ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្តើម​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​មាត់​ស្ទឹង​សៀម​រាប​នៅ​ចុង​ខែ​កុម្ភៈ​

14 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖​ ក្រុម​មន្ដ្រី​អា​ជា្ញ​ធរ​ខេត្ដ​បាន​អះអាង​សា​ជា​ថ្មី​ថា ​លំនៅ​ឋាន​មិន​រៀបរយ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាងមួយ​ពាន់​ប្រាំ​រយ​គ្រួសារ​ដែល​សង់​នៅ​លើ​ដី​ចំណី​ស្ទឹង​ប្រវត្ដិ​សាស្ដ្រ​សៀម​រាប នឹង​ត្រូវជម្លៀស​ឱ្យទៅ​រស់នៅ​ឯសង្កាត់​សំបួរ ជាយក្រុង​ទេសចរណ៍​មួយ​នេះ នៅ​អំឡុង​ចុងខែ​កុម្ភៈ ឆ្នាំ២០១២​នេះ ។ ការ​ធ្វើ​បែ​ប​នេះ​ដើម្បី​យក​មាត់​ស្ទឹង​​រៀបចំ​ធ្វើ​ផ្លូវ​.​សួន​ច្បារ ​និង​ពង្រីក​​ពោះ​ស្ទឹង​ឱ្យ​ជ្រៅ​​ ​ធំ​ទូលាយ​ជាង​មុន​សម្រាប់​​​​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​មក​ពី​តំ​បន់​ប៉ែក​ខាងលើ​ៗ ​។

ទោះបីជា​យ៉ាងណា​រហូត​មក​ទល់​ពេល​នេះ​ពុំ​មាន​ប្រភព​បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រៀម​នឹង​ចំណាយ​ទៅ​លើ​ផែនការ​ជម្លៀស​ប្រជាពល​រដ្ឋ​និង​ផែនការ​ពង្រីក​ស្ទឹង​សៀមរាប​នោះនៅ​​ឡើយ​ទេ គ្រាន់តែ​ដឹង​ថា​គម្រោងការ​នេះ​នឹង​ត្រូវ​អនុវត្ដ​ជា​ដំណាក់កាល​ៗ គឺ​ជំ​ណា​ក់​កាល​ទី១​ នឹង​ចាប់ផ្ដើម​នៅ​ចុងខែកុម្ភៈនេះ ត្រឹម​ស្ពាន​នាគទៅ​ដល់ស្ពាន​ផ្លូវ​វាង​ក្រុង ​។ ​ដំណាក់​កាល​ទី២ ចាប់​ផ្ដើម​​ពី​ស្ពាន​វាង​ក្រុងទៅភូមិ​ចុង​ស្រុក​​សង្កាត់​សៀមរាប​ និង​ដំណាក់កាល​ទី​៣ ចាប់​ពី​ស្ពាន​​នាគ​ដល់ស្ពាន​រ៉ោ​ក​រ៉ា​ក​ក្នុង​សង្កាត់​ស្ល​ក្រាម ។

អភិបាលរង​ក្រុង​សៀមរាប​លោក​អឿ​ន ពៅ បាន​ថ្លែងប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈថា សំណង់​​​​មិន​រៀបរយ​សង់​នៅ​លើ​ដី​ចំណី​ស្ទឹង​ដែល​គ្រោង​នឹង​ធ្វើការ​ជម្លៀស​ចេញនោះ ​មាន​ចំនួន​រហូត​ដល់​ជាង​១.៥០០គ្រួសារ ដោយ​ដំណាក់​កាល​លើក​ទី​១ នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ចុងខែកុម្ភៈ ឆ្នាំ២០១២​ ខាង​មុខត្រឹម​ស្ពាន​នាគទៅ​ដល់​ស្ពាន​ផ្លូវ​វាង​ក្រុង ។

