ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​​ប្រចណ្ឌ​​ ព្រោះ​មិន​អស់​អាល័យ​​ ប្តី​ដើម​ចាក់​ប្តី​ចុង​មួយ​កាំបិត​​ជាប់​ពោះ​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ​ភ្លើង​ស្នេហ៍​​ ពិតជា​មិន​ធម្ម​តា​មែន កាលណា​​វា​ពុះ​​កញ្ជ្រោល​​ឡើង​​ប្រាកដ​ជា​មិន​អាច​ទប់​កំហឹង​​បាន​ឡើយ និង​ធ្វើ​ឱ្យ​មាន​បញ្ហា​​គ្រប់​វិនាទី​​ ។ ជាក់​ស្តែង​បុរស​ជា​ប្តី​ដើម​បាន​ចាក់​ប្តី​ចុង​​មួយ​កាំបិត​ជាប់​ពោះ​​មិន​អាច​ដក​រួច​​​ព្រោះ​តែ​ភ្លើង​ប្រចណ្ឌ កាលពី​វេលា​ម៉ោង​១០​​​យប់​​ថ្ងៃទី៣ កុម្ភៈ ២០១២ ​​នៅ​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​​ប៉ោយ​ប៉ែត ។

ជន​រងគ្រោះ​ជា​ប្តី​ចុង​​ឈ្មោះ​ហ៊ាន សាវុធ អាយុ​​​២៤​ឆ្នាំ ​​ជា​កម្ម​ករ មាន​ទី​លំនៅ​ក្នុងភូមិ​កើត​ហេតុ​ខាង​លើ ​​ត្រូវជន​​ដៃ​ដល់​ជា​ប្តី​ដើម​ឈ្មោះ​កែវ វុទ្ធី ​អាយុ​២៨ឆ្នាំ ​ចាក់​​ឱ្យ​របួស​​ត្រង់​ពោះ​ខាង​ឆ្វេង​​ នឹង​​កូន​កាំបិត​​ជាប់​ពោះ​តែម្តង ។ ​តាម​ប្រភព​​​ពីអ្នក​ស្រុក​និយាយថា ​ហេតុការណ៍​នេះ​កើត​​ឡើង​ដោយ​សារ​ភ្លើង​ប្រចណ្ឌ​​ គឺ​ប្តី​ដើម​​មិន​អស់​​​អាល័យ​​ ព្រោះ​ស្ត្រី​ជា​ប្រពន្ធ​លួច​យក​ប្តី​ចុង​មួយ​ទៀត រហូត​មាន​ផ្ទៃ​ពោះ​៧​ខែ​ទៀត​ផង។ ​ប្រភព​​បន្ត​ទៀត​ថា ​មុន​​ហេតុ​​ការណ៍​​កើត​​គេបាន​ឮសំឡេង​​ប្តី​ចុង និង​ប្តី​ដើម​ឈ្លោះ​​គ្នា​មុខ​ផ្ទះ​ម្តាយ​ឪពុក​នាង​ជា​ប្រពន្ធ​ ដោយ​បបួល​វាយ​ និង​ចាក់​​គ្នា ហើយ​​មួយ​សន្ទុះ​ក្រោយ​​មក​ក៏​​ផ្ទុះ​​អំពើ​ហិង្សា​តែ​ម្តង​​ បណ្តាល​​ឱ្យ​ប្តី​ចុង​ដេក​ដួល​​នឹង​ដី​​ភ្ញាក់​ផ្អើល​​ដល់​អ្នក​ស្រុក ។ តាម​ការ​ឱ្យ​​​ដឹង​ពីឈ្មោះ​​វឿន វី អាយុ​​២៩​ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​​ជន​រងគ្រោះ​បាន​អះ​អាង​ថា ​នាង​និង​ប្តី​ដើម​ឈ្មោះ​កែវ ​វុទ្ធី បាន​​លែង​លះ​​គ្នា​ជិត​៣​ឆ្នាំ​ហើយ ទើប​​​នាង​យក​ប្តី​ក្រោយ​​ទៀត ។ ទោះ​បីជា​​បែប​​ណា​ជន​ដៃ​ដល់ និង​បក្ស​​ពួក​​ម្នាក់​ទៀត​​ឈ្មោះ​ឌី វុធ ​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោ​យប៉ែត​ ចាប់​ខ្លួន​បាន​កាល​ពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​​ទី​៤ កុម្ភៈ ​២០១២ ​​បន្ទាប់​​ពី​បង្ក​​ហិង្សា​បាន​១​ថ្ងៃ​នៅ​ក្នុង​ភូមិ​កើត​ហេតុខាង​​លើ​។

កែវ វុទ្ធី ​ជា​ប្តីដើម ​បាន​ប្រាប់​​​​នគរបាល​ថា ខ្លួន​នៅ​ស្រឡាញ់​​ប្រពន្ធ ហើយ​​ប្រាប់​​ទៀត​ថា ​ពី​មុន​ខ្លួន​​ និង​ស្ត្រី​​ជា​ប្រពន្ធ​​នៅ​ធ្វើ​​ការ​ ឯ​ស្រុ​កថៃ ហើយ​ខ្លួន​​​ឱ្យ​ប្រពន្ធ​​មក​ស្រុក​ខ្មែរ​ មុន​រយៈ​​ពេល​១០​​ខែ ​គិត​ត្រឹម​ថ្ងៃ​កើត​ហេតុ​ ។ លុះ​ខ្លួន​ត្រឡប់​​មក​ដល់​ប៉ោយ​ប៉ែត​វិញ បែរ​ជា​ឃើញ​ប្រពន្ធ​​​មាន​ប្តី​ថ្មី​​ រហូត​មាន​ផ្ទៃ ពោះ​ទៀត​ផង ទើប​ទ្រាំ​មិន​បាន​ ព្រោះពេលសួរ​នាំ​​ប្តី​​ចុង​គេ​បបួល​កាប់​ចាក់​ ទើប​ខ្លួន​ចាក់​មុន​មួយ​កាំបិត​តែ​ម្តង ៕