រាជធានីភ្នំពេញ ៖ លទ្ធផលនៃការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១២ កាលពីរសៀលថ្ងៃសុក្រ ទី៣ កុម្ភៈ កន្លងមកនេះ សម្រាប់ពូល B នៅលើទីលានពហុកីឡដ្ឋានជាតិ ក្រុមបាល់ទាត់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានយកឈ្នះក្រុម ខេត្តកំពត ៦-០ ឯក្រុមក្រសួងការពារជាតិបានយកស្មើ ១-១ ជាមួយក្រុមគិរីវង់សុខ សែនជ័យ ។
ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបប្រកួតបាន២លើកឈ្នះ១ ចាញ់១ ទើបតែរកបាន៣ពិន្ទុ ប៉ុណ្ណោះ ចំណែកក្រុមខេត្តកំពតធ្លាប់ចាញ់២ប្រកួតរួចមកហើយ ។ ការបរាជ័យជាលើកទី២របស់ក្រុមខេត្តកំពត ធ្វើឱ្យក្រុមនេះមានតែផ្លូវហាលអាវច្រើនជាង ។ ចំណែកក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបអាចនៅមានសង្ឃឹមខ្លះព្រោះថា នៅរង់ចាំអ៊ុតមើលការប្រកួតរបស់ក្រុមគិរីវង់សុខ សែនជ័យ ១លើកទៀតសិន ។
ក្រុមគិរីវង់សុខ សែនជ័យ ប្រកួតបាន២លើកឈ្នះ១ ស្មើ១ មាន៤ពិន្ទុ នៅក្នុងដៃហើយ ចំណែកក្រុមក្រសួងការពារជាតិក៏ដូចគ្នាដែរ គឺឈ្នះ១ ស្មើ១ មាន៤ពិន្ទុ ។ ប៉ុន្តែក្រុមសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ជាក្រុមដែលធ្លាប់ទទួលបានតំណែងជាម្ចាស់ជើងឯកក្របខណ្ឌនិស្សិតឧត្តមសិក្សា ឆ្នាំ២០១១ និងជាក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងពូល B ទៀតផង ។ ចំណែកឯការប្រកួតនៅលើទីលានស្តាតចាស់ វិញ ក្រុមណាហ្គាខប យកស្មើ២-២ ជាមួយក្រុមឆ្លាមសមុទ្រ ។ ឯក្រុមខេត្តបាត់ដំបងយកឈ្នះ ក្រុមខេត្តប៉ៃលិន ១-០ ៕
ចែករំលែកព័តមាននេះ