លោក​បាន​បញ្ជាក់ថា ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជម្លៀសចេញ​ទាំងនោះ ​នឹង​​តម្រូវ​ឱ្យទៅ​រស់នៅ​ក្នុង​​កន្លែង​ប្រមូលផ្ដុំ​មួយ​ក្នុង​សង្កាត់​សំបួរ​ ប៉ែក​ខាង​លិច​ឆៀង​ខាងត្បូង​ក្រុងសៀមរាប ដែល​អាជ្ញាធរ​បានរៀបចំ​ជា​គោ​លនយោបាយ​ជូន គឺ​មួយ​គ្រួ​សារបាន​ទទួល​ចំណែក​ដី​ស្មើ​ៗ​គ្នា​ ​ទំហំ៧​ម៉ែត្រ​គុណ១៥ម៉ែត្រ សម្រាប់​សង់​លំនៅ​ឋាន​ថ្មី បូក​រួម​ទាំង​ថវិកា​ខ្ពស់​បំផុត​៤ពាន់ដុល្លារ​អា​មេ​រិ​ក​ទៅតាម​ទំហំ​ផ្ទះរបស់​ពួក​គាត់​ ។

ទាក់ទិន​​នឹង​គម្រោងការ​កែ​លម្អ​ស្ទឹង​ប្រវត្ដិ​សាស្ដ្រ​សៀមរាប​ដូច​គ្នា​នេះដែរ ​អភិបាល​រង​ខេត្ដសៀមរាប​លោក​ប៊ុ​ន​ ថាឫ​ទ្ធិ បាន​បញ្ជា​ក់​ថា ​គម្រោងការ​ជម្លៀស​ប្រជាពលរដ្ឋ​ពីលើ​ដី​ចំណី​​ស្ទឹង ​និងធ្វើការ​ស្ដា​រស្ទឹង​ឡើង​វិញ​នោះ​ រដ្ឋា​ភិបាល​មាន​កញ្ចប់​ថ​វិកា​រួច​ហើយ ចាំតែ​អនុវត្ដ​​ប៉ុណ្ណោះ សម្រាប់យក​ដី​ទាំងនោះ​មក​ស្ថាបនា​ផ្លូវ​ចាក់​កៅស៊ូ និង​សួនច្បារ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​​អនុវត្ដ​​​«កម្មវិធី​ទីក្រុង​ស្អាតរ​មណី​យ​ដ្ឋា​ន​​ស្អាត»​ក្នុង​ការ​ទាក់ទាញ​អារម្មណ៍ភ្ញៀវ​ទេស​ចរ​​ ​ដែល​កំពុង​តែ​មាន​សក្ដានុពល​នា​ពេល​ ប​ច្ចុ​ប្បន្ន​​នេះ ជា​ពិសេស​ធ្វើការ​ស្ដា​រនិង​ពង្រីក​ពោះ​ស្ទឹង​ឡើង​វិញ ដើម្បី​បញ្ចៀស​បាន​នូវជំនន់​លិច​លង់​​ដោយសា​រទឹកធ្លាក់​មក​ពី​តំបន់​ប៉ែក​ខាង​លើ​ៗ​នៃ​ក្រុង​នេះ ​។

ស្ទឹង​ប្រវត្ដិសាស្ដ្រ​សៀមរាប​មាន​ប្រភព​ចេញ​ពី​​ភ្នំ​គូលែន​ហូរ​កាត់​លិ​ង្គ​មួយ​ពាន់​ដែល​ព្រះរាជា​សម័យ​មុន​បាន​កសាង​ទ្បើ​ង​ក្នុង​ការ​ច្រោះ​ទឹក​ធម្មតា​ទៅ​ជា​អម្រឹត​តាម​ជំនឿ​សាសនា ហូរ​ឆ្លង​កាត់​ស្រុក​ចំនួន​ពីរ​រួម​មានស្រុក​បន្ទាយស្រី​នឹង​ស្រុក​​​អង្គរធំនិង​ពុះ​ទីក្រុង​ទេសចរណ៍​សៀមរាប​ជា​ពីរ​ គឺ​ខាង​កើត​និង​ខាងលិច​មុន​នឹង​ហូរ​ចាក់​ទៅ​ក្នុង​​​ទន្លេសាប ​។

