរួមទាំងសាក្សីផងដែរ ។ ក្លឹបអ្នកកាសែតកម្ពុជា ដែលមានសមាជិកជាអ្នកសារព័ត៌មានជាង៣០០នាក់ សូមអំពាវនាវ ដោយទទូចដល់សាលាដំបូងខេត្តឧត្តរមានជ័យ យកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្តចំពោះរឿងក្តីនេះ និងប្រើប្រាស់សុភវិនិច្ឆ័យ ដើម្បីធានាថា សេរីភាពសារព័ត៌មាននៅកម្ពុជា មិនត្រូវបានបំពាន ហើយលោកឱម សារឿន ត្រូវទទួលបាននូវភាពយុត្តិធម៌ ។
ក្លឹបអ្នកកាសែតកម្ពុជានឹងបន្តតាមដានករណីបណ្តឹងនេះ ដោយយកចិត្តទុកដាក់ ដើម្បីធានាថា រាល់បណ្តឹងចំពោះអ្នកកាសែតត្រូវបានដោះស្រាយដោយយុត្តិធម៌ និងដោយច្បាប់ស្តីពីរបបសារព័ត៌មានដែលទទួលស្គាល់ ដោយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកម្ពុជា ។
ក្លឹបអ្នកកាសែតកម្ពុជា គឺជាអង្គការឯករាជ្យមានបេសកកម្មបម្រើផលប្រយោជន៍ និងការពារអ្នកកាសែត ព្រមទាំងលើកកម្ពស់សេរីភាពសារព័ត៌មាន និងពង្រឹងវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕
ចែករំលែកព័តមាននេះ