ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមេម៉ាយ​​ម្នាក់ត្រូវ​គេ​ដុត​ខ្លោច​ក្នុង​ភ្នក់​ចំបើង

14 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ស្រ្តីមេម៉ាយម្នាក់ត្រូវគេ​ដុត​ខ្លោចខ្មៅរលពាក់កណ្តាលខ្លួន​ស្លាប់​យ៉ាង​ខ្លោចផ្សាក្នុងភ្នក់ចំបើងគួរឲ្យរន្ធត់ និងអាណោធ​អាធ័មបំផុត ដែល​សង្ស័យថា ត្រូវ​គេ​​ចាប់​រំលោភ​​រួច​សម្លាប់បំបិទភស្តុតាង។ សព​​ត្រូវគេ​ប្រទះ​ឃើញ​កាលពី​វេលាម៉ោង​៣និង៣០​នាទី​រសៀល​​ថ្ងៃទី​៥ កុម្ភៈ ២០១២ ស្ថិត​ក្នុង​ភូមិ​ស្រែ​ក្រសាំង ឃុំស្រែងក្រសាំង ស្រុក​សៀមបូក។

ប្រភពពីអ្នកភូមិស្រែក្រសាំងបាននិយាយថា ស្រ្តីម្នាក់នេះមិនដែលមានបញ្ហាជាមួយអ្នកភូមិ​ណាម្នាក់ទេកន្លងមក។ មុនថ្ងៃកើតហេតុ១ថ្ងៃ មាន​កម្មវិធីរាំរែកអង្គាសបច្ច័យកសាងវត្តស្រែ​ក្រសាំង។ ស្រ្តីរងគ្រោះក៏បានទៅលេង​កម្សាន្ត​ក្នុង​កម្មវិធីនោះដែរ តែក្រោមមកទៀត​គេបាន​ឃើញស្រ្តីរងគ្រោះទៅទិញពងទាកូន​យក​ទៅ​ផ្ទះ។

ស្ត្រីរងគ្រោះឈ្មោះវ៉ាង កង អាយុ៣១ឆ្នាំ រស់​នៅភូមិ-ឃុំកើតហេតុខាងលើ ​។ ​ស្ត្រី​ឈ្មោះ​វ៉ាង កុល ត្រូវ​ជា​បង​បាន​ឱ្យ​ដឹង​ថា ​នៅ​ម៉ោង​១០​យប់​ពេលចេញពី​រាំត្រឡប់​ទៅផ្ទះ​ស្រ្តីរងគ្រោះ​បាន​ដើរទៅ​ទិញពងទាកូនផ្ញើម្តាយ តែស្រាប់តែ​ទៅបាត់​រហូត​ លុះព្រឹកឡើង​បាន​ដើរ​រក​តាម​រយៈ​អ្នកស្គាល់គ្នាក្នុងភូមិតែគ្មានដំណឹង។ រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀល​ ក៏​ប្រទះ​ឃើញ​ស្លាប់​នៅ​កណ្តាលវាលស្រែ​ក្នុង​ភ្នក់ចំបើង​​ទៅ​វិញ។ នៅ​កន្លែងកើតហេតុបានឃើញពងទាកូន​ស្ងោរ និង​ឃើញ​មាន​ស្នាម​​អូស​ចេញពី​ខ្ទម​១​ចម្ងាយ​​១០០​ម៉ែត្រ​​ពីកន្លែង​កើត​ហេតុ ។

ទោះបីបែបណាមិនទាន់មានការបញ្ជាក់​ពី​សមត្ថកិច្ចអំពីតម្រុយនៃការស្លាប់របស់ស្រ្តី​រង​គ្រោះនេះនៅឡើយទេ តែមន្ត្រីនគរបាល​ព្រហ្ម​ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេតកំពុង​ស្រាវ​ជ្រាវ​យ៉ាងសកម្មក្នុងករណីឃាតកម្មនេះ៕