ពី​ដើម​ឡើយ​ស្ទឹង​នេះ​មាន​ទឹកថ្លា​ឆ្វង់​មើល​ឃើញ​​បាតដី ប៉ុន្ដែ​បច្ចុប្បន្ន​ត្រូវ​បាន​បំពុល​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​សំណង់​រាប់​ពាន់ខ្នង​ខាងលើ​បូក​​រួម​ទាំង​ការ​បង្ហូ​រទឹក​សំអុយ​ពី​សណ្ឋាគារ ​ភោ​ជ​ណី​​យ​ដ្ឋា​ន ផ្សារ​លក់ដូរ​មួយ​ចំនួន ជា​ពិសេស​សកម្ម​ភាព​បូម​ខ្សាច់​នៅ​ផ្នែក​ខាងលើ​ៗ​ផង​ដែរ​បាន​ធ្វើ​ឱ្យ​ទឹក​ស្ទឹង​ប្រែក្លាយ​ពី​ថ្លា​មក​ល្អក​់ដូច​ទឹក​បាយ​ និង​មាន​សំរាម​​អណ្ដែត​ត្រៀបត្រា​ពេញ​ផ្ទៃ​ទឹក​​មើលទៅ​គួរ​ឱ្យ​រអើម​មិន​ចង់ទៅ​ក្បែរ និង​ប​ង្កើ​តជា​ហានីភ័យ​ជា​ច្រើន​ដល់​ក្រុង​ទេស​ចរណ៍​​ប្រវត្ដិសាស្ដ្រ​មួយ​នេះផង​ ។

កាលពី​អំឡុង​ឆ្នាំ​២០១១ កន្លង​ទៅ​ក្រុង​ទេស​ចរណ៍​សៀមរាប​ បាន​រង​នូវ​ការ​វាយប្រហារ​ផ្ទួន​ៗ ពី​ជំនន់​ទឹកស្ទឹង​រហូត​ដល់​ទៅ៣ដងដែល​បណ្ដាល​ឱ្យ​មានការ​ប៉ះពាល់​ និង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់ ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សង្គម​ និង​គំរាម​កំ​ហែង​យ៉ាង​ខ្លាំងក្លា​ដល់​ប្រាង្គ​ប្រាសាទបុរាណ​មួយ​ចំនួន​ផង​ដែរ ។ មូលហេតុ​ចម្បង​នៃ​គ្រោះ​ទឹកជំនន់​ពន្លិច​ក្រុង​សៀម​រាប​ដ៏មាន​សក្ដានុពល​នេះ ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា ​បណ្ដាល​មក​ពី​ស្ទឹង​សៀមរាប​ដែល​​​មាន​ភារកិច្ច​ដ៏​សំខាន់​ក្នុង​ការ​នាំ​ទឹក​ពី​តំបន់​​ភាគ​ខាងលើ​ៗ​ចុះ​ទៅក្នុង​បឹង​ទន្លេសាប ​ត្រូវ​បាន​រំខាន​ដោយសារ​សំណង់​រាប់​ពាន់​ខ្នងធ្វើ​ឱ្យកន្លែង​​ខ្លះ​រួម​តូច​ស្ទើ​រតែ​លោត​ឆ្លង​កាត់​បាន ។

