ខេត្តព្រះវិហារ ៖ ប្រាសាទព្រះវិហាររបស់ខ្មែរនារដូវប្រាំងក្នុងខែកុម្ភៈ ឆ្នាំ២០១២នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិបានទៅទស្សនាជាប្រចាំមិនដាច់ ។ មន្ដ្រីអាជ្ញាធរជាតិព្រះវិហារក៏ដូចជាប្រជាពលរដ្ឋខ្មែរក្នុងតំបន់នោះឱ្យដឹងថា នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១១ កន្លងមក ពុំមានភ្ញៀវទេសចរជាតិ ឬអន្ដរជាតិណាម្នាក់ហ៊ានចូលទៅទស្សនាក្នុងតំបន់ប្រាសាទព្រះវិហារនោះទេ ព្រោះការបង្កឡើងនូវភាពភ័យខ្លាចពីសំណាក់កងទ័ពសៀមឈ្លានពានបានប្រើប្រាស់កាំភ្លើងធុនធ្ងន់បាញ់ផ្លោងរាប់ពាន់គ្រាប់ស្រោចមកលើប្រាសាទ ធ្វើឱ្យមានភាពមហន្ដរាយយ៉ាងធ្ងន់ធ្ងរគួរឱ្យសោកស្ដាយបំផុតចំពោះកេរមរតករបស់ខ្មែរដ៏មានតំលៃដែលមិនអាចកាត់ថ្លៃបាន ។
មិនតែប៉ុណ្ណោះ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១១ នោះដោយសារបង្កឡើងពីសំណាក់ទាហានឈ្លានពានសៀមបានធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់នៅតំបន់នោះសម្រេចចាកចោលលំនៅឋានជាច្រើនពាន់គ្រួសារទៀតផងទៅរកទីសុវត្ថិភាព ។ ចំណែករមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រាសាទព្រះវិហារ ក៏ពុំមានភ្ញៀវទេសចរណាម្នាក់ហ៊ានឡើងទៅទស្សនាទេ ដោយសារខ្លាចគ្រាប់កាំភ្លើងផ្លោងរបស់ទាហានសៀមឈ្លានពាន ។
ដោយឡែកនៅក្នុងខែកុម្ភៈ ឆ្នាំ២០១២នេះ គេសង្កេតឃើញនៅលើខ្នងភ្នំដងរែកនៃរមណីយដ្ឋានប្រាសាទព្រះវិហារមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិឡើងទៅទស្សនាប្រាង្គប្រាសាទយ៉ាងច្រើនជាប្រចាំមិនដាច់ ហើយភ្ញៀវទាំងអស់បានទៅធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខនិងថ្លែងថា ពួកគេមានក្ដីរំភើប សប្បាយរីករាយខ្លាំងណាស់ និងមានមោទនភាព ដោយបានឃើញភស្ដុតាងស្នាដៃស្ថាបត្យកម្មរបស់ខ្មែរដែលមានរចនាបថដ៏ប្រណីត ដែលភ្ញៀវទេសចរខ្លះទើបតែបានស្គាល់ប្រាសាទព្រះវិហារជាលើកទី១បានសម្ដែងទឹកចិត្ដសប្បាយរីករាយបំផុត ។
មន្ដ្រីអាជ្ញាធរប្រាសាទព្រះវិហារ បានប្រាប់ កោះសន្ដិភាពថា ចាប់តាំងពីរដូវភ្ជុំបិណ្ឌ ឆ្នាំ២០១១រហូតមកដល់ពេលនេះ មានសភាពខុសប្លែកពីប៉ុន្មានឆ្នាំមុន គឺមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនបានឡើងទៅទស្សនាប្រាង្គប្រាសាទព្រះវិហារមិនដាច់ ពិសេសគឺក្នុងខែកុម្ភៈ ឆ្នាំ២០១២នេះ ភ្ញៀវមានកំណើនច្រើនជាងឆ្នាំមុនៗ ។ មន្ដ្រីដដែលបានបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរនេះស្របពេលតាមបន្ទាត់ព្រំដែនមានសភាពស្ងប់ស្ងាត់ផង ។
សូមបញ្ជាក់ថា ស្ថានការណ៍ព្រំដែនពេលនេះបានវិលមករកភាពស្ងប់ស្ងាត់ឡើងវិញក៏ពិតមែន ប៉ុន្ដែចំពោះច្រកទ្វារដែកនៅទល់មុខគោបុរៈទី៥ ដែលជាច្រកទ្វារទ្វេភាគីកម្ពុជា-ថៃធ្លាប់តែចេញចូលក្នុងការរកស៊ីជាមួយគ្នាមុនថ្ងៃជម្លោះថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ តែត្រូវបានភាគីខ្មែរសម្រេចបិទដោយសារតែការបង្កឡើងពីសំណាក់ភាគីទាហានសៀមនោះមកទល់ពេលនេះក៏នៅមិនទាន់មានការបើកឡើងវិញនៅឡើយទេ ៕





ចែករំលែកព័តមាននេះ