ខេត្តពោធិ៍សាត់ ៖ យុវជនពីរនាក់ស្រវឹងជោកបានជិះម៉ូតូទៅបុកគូថរថយន្តដែលចតស្ងៀមលើចិញ្ចើមផ្លូវ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ឯអ្នកជិះពីក្រោយរងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខខ្លោងទ្វារវិទ្យាល័យបាកានស្ថិតក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី៥ កុម្ភៈ ២០១២ ។
មន្ត្រីប៉ូលិសស្រុកបាកាន បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះមួយគ្រឿងពណ៌ស បើកមកដល់ម្តុំខាងមុខវិទ្យាល័យបាកាន បែកកង់ក៏ចតចោលអែបលើចិញ្ចើមផ្លូវ ខណៈនោះស្រាប់តែមានម៉ូតូម៉ាកឌ្រីមស៊េរី២០០៨ ជិះគ្នាពីរនាក់ បើកមកដល់ចំណុចកើតហេតុក៏ទៅបុកគូថរថយន្តនោះ ពេញទំហឹងបណ្តាលឱ្យរងរបួសតែម្តង ។
ជនរងគ្រោះទាំង២នាក់ម្នាក់ឈ្មោះខឹម ម៉េងហួត ភេទប្រុស អាយុ២៣ឆ្នាំ ស្លាប់នៅនឹងកន្លែង ចំណែកអ្នកជិះពីក្រោយរងរបួសធ្ងន់ឈ្មោះចេន ឡុង ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ៕
ចែករំលែកព័តមាននេះ