ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពបាញ់ប្រហារទៅលើសន្តិសុខយាមក្រុមហ៊ុនម្នាក់ត្រូវដៃខាងឆ្វេងបណ្តាលឲ្យរងរបួស កាលពីវេលាយប់ថ្ងៃទី៥ កុម្ភៈ ២០១២ នៅនឹងបារ៉ាសយាមរបស់ក្រុមហ៊ុនវិនិយោគសម្បទានសេដ្ឋកិច្ចឈ្មោះឃ៊្លូ បល មានទីតាំងនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ។
ក្រោយពីមានសកម្មភាពបាញ់ប្រហារនេះកើតឡើងលោកឧត្តមសេនីយ៍ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តបានដឹកនាំកម្លាំងចុះទៅពិនិត្យដល់ទីតាំងកើតហេតុក្នុងក្រុមហ៊ុន និងចាប់ឃាត់ខ្លួនជនសង្ស័យប្រដាប់អាវុធរូបនេះបានភ្លាមៗនៅនឹងកន្លែងរោងស្នាក់នៅក្នុងក្រុមហ៊ុន។
លោកវរសេនីយ៍ត្រី ប៊ុន ឈឿន អធិការស្រុកសំបូរបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សន យ៉ុង អាយុ៥១ឆ្នាំ ជាអ្នកជួលដីធ្វើចម្ការដាំដំឡូងក្នុងក្រុមហ៊ុនខាងលើ រីឯជនរងគ្រោះឈ្មោះផាត់ ផល ហៅសុរិយា អាយុ២៩ឆ្នាំ ជាសន្តិសុខឯកជនយាមបារ៉ាសក្រុមហ៊ុន៕
ចែករំលែកព័តមាននេះ