ខេត្តកោះកុង ៖ កម្មករខ្មែរម្នាក់បម្រើការងារនៅក្នុងការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ ស្ថិតក្នុងស្រុកកោះកុង ខេត្តកោះកុង ត្រូវថៅកែ (មេការចិន) ចាប់ចងព្យួរនឹងធ្នឹមដំបូលផ្ទះ ផុតជើងពីដី រួចវាយនឹងដំបងឈើជ្រុងប្រវែងប្រហែល១ម៉ែត្រ បណ្តាលឱ្យកម្មកររូបនេះរងរបួសធ្ងន់កាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ កុម្ភៈ ។
តាមជនរងគ្រោះឈ្មោះស៊ឹម វឹក អាយុ៣៥ឆ្នាំ មានស្រុកកំណើតស្រុកបាកាន ខេត្តពោធិ៍សាត់ បានរៀបរាប់ថា កាលពីយប់ថ្ងៃទី៣ កុម្ភៈ ២០១២ នៅ ក្នុងការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីខាងលើ មានករណីបាត់ខ្សែភ្លើង ប៉ុន្តែមិនដឹងថា ជនណាជាអ្នកលួចឡើយ លុះវេលាម៉ោងប្រហែល១១ពាក់កណ្តាលអធ្រាត្ររូបគាត់បានក្រោកទៅបន្ទប់ទឹកដែលនៅក្បែរផ្ទះសំណាក់របស់កម្មករ និងថៅកែចិន ខណៈនោះ មេការចិនក៏ភ្ញាក់ព្រមគ្នាដែរ ហើយដើរទៅមើលឃ្លាំងដាក់សម្ភារក៏ដឹងថា មានបាត់ខ្សែភ្លើងក្នុងឃ្លាំង ហើយក៏ចោទរូបគាត់ និងចាប់ចងវាយធ្វើបាបតែម្តង ប៉ុន្តែការពិតរូបគាត់ពុំបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ។
នៅព្រឹកថ្ងៃទី៤ កុម្ភៈ ២០១២ បន្ទាប់ពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចហើយក៏បានសុំយោបល់ ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីចាប់ខ្លួនជនជាតិចិនទាំង៦នាក់ដែលបានធ្វើទារុណកម្មលើកម្មករខ្មែររូបនេះ ប៉ុន្តែនៅព្រឹកនោះ សមត្ថកិច្ចចុះចាប់ក្រុមមេការចិនទាំងនោះបានតែ២នាក់ប៉ុណ្ណោះ ក្រៅពីនោះបានគេចខ្លួនបាត់អស់ ។ ប៉ុន្តែនគរបាលព្រហ្មទណ្ឌខេត្តមិនសហការ និងមិនអនុញ្ញាតឱ្យក្រុមអ្នកកាសែតចូលថតរូប និងមិនផ្តល់អត្តសញ្ញាណជនជាតិចិនទាំង២រូប ដើម្បីផ្សាយព័ត៌មាននោះឡើយ ។
តាមមន្ត្រីនគរបាលតូចតាចដែលសុំមិនបញ្ចេញឈ្មោះនិយាយថា នេះ មកពីលោកស្នងការចង់ដោះលែងជនជាតិចិន។ ប៉ុន្តែតាមការឱ្យដឹងពីសាលាដំបូងគឺកំពុងទាមទារឱ្យសមត្ថកិច្ចបញ្ជូនទាំងសំណុំរឿងទាំងជនរងគ្រោះ ទាំងជន ជាតិចិន២នាក់ទៅសាលាដំបូងនៅរសៀលថ្ងៃទី៦ កុម្ភៈ ២០១២ ដើម្បីធ្វើការសាកសួរនិងចាត់វិធានការតាមនីតិវិធី៕


ចែករំលែកព័តមាននេះ