ខេត្តកំពង់ចាម ៖ រថយន្តកាមរីឆ្លាម ស៊េរី ១៩៩៩ ពណ៌ត្រីឆ្លូញ១គ្រឿង បានឆាបឆេះសន្ធោសន្ធៅ ខណៈពេលកំពុងបើកបរធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧ ដល់ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ដោយសារតែឆ្លងចរន្តភ្លើងក្នុងរថយន្ត ។ ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី៤ កុម្ភៈ ២០១២ បន្ទាប់មកត្រូវបានរថយន្ត ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ១គ្រឿងចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់រហូតរលត់ជាស្ថាពរ ។
តាមម្ចាស់រថយន្តឈ្មោះសា លី ភេទប្រុស អាយុ៤៣ឆ្នាំ ជាខ្មែរអ៊ិស្លាម រស់នៅភូមិព្រែកបាក់ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់បានឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តចេញពីក្រុងសួងបានបន្តិច មានស្ត្រី៣នាក់បក់ដៃហៅដោយនឹកស្មានថារថយន្តរបស់គាត់ជារថយន្តឈ្នួល ហើយគាត់ក៏ឈប់ដឹកតែម្តងទៅ ។
ម្ចាស់រថយន្តបានប្រាប់បន្តថា លុះមកដល់ត្រង់ចំណុចភូមិទួលវិហារក្បែរម្តុំស្ពានមាត់ឃ្មង់ ស្រាប់តែធុំក្លិនឈ្ងៀមខុសប្លែកពីធម្មតា គាត់ក៏ឈប់រថយន្តអែបស្តាំដៃ គ្រាន់តែចុះពីលើរថយន្តបានបន្តិច ស្រាប់តែរថយន្តនោះចាប់ផ្តើមឆេះហុយផ្សែងទ្រលោមខ្មួលខ្មាញ់ទៅលើអាកាសតែម្តង ។ ពេលនោះស្ត្រី៣នាក់នោះបានឡើងជិះម៉ូតូឌុបបន្តទៅកាន់ក្រុងកំពង់ចាម ចំណែករូបគាត់បានត្រឹមតែរត់ចេញឈរមើលពីចម្ងាយ ព្រោះមិនមានអ្វីពន្លត់ភ្លើងដែលកំពុងតែឆេះនោះទេ ។ រថយន្តកាមរីឆ្លាមនេះ រូបគាត់បានទិញជាង១ឆ្នាំមកហើយក្នុងតម្លៃ៩.០០០ដុល្លារ សម្រាប់ជិះនៅក្នុងគ្រួសារ តែពេលនេះឆេះខ្ទេចខ្ទីអស់សល់តែគ្រោងឆ្អឹង ដោយសារតែឆ្លងចរន្តភ្លើង។
ចំណែកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជីរោទ៍ទី២បានប្រាប់ឱ្យដឹងដែរថា រថយន្តកាមរីឆ្លាម១ គ្រឿងខាងលើ បានបើកចេញពីកើតមកលិចតាមបណ្តោយផ្លូវជាតិលេខ៧ លុះមកដល់ត្រង់ម្តុំស្ពានមាត់ឃ្មង់ ក៏ស្រាប់តែធុំក្លិនឈ្ងៀមប្លែក ហើយបុរសជាអ្នកបើកបរបានឈប់រថយន្តជាបន្ទាន់ ដើម្បីពិនិត្យមើល ។ ដោយឃើញហុយផ្សែងគាត់ ក៏ប្រញាប់យកទឹកទៅជះ ស្រាប់តែភ្លើងបានឆាបឆេះឡើងតែម្តង ។ ប្រហែលជា២០នាទីក្រោយមក រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ទម្រាំតែរលត់សល់តែគ្រោងឆ្អឹង ប៉ុណ្ណោះ ។ នៅក្នុងហេតុការណ៍នោះមិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ គ្រាន់តែបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវហើយនគរបាលស្រុកបានជួយសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះនោះទេ៕
ចែករំលែកព័តមាននេះ