រាជធានីភ្នំពេញ ៖ សពក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ត្រូវព្រះសង្ឃវត្តចំពុះក្អែក ស្ថិតនៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ប្រទះឃើញស្លាប់អណ្តែតទឹកអាងតូចមួយកន្លែងស្ថិតក្នុងបរិវេណវត្តចំពុះក្អែក កាលពីល្ងាចថ្ងៃទី៥ កុម្ភៈ ២០១២ ។
សពក្មេងប្រុសដែលបានប្រទះឃើញខាងលើនេះឈ្មោះគង់ រាស៊ីសត្យា អាយុ៨ឆ្នាំ មានទីលំនៅផ្ទះលេខ១១២ ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ ក្មេងប្រុសរូបនេះត្រូវក្រុមឧក្រិដ្ឋជនចាប់ជំរិតតាំងពីល្ងាចថ្ងៃសៅរ៍ ទី៣ កុម្ភៈ ខណៈពេលកុមារារងគ្រោះចេញពីសាលារៀនឯកជនមួយមិនទាន់ដឹងថា ជាសាលាឈ្មោះអ្វីច្បាស់លាស់នៅឡើយ ។ ប៉ុន្តែប្រភពព័ត៌មានបានបញ្ជាក់ថា ការចាប់ក្មេងប្រុសនេះត្រូវក្រុមឧក្រិដ្ឋជនទូរស័ព្ទមកគំរាមឪពុកម្តាយទារលុយ៣.៥០០ដុល្លារ ជាថ្នូរនៃការដោះដូរក្មេងប្រុសមកវិញ ។
ចំពោះការចរចាគ្នាអំពីទឹកប្រាក់នេះឪពុកម្តាយក្មេងប្រុសបានប្រគល់ឱ្យក្រុមឧក្រិដ្ឋជនតាមការណាត់គ្នាអស់ចំនួន៣.៥០០ដុល្លារ ហើយតែនៅមិនឃើញក្រុមឧក្រិដ្ឋជនដោះលែងកូនប្រុសមកវិញទៀត ។ លុះដល់ល្ងាចថ្ងៃទី៥ កុម្ភៈ ទើបមានដំណឹងថា បានប្រទះឃើញក្មេងប្រុសស្លាប់អណ្តែតទឹកអាងនៅវត្តចំពុះក្អែក ទើបអាណាព្យាបាលទៅពិនិត្យមើលហើយឃើញសពកូនប្រុសស្លាប់យ៉ាងអាណោចអាធ័មបំផុត ។ តាមការសន្និដ្ឋានជាជំហានដំបូងបញ្ជាក់ថា ក្មេងប្រុសខាងលើនេះត្រូវគេសម្លាប់ដោយជ្រមុជទឹកអាងតូចមួយស្ថិតនៅក្នុងបរិវេណវត្តចំពុះក្អែកឪ៕
ចែករំលែកព័តមាននេះ