ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយ​បង្ក្រាប​​រថយន្ត​ដឹក​ហ្គាស​គេច​ពន្ធ​​ខុសច្បាប់​ទៀត​ហើយ

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ មន្ត្រីជំនាញគយ និង​រដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតសហការ​ជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍​ចុះបង្រ្កាប​រថយន្តដឹកហ្គាសគេចពន្ធនាំចូលពីប្រទេសថៃ​ខុសច្បាប់​ចំនួន​៨​គ្រឿង​សុទ្ធតែ​ម៉ាក​កាមរី​ ហើយ​ការ​ដឹក​គេច​ពន្ធនេះ ​គឺ​ពួកគេ​បូម​ហ្គាស​ដាក់​ក្នុង​រ៉េ​សឺ​វ័រ បន្លំភ្នែក​​សមត្ថ​កិច្ច​ថា រថយន្ត​​ទាំងនេះ​ប្រើ​​ហ្គាស​តែធាតុ​ពិត​ពួកគេ​​យក​ទៅ​បូម​លក់​ឱ្យ​ឈ្មួញ​​ហ្គាស​នៅតាម​ដេប៉ូ ។

តាមការបំភ្លឺពីលោកលឹម វណ្ណនី មន្ត្រីគយ​ឈរ​ជើងនៅមាត់ច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត​បាន​ឱ្យដឹង​ថា ការចុះបង្ក្រាបរថយន្តរបស់ក្រុម​ឈ្មួញ​រកស៊ីដឹក​ហ្គាសគេចពន្ធខុសច្បាប់នេះ គឺ​យោងតាមបទ​បញ្ជារបស់ថ្នាក់ដឹកនាំ​យ៉ាង​តឹង​រឹុងបំផុតឱ្យមន្ត្រីជំនាញគយទាំងអស់ដែល​ឈរ​ជើងប្រចាំច្រក​​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែតខិតខំយក​ចិត្តទុកដាក់ធ្វើ​យ៉ាង​ណា​ជួយទប់ស្កាត់នូវរាល់បទ​ល្មើសគេចពន្ធខុស​ច្បាប់​នេះឱ្យខាងតែបាន ដើម្បី​កុំ​​ឱ្យ​បាត់​ចំណូល​ថវិការដ្ឋតទៅទៀត ។

លោកបន្តថា ក្នុងរយៈពេលពីរថ្ងៃចាប់​ពី​វេលាម៉ោង៦និង៣០នាទី​ល្ងា​ច​ថ្ងៃទី៤ រហូត​ដល់​ល្ងាចថ្ងៃទី​៥ កុម្ភៈ ២០១២ ក្រុមមន្ត្រី​ជំនាញ​គយ​របស់លោកបានឃាត់ចាប់រថយន្ត​ម៉ាក​កាមរី​ដឹកហ្គាសគេចពន្ធខុសច្បាប់​ចូលមក​ពី​ប្រទេស​ថៃតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត សរុប​​មាន​ចំនួន​៨គ្រឿង​ដែលរថយន្តទាំងអស់​នេះ​សុទ្ធ​តែ​ជាមុខសញ្ញាប្រព្រឹត្តល្មើសខុសច្បាប់ ហើយនៅ​ក្នុង​រថយន្តខ្លះមានកែច្នៃធុងហ្គាស (ដាក់​ក្នុង​រ៉េសឺ​វ័រ)​បញ្ចូលគ្នាតែមួយដាក់ក្នុង​រថយន្តពីរទៅបីធុង​ផងដែរ ។ បន្ទាប់មកត្រូវ​បាន​មន្ត្រីជំនាញរបស់​លោកឃាត់ចាប់បញ្ជូនយកមក​រក្សាទុកនៅទី​ស្នាក់ការគយ និងរដ្ឋាករច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយ​ប៉ែត ដើម្បី​ចាត់ការតាមច្បាប់ ៕