ខេត្តប៉ៃលិន ៖ ស្រ្តីមានផ្ទៃពោះឈ្មោះមិន សុវណ្ណឌី អាយុ២១ឆ្នាំ គ្រូបង្រៀនមតេ្តយ្យ រស់នៅភូមិក្រចាប់លើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសបែកក្បាល ព្រោះស្រ្តីឈ្មោះថេង ថន អាយុ៤២ឆ្នាំ កសិកររស់នៅភូមិជាមួយគ្នាវាយនឹងដងកាំបិត។ ភ្លាមនោះគ្រូបង្រៀនដូចគ្នានៅក្នុងសាលាបឋមសិក្សាក្រចាប់ឃើញ ក៏ជួយដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី៣ កុម្ភៈ ២០១២ នៅក្នុងបរិវេណសាលាបឋមសិក្សាក្រចាប់លើ ។
ស្ត្រីរងគ្រោះប្រាប់អ្នកយកព័ត៌មានថា ស្រ្តីឈ្មោះថេង ថន យកដងកាំបិតវាយក្បាលនាង ព្រោះតែរឿងគំនុំរយៈពេល១ខែកន្លងមករឿងដួសបបរចែកដល់កូនរបស់គាត់ ។ សាលារៀនតែងតែចែកបបរដល់កូនសិស្សនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ។ នៅថ្ងៃមួយដល់ពេលចែកបបរកូនរបស់ស្រ្តីដៃដល់រត់ទៅផ្ទះដែលនៅជិតសាលាបាត់ ។ បន្ទាប់ពីចែកបបរដល់កូនសិស្សរួច ស្រ្តីរូបនេះយកកូនរបស់ខ្លួនមកដាក់ឱ្យហូបបបរ តែបបរអស់ទៅហើយ ។
ស្ត្រីដដែលបន្តទៀតថា ក្រោយមកស្រ្តីឈ្មោះថេង ថន បានជេរស្តីឱ្យនាងខ្លាំងៗថា «ចែកបបរឱ្យតែកូនរបស់គេ មិនព្រមចែកឱ្យកូនរបស់ខ្លួនទេ » ។ ទោះបីនាងព្យាយាមបកស្រាយប្រាប់ពីហេតុផលបែបណាក្តី ក៏ស្ត្រីនោះមិនស្តាប់ទេ ហើយបែរជាវាយក្បាលនាងបណ្តាលឱ្យបែកហូរឈាមរហូតសន្លប់បាត់ស្មារតី ៕


ចែករំលែកព័តមាននេះ