ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី៤ កុម្ភៈ លំនៅឋានមួយកន្លែងបានទុស្សេចរន្តអគ្គិសនីបណ្តាលឱ្យភ្ញាក់ផ្អើលដល់មនុស្សម្នាមកចោមរោមមើលរហូតរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត មកជួយអន្តរាគមន៍ផងដែរ ខណៈពេលមានហុយផ្សែងចេញមកក្រៅដែលធ្វើឱ្យមានការឆោឡោ ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខាងត្បូងផ្សារណាត់ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ។
មន្ត្រីប៉េអឹមក្រុងដូនកែវឱ្យដឹងថា ផ្ទះដែលទុស្សេខ្សែភ្លើងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋមកជួយនិងចោមរោមមើលនេះ ម្ចាស់ផ្ទះឈ្មោះស្រ៊ា ប្រពន្ធឈ្មោះភាព ផ្ទះនេះបែងចែកជា២ ម្ខាងជួលឱ្យគេប្រកបរបរធ្វើធ្មេញ និងម្ខាងទៀតពួកគាត់បើកលក់គ្រឿងទេស និងលក់ប្រេងសាំង ។ មុនមានការភ្ញាក់ផ្អើល គឺមានអ្នកជិតខាងដែលធ្វើដំណើរនៅតាមផ្លូវបានឃើញផ្សែង ហើយស្រែកប្រាប់ម្ចាស់ផ្ទះថា មានផ្សែងខ្មៅហុយចេញពីល្វែងខាងក្រោយ ។ ភា្លាមនោះទើបធ្វើឱ្យមានមនុស្សម្នាមកចោមរោមមើល ស្របពេលនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក៏មកដល់ ប៉ុន្តែមិនទាន់ទាំងបានបាញ់ទឹកផង ក៏ត្រូវម្ចាស់ផ្ទះនិងប្រជាពលរដ្ឋនៅទីនោះនាំគ្នាជួយពន្លត់ទាន់ពេល វេលា ។
មន្ត្រីប៉េអឹមបានបន្តទៀតថា ដើមហេតុដែលបង្កឱ្យមានផ្សែងខ្មៅហុយឡើង គឺបណ្តាលមកពីកៅអីដាក់ធ្មេញឆ្លងចរន្តអគ្គិសនី ហើយទម្រាំតែស្រាវជ្រាវរកប្រភពដើមហេតុឃើញ ម្ចាស់ផ្ទះក៏លស់ព្រលឹងមិនស្ទើរដែរ ។ ប្រជាពលរដ្ឋដែលនាំគ្នាទៅចោមរោមមើលនិយាយថា នេះសំណាងហើយដែលម្ចាស់ផ្ទះរកប្រភពនៃការឆ្លងចរន្តអគ្គិសនីឃើញ និងមានការជួយពីប្រជាពលរដ្ឋដើម្បីពន្លត់ទាន់ពេលវេលា កុំអីផ្ទះ២ជាន់នេះរួមទាំងទ្រព្យសម្បត្តិនៅក្នុងនោះផងត្រូវព្រះអគ្គីលេបត្របាក់អស់គ្មានសល់ឡើយ ហើយក៏សូមសរសើររថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្ត ដែលគ្រាន់តែមានការឆោឡោភ្លាមក៏មកដល់ ។
ក្រុមមន្ត្រីនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តបានអំពាវនាវ សូមឱ្យមានការប្រុងប្រយ័ត្ន ពេលតប្រព័ន្ធខ្សែភ្លើងនៅតាមផ្ទះរបស់ខ្លួនត្រូវតឱ្យបានត្រឹមត្រូវទើបមិនមានករណីឆ្លងចរន្តអគ្គិសនីនេះកើតឡើង ។ ម្យ៉ាងទៀត បើបងប្អូនអុជទៀន-ធូប និងភ្លើងនៅក្នុងចង្ក្រានសូមនៅចាំពេលភ្លើងរលត់អស់សិនចាំចាកចេញ ព្រោះរដូវនេះជារដូវប្រាំងមានភាពរាំងស្ងួតងាយនឹងឆាបឆេះបំផុត ៕
ចែករំលែកព័តមាននេះ