តាមប្រភពពីគេហទំព័រ Apple Daily ចេញផ្សាយថ្ងៃទី៣ កុម្ភៈ ឱ្យដឹងថា តារាភាពយន្តជើងចាស់អ្នកស្រី Joan Lin ភរិយារបស់លោក ឈិន ឡុង បានធ្វើពិធីខួបកំណើតគម្រប់៦០ឆ្នាំនៅទីក្រុងតៃប៉ិ កាលពីថ្ងៃទី៣០ មករា កន្លងមក។
ប្រភពបានបន្តថា ថ្វីបើពេលនេះស្វាមីរបស់អ្នកស្រី គឺលោក ឈិន ឡុង និងកូនប្រុសសំណព្វចិត្តគឺលោក ចៃស៊ី ចាន់ (Jaycee Chan)បានបដិសេធមិនប្រាប់ថា កាដូសម្រាប់ជូនអ្នកស្រីក្នុងថ្ងៃខួបកំណើតជាអ្វីក៏ដោយ ក៏ពុំមាននរណាម្នាក់ងឿងឆ្ងល់អំពីកាដូរបស់លោក ឈិន ឡុងដែរ ព្រោះពួកគេសុទ្ធតែជាជនល្បីឈ្មោះនៅលើពិភពលោក ដូច្នេះកាដូនោះពិតជាគ្មានអ្វីសំខាន់ឡើយ ហើយអ្វីដែលសំខាន់នោះគឺគ្រួសាររបស់ពួកគេជួបជុំគ្នាពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គល ។
អ្នកស្រី Joan Lin និងលោក ឈិន ឡុង បានរៀបអាពាហ៍ពិពាហ៍ស្ងាត់ៗនៅទីក្រុងឡូស អេនចឺឡេស សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៨២ ខណៈពេលដែលអ្នកស្រីកំពុងល្បីខ្ទរខ្ទារក្នុងអាជីពសិល្បៈភាពយន្ត ។ ពួកគេមានកូនប្រុសម្នាក់ គឺលោក ចៃស៊ី ចាន់ ដែលបានចាប់កំណើតមុនពេលពួកគេរៀបអាពាហ៍ពិពាហ៍ ។ ចាប់តាំងពីពេលនោះមក អ្នកស្រីក៏បានចូលនិវត្តន៍ពីវិស័យសិល្បៈ ហើយរស់នៅជាជនធម្មតាឆ្ងាយពីក្រសែភ្នែកទស្សនិកជនជារៀងរហូតមក៕


ចែករំលែកព័តមាននេះ