ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារធ្លាក់ពីលើដើមត្នោតកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ កុម្ភៈ នៅជិតលំនៅឋានរបស់ខ្លួន ស្ថិតក្នុងភូមិកំពង់ក្តារ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខណៈឡើងដាក់ទឹកត្នោត។
បុរសរូបនេះឈ្មោះនីម វុន អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។ បើតាមក្រុមគ្រួសារដែលបានដឹកបុរសរងគ្រោះមកកាន់មន្ទីរពេទ្យនិយាយឱ្យដឹងថា បុរសរូបនេះបានសុំដើមត្នោតអ្នកជិតខាង ដើម្បីឡើងយកទឹកជាយូរខែហើយ ។ នៅថ្ងៃកើតហេតុរូបគាត់បានឡើងដើមត្នោតដូចសព្វដងដែលមានកម្ពស់ជាង១០ម៉ែត្រ ប៉ុន្តែទើបឡើងបានកម្ពស់ប្រមាណជាង៥ម៉ែត្រ ស្រាប់តែបាក់កាំបង្អោងធ្លាក់មកដីតែម្តង ។ ប្រភពដដែលបានបន្តថា ពេលធ្លាក់មកនោះជើងខាងឆ្វេងបានរះនឹងកាំបង្អោងបណ្តាលឱ្យដាច់រយះកំភួនជើងខាងឆ្វេងរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ។
គេសង្កេតឃើញថា មុខរបរឡើងត្នោត គឺផ្សងនឹងគ្រោះថ្នាក់ខ្លាំងណាស់ ហើយអ្នកដែលរងគ្រោះដោយធ្លាក់ពីលើដើមត្នោតតែងកើតមានជាញឹកញាប់៕
ចែករំលែកព័តមាននេះ