ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុង ​សុវណ្ណ​​ឌឿន ស្មើ​ជាមួយ CHUNYU ឯ ផុន ផាន់​​ណា​​ ​ចាញ់​​​ JETSADA ដោយ​​ពិន្ទុ​​​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លទ្ធផល​​​​នៃការ​​​ប្រកួត​​​ប្រដាល់​​​​នៅ​លើ​​ស្វៀន​​ស្ថានីយទូរទស្សន៍​​ប៉ុស្តិ៍​លេខ៣​ជាលក្ខណៈ​​អន្តរជាតិ​​​ កាលពី​​រសៀល​ថ្ងៃទី​​​​​​​៤កុម្ភៈ ​​កន្លង​មក​នេះ កីឡាករ​​​​ZHANG CHUNYU  ជនជាតិ​​​ចិន ​បាន​​​​យក​​ស្មើ​​​​ជាមួយ​​​ឡុង ​​សុវណ្ណ​ឌឿន ​​មកពី​ក្លឹប​​​សាល​វ័ន្ត​​​​កីឡា ឯPONG THONG JETSADA​ កីឡាករថៃ​ ​យក​ឈ្នះ​​ផុន ផាន់​ណា​ ​​មកពី​​​​ក្លឹប​​​​អប្សរាគុន​​​ខ្មែរ​ ​ដោយ​ពិន្ទុ ។  ​ជើងខ្លាំង​​​ZHANG CHUNYU  មាន​​ស្នៀត​​​​ប្រយុទ្ធ​ល្អ​ ជាពិសេស​​​ស្នៀត​​​​កណ្តាប់​ដៃ​​​​របស់​គេ​ អាច​​វាយ​​ចេញ​បាន​រហ័ស​​​និងចំទិសដៅ​​​​ដៅ​​ល្អ​​ ទៀត​ផង ​។

សុវណ្ណ​​ឌឿន ​ព្យាយាម​​​បញ្ចេញ​​​​ស្នៀត​​​ជើង​​​ទាត់​ចេញ​​​យ៉ាង​រហ័ស​ តែរាល់​​លើក​​​​ត្រូវ​​​​ZHANG CHUNYU ​​ទាត់​​​​​​​សង​​​វិញ​​ ភ្លាមៗ​​​តែម្តង ។  សុវណ្ណ​​​ឌឿន ​បាន​​​រុល​​ចូល​​សាជាថ្មី​​នៅ​​​ទឹក​ទី​​៣​និងទី​​៤ តែ​​​ស្នៀត​​​កណ្តាប់​​ដៃ​​ របស់​ ​​​ZHANG CHUNYU ​ ក៏​អស្ចារ្យ​​​ណាស់​ដែរ​  ​បាន​វាយ​​​​បក​សង​​​វិញ​​យ៉ាង​​​រហ័ស​​បណ្តាល​ឱ្យ​​​ចូលមុខ​សុវណ្ណ​​​ឌឿន ​​​​ពេញៗ​តែ​​​ម្តង​ ។ ក្នុង​​​ការ​ប្រកួត​​​៥​ទឹក​​ពេញ​​ ទាំងកម្លាំង​ស៊ុហ្វ​​និង​ល្បិច​ប្រយុទ្ធ​​គឺ​ប្រហាក់​ប្រហែល​​​​គ្នា​​ ។ នៅទឹក​ទី​៥​​ ​ការវាយ​​ចេញ​​របស់​ ​​ZHANG CHUNYU បាន​​​​ល្អ​ជាង​​​​ ប៉ុន្តែ​​ការ​កាត់​​​​ក្តី​ឱ្យ​​ស្មើ​​របស់​​​​​អាជ្ញា​​កណ្តាល​​​គឺជា​រឿង​​ត្រឹម​ត្រូវ​​បំផុត ។

PONG THONG JETSADA ​បន្ទាប់​ពី​​​បាន​​យក​ឈ្នះ​​​កីឡាករ​​​ជើងខ្លាំង​​កម្ពុជា​​២រូប​​ ​រួចមក​ហើយ​នោះ​​​ ​លើក​​នេះ​​គេ​​បាន​​​ផ្តួល​​​ផុន ផាន់​ណា​ ​​ម្នាក់​ទៀត​​ហើយ ។  នៅ​​ទឹក​ទី១ និង​​​ទី​២ ​ផាន់ណា​​​ ហាក់​ដូច​ជា​​មាន​ការ​​កោត​​ញញើត​​ ​ JETSADA  ខ្លាំងណាស់​​​​ ដូច្នេះ​​​​​​គេ​មិន​ហ៊ាន​​ចូល​​កៀក​​​​ ផ្តេស​ផ្តាស​​​ឡើយ ព្រោះ​​ខ្លាច​​ស្នៀត​​កណ្តាប់​ដៃ​ របស់​​​JETSADA ដែល​​អាចវាយ​​ចេញ​​បាន​លឿន​​ ហើយ​​រហ័ស​ទៀតផង ។

JETSADA ​ធ្លាប់​​បញ្ជូន​​​ស្នៀត​​កណ្តាប់​ដៃ​​វាយ​ផ្តួល​​​​ពេជ្រ​​ សីហា ​មកពី​​ក្លឹប​​​កង​យោធពល​​ខេមរភូមិន្ទ​ ឱ្យ​ចាញ់​​ដោយ​ពិន្ទុ​​រួចម្តង​មក​​ហើយ។   នៅទឹក​ទី​៤និង​ទី​៥ JETSADA ​​មិន​សូវ​​​វាយ​សម្រុក​​​​ទេ​ ប៉ុន្តែ​ផុន ផាន់​ណា  ​ក៏​​មិន​ហ៊ាន​​​ចូល​​កៀក​​​ដែរ គឺគេ​ព្យាយាម​​ទាត់​ចេញ​​​​​ពី​ចម្ងាយ​​​ម្តង​ម្កាល​​ដើម្បី​​​​ទប់​ស្កាត់​​​​ស្ថាន​ភាព​​ឱ្យ​បាន​​​ល្អ​​តែប៉ុណ្ណោះ ។  ​អ្នក​​​​ទស្សនា​​​ភាគ​ច្រើន​​​និយាយ​ថា ​លើក​នេះ​​ផុន ផាន់​ណា​ ​​មាន​ឱកាស​​យក​​ស្មើ​​​ JETSADA គឺជារឿង​​​មិន​ធម្មតា​​​ឡើយ ។

កន ​​ចន្ថា មកពី​​ក្លឹ​ប​​អាជ្ញាធរ​​ជាតិ​​អាវុធគីមី​​​បាន​​យក​ឈ្នះ​​អ៊ឹ​ង ​បូរិន ​មកពី​ក្លឹប​​​គជសារ​​​កីឡា​។   ​​អាំង សំអាត  មកពី​ក្លឹប​​​​តាព្រហ្ម​​​មាន​ជ័យ​ យក​ឈ្នះ​​ខុន ស៊ីចាន់ មកពី​​ក្លឹប​​​​កង​ពល​​ធំ​អន្តរាគមន៍​​ ​លេខ៣​ព្រះ​វិហារ​​ ដោយ​ពិន្ទុ ។ ចាន់ វិបុល ​​មកពី​​ក្លឹប​​ក្រសួង​មហា​ផ្ទៃ​​ ប្រកួត​​​ជា​​លក្ខណៈ​សាកល​​​អាជីព​​យក​ឈ្នះ​​វី សាវុធ ​មកពី​​ក្លឹប​​​ឥន្ទ្រី​​​កីឡា ដោយ​ពិន្ទុ៕