ថ្វីបើ​យ៉ាងនេះ​ក៏ដោយ​ស្ដ្រី​ម្នាក់​សូម​មិន​បញ្ចេញ​​ឈ្មោះ​ដែល​មានផ្ទះ​នៅ​លើ​ដី​ចំណី​ស្ទឹង​សៀមរាប​នោះ ​បាន​និយាយ​ថា ​គាត់​មក​រស់នៅ​ទី​នេះ​តាំងពី​ឆ្នាំ​១៩៧៩​​ម៉្លេះ ហើយ​ពេល​នេះ​គាត់​បាន​ទទួល​ព័ត៌មាន​ថា ​អាជ្ញាធរនឹង​បណ្ដេញ​ពួក​គាត់​ចេញធ្វើ​ឱ្យ​គាត់​មានការ​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លាំង​ព្រោះ​មិនចង់ទៅ​រស់នៅ​ឆ្ងាយ​ពី​ក្រុងគ្មាន​កន្លែង​រកស៊ី​នោះ​ទេ​ ណាមួយ​ឆ្ងាយ​ពីសា​លា​កូន​រៀន​ទៀតផង​​ ​។
ក្រុម​មន្ដ្រី​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​តាមដាន​ទៅ​លើ​ប្រជាពលរដ្ឋ​ ដែល​រស់​តាម​បណ្ដោយ​មាត់​​ស្ទឹងនោះ​បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​អា​ជា្ញ​ធរខេត្ដ​ក្នុង​ការ​អភិ​វឌ្ឍ​​ទីក្រុងសៀម​រាប​មួយ​​នេះ​ឱ្យ​មាន​​សោ​ភ​័ណភាព​កាន់តែ​ប្រសើរ​ ដើម្បី​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ។ ទន្ទឹម​គ្នា​នោះ​ពួក​គេ​បាន​ទ​ទូច​ដល់​អាជ្ញាធរ​សូមកុំឱ្យ​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​ហិ​ង្សា​ដូច​មាន​​ករណី​កើត​ឡើង​កន្លង​ទៅ ព្រោះ​ប្រជាពលរដ្ឋ​ទាំងនោះ​សុ​ទ្ធ​ជា​ខ្មែរ​ដូច​គា្ន ​​ត្រូវ​តែ​ដោះស្រាយ​ដោយ​សន្ដិវិធី ។

លោកសួ​ស ណា​រិ​ន​ មន្ដ្រី​ស៊ើបអង្កេត​របស់​សមាគម​​ការពារ​សិទ្ធិ​មនុស្ស«​អា​ដ​ហុ​ក»ប្រចាំ ខេត្ដសៀមរាប ​បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​​នេះ​ថា  ​ខាង​សង្គម​ស៊ី​វិល​យល់​ឃើញ​ថា​ការ​រស់នៅលើ​ដីចំណីស្ទឹង​នេះពិតជា​បាន​បំពុល​បរិស្ថាន​អីុ​ចឹង​មែន ប៉ុន្ដែ​កាតព្វកិច្ច​រដ្ឋ​ក្នុង​ការ​ឱ្យ​ប្រជាពលរដ្ឋ​ចាកចេញពី​តំបន់​នោះ ​គួរ​មាន​គោល​ដៅ​ដោះស្រាយ​គោលនយោបាយ​ឱ្យ​បាន​ជាក់លាក់​ មាន​រៀបចំ​ហេ​ដ្ឋារចនា​សម្ព័​ន្ធ​សង្គម រួម​​មាន ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព​បាន​រួចរាល់​មុន​នឹង​ឱ្យ​ពួក​គាត់​ទៅ​រស់នៅ​តំបន់​ថ្មី​នោះ ទើប​ប្រសើរ​ ។

លោក​បាន​បន្ថែម​ថា ក្នុង​នាម​សង្គម​ស៊ី​វិល​សូម​ជំរុញ​ដល់​អា​ជា្ញ​ធរ​រៀបចំ​គម្រោងការ​ជម្លៀស​នោះ​ឱ្យ​បាន​ឆាប់រហ័ស​មុន​រដូវភ្លៀង​ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់នោះ​ ​​មាន​សិទ្ធិ​តាំងទី​លំនៅ​ថ្មី​​​ឱ្យបាន​សមរម្យចៀស​វាង​បណ្ដេញ​ចំ​ពេល​ខែ​ភ្លៀង​ធ្លាក់ ដែល​នាំ​ឱ្យ​មានការ​លំបាក ​ធ្ងន់​ធ្ងរ ៕