ខេត្តកំពង់ឆ្នាំង ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី៤ កុម្ភៈ មានរៀបចំពិធីត្រួតពិនិត្យចំនួនទ័ព-គ្រឿងបំពាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីជួន ជឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកវរសេនីយ៍ឯក ញ៉េប សុខសាន្ត នាយរងការិយាល័យបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យចំនួនទ័ព-គ្រឿងបំពាក់។ អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកវរសេនីយ៍ទោម៉ៅ ឆុន ជំនួយការលោកឧត្តមសេនីយ៍ នាយរងសេនាធិការចម្រុះ លោកវរសេនីយ៍ទោ ជា សារាយ នាយផ្នែកបូកសរុប និងកម្លាំងកងរាជអាវុធហត្ថជាច្រើនរូបទៀត ។
លោកវរសេនីយ៍ឯកញ៉េប សុខសាន្ត បានលើកឡើងថា យោងតាមបទបញ្ជាលេខ០១-២០១២ ចុះថ្ងៃទី២៤ មករា ឆ្នាំ២០១២ ស្តីពីការត្រួតពិនិត្យកងទ័ព-គ្រឿងបំពាក់ ថ្ងៃនេះក្រុមការងាររបស់លោកបានចុះត្រួតពិនិត្យចំនួនកងទ័ពក្នុងអង្គភាពកងរាជអាវុធហត្ថខេត្ត និងតាមស្រុក-ក្រុងទាំង៨ សំដៅឱ្យមានតុល្យភាពប្រសិទ្ធភាពត្រឹមត្រូវ តាំងពីចំនួនកងទ័ព គ្រឿងបំពាក់ផ្សេងៗជាដើម និងជាច្រើនមុខ ហើយសង្ឃឹមថា នឹងមានកិច្ចសហការល្អ ពីគ្រប់បណ្តាអង្គភាព ។
លោកឧត្តមសេនីយ៍ត្រីជួន ជឿន មានប្រសាសន៍ថា នេះជាកិច្ចខិតខំប្រឹងប្រែងរបស់មេបញ្ជាការកងយោធពលខេមរភូមិន្ទក៏ដូចជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឱ្យច្បាស់ពីចំនួនកងទ័ពពិតប្រាកដសម្រាប់ការពារបូរណភាពទឹកដី ។ លោកក៏បានផ្តាំផ្ញើដល់កម្លាំងកងរាជអាវុធហត្ថខេត្ត-ស្រុក-ក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានទទួលជោគជ័យ និងត្រូវចេះស្រឡាញ់សាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ ហើយពិសេសទៀតនោះគឺសាមគ្គីគ្នាបង្ក្រាបរាល់បទល្មើសផ្សេងៗ ដូចជាបទល្មើសព្រៃឈើ ជលផល និងបទល្មើសព្រហ្មទណ្ឌជាដើម ៕
ចែករំលែកព័តមាននេះ