ខេត្តកំពង់ចាម ៖ តាចាស់ម្នាក់ឈ្មោះសាំង ប៉ាក់ អាយុ៨២ឆ្នាំ រស់នៅភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម បានត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរអាង ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៥ កុម្ភៈ ២០១២ ពីបទចាប់រំលោភស្រ្តីមិនគ្រប់ទឹកអាយុ៣០ឆ្នាំម្នាក់ រហូតបានសម្រេចនៅព្រៃរបោះមួយកន្លែង ស្ថិតក្នុងឃុំរអាង ស្រុកកំពង់សៀម ។
លោកអនុសេនីយ៍ឯក ចក់ សុខកៅ អធិការរងនគរបាលស្រុកកំពង់សៀម ទទួលផែនយុត្តិធម៌បានឲ្យដឹងថា នៅវេលាម៉ោងជា៨ព្រឹកថ្ងៃទី៥ កុម្ភៈ នោះ ខណៈស្ត្រីខាងលើកំពុងដើរនៅតាមផ្លូវម្នាក់ឯង តាចាស់រូបនេះក៏ជិះកង់មកតាមពីក្រោយដែរ ។ ពេលមកដល់ជួបគ្នា តាចាស់សាំង ប៉ាក់ ក៏បានលួងលោមហៅនាងចូលទៅក្នុងដីចម្ការរបស់ឈ្មោះផល ដែលមានចម្ងាយប្រហែលជា៦ម៉ែត្រពីផ្លូវលំនៅក្នុងភូមិជាកន្លែងស្ងាត់ រួចក៏ចាប់រំលោភសេពសន្ថវៈ ។ បន្ទាប់មកមានប្រជាពលរដ្ឋដែលទៅដើររកអុសក្នុងព្រៃ ឮសូរសំឡេងស្រែកថា «តាឯង! ម្តេចធ្វើអ៊ីចឹង» ក៏ដើរទៅមើលឃើញ ចំណែកតាចាស់រូបនេះក៏ប្រញាប់ប្រញាល់ទាញកង់ជិះគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ឃាត់ជាប់ ។ បន្ទាប់មក ម្តាយស្ត្រីរងគ្រោះបានមកនាំតាចាស់ចេញមកផ្លូវថ្នល់ រួចទូរស័ព្ទប្តឹងលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំរអាង ឲ្យជួយអន្តរាគមន៍នាំយកជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី ប៉ាក ជាតិ អធិការនគរបាលស្រុកកំពង់សៀមបានឲ្យដឹងដែរថា តាមការឆ្លើយសារភាពរបស់តាចាស់ខាងលើ គឺរូបគាត់ពិតជាបានលួងលោមស្រ្តីដែលមានសតិមិនគ្រប់នេះរំលោភសេពសន្ថវៈ ប្រាកដមែន ។ នារសៀលថ្ងៃដដែល តាចាស់រូបនេះត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញបែបបទបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត៕
ចែករំលែកព័តមាននេះ