រាជធានីភ្នំពេញ ៖ សហប្រធាននៃក្រុមមិត្តរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលមានប្រទេសបារាំង និងជប៉ុនបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី៣ កុម្ភៈ បន្ទាប់ពីសាលាក្តីប្រកាសសាលដីកាវិនិច្ឆ័យទោសអតីតមេគុកទួលស្លែងកាំង ហ្គេចអ៊ាវ ហៅឌុច ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ សេចក្តីថ្លែងការណ៍បានសរសេរថា ប្រទេសផ្តល់ជំនួយសូមអបអរសាទរចំពោះការបិទបញ្ចប់ជាប្រវត្តិសាស្ត្រនូវការកាត់ក្តីទីមួយរបស់ អ.វ.ត.ក ពាក់ព័ន្ធ នឹងមន្ត្រីខ្មែរក្រហមម្នាក់ ។ នៅថ្ងៃសុក្រ ទី៣កុម្ភៈ អង្គជំនុំជម្រះតុលាការកំពូលបានប្រកាសសាលដីកាស្ថាពរលើសំណុំរឿង០០១ ប្រឆាំងនឹងកាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរឃុំឃាំង ស.២១ នៅភ្នំពេញ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។
សេចក្តីថ្លែងការណ៍បន្តថា ការសម្រេចក្តីដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះ គឺជាការទទួលស្គាល់យ៉ាងសំខាន់នូវការឈឺចាប់របស់ប្រជាជនកម្ពុជា និងជនរងគ្រោះទាំងអស់ក្នុងរបបខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥-១៩៧៩ ។ នេះគឺជាការបោះជំហានមួយយ៉ាងវែងនៅលើវិថីឆ្ពោះទៅកាន់យុត្តិធម៌ និងការបង្រួបបង្រួមជាតិសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
ប្រទេសផ្តល់ជំនួយមានមោទនភាព ដោយបានចូលរួមនៅក្នុងការខិតខំប្រឹងប្រែងទាំងនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ និងប្រជាជនកម្ពុជា ។ នៅក្នុងឱកាសដ៏ពិសេសនេះ ប្រទេសផ្តល់ជំនួយសូមបញ្ជាក់សាជាថ្មីពីការចង់បានរបស់ខ្លួនឱ្យចៅក្រម និងមេធាវី ក៏ដូចជាបុគ្គលិកជាតិ និងអន្តរជាតិនៃ អ.វ.ត.ក លើកកម្ពស់បទដ្ឋាន និងនីតិវធីច្បាប់ខ្ពស់បំផុត ។ ប្រទេសផ្តល់ជំនួយជឿជាក់ថា ចៅក្រម ព្រះរាជអាជ្ញា មេធាវីការពារក្តី មេធាវីដើមបណ្តឹងរដ្ឋប្បវេណី ព្រមទាំងមន្ត្រីតុលាការទាំងអស់ នឹងបន្តបំពេញបេសកកម្មរបស់ខ្លួនដោយយុត្តិធម៌ និងក្នុងពេលវេលាសមស្រប ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។
លោកគង់ ស្រីុម ប្រធានតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១២ បានប្រកាសផ្តន្ទាទោសដាក់គុកលោក កាំង ហ្គេចអ៊ាវ ហៅឌុច អស់មួយជីវិត បន្ទាប់ពីបានបដិសេធនូវបណ្តឹងសាទុក្ខរបស់សហព្រះ រាជអាជ្ញា និងទទួលយកផ្នែកខ្លះនៃបណ្តឹងសាទុក្ខនេះ ។ ឌុចនឹងត្រូវឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងនៃសាលាក្តីរហូតដល់ពេលណាដែលត្រូវផ្ទេរ និងបញ្ជូនខ្លួនទៅពន្ធនាគារកន្លែងដែលត្រូវអនុវត្តទោសនេះ។
នៅក្នុងឆ្នាំ១៩៦៥ ឌុច បានក្លាយទៅជាគ្រូបង្រៀនផ្នែកគណិតវិទ្យា ហើយមួយរយៈក្រោយមកត្រូវបានចោទថា បានចូលរួមជា មួយបក្សកុម្មុយនីស្ត។ ជននេះត្រូវប៉ូលិសរបស់សម្តេចព្រះនរោត្តមសីហនុ ចាប់ខ្លួនក្នុងឆ្នាំ១៩៦៨ ប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅពេលរដ្ឋប្រហារឆ្នាំ១៩៧០។
ពីខែកក្កដា ឆ្នាំ១៩៧១ ដល់ខែមករា ឆ្នាំ១៩៧៥ ឌុចត្រូវបានចោទថា មានតួនាទីជាប្រធានការិយាល័យទី១៣ ឬ ម-១៣ (គឺជាមន្ទីរសន្តិសុខមួយទៀតរបស់បក្សកុម្មុយនីស្តកម្ពុជា មានទីតាំងនៅភាគខាងជើងទីក្រុងភ្នំពេញ)។ ឌុច បន្តរស់នៅជាមួយខ្មែរក្រហមរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទើបត្រឡប់ធ្វើជាគ្រូបង្រៀនវិញ។
បន្ទាប់ពីមរណភាពរបស់ប្រពន្ធដោយសារអំពើប្លន់នៅឆ្នាំ១៩៩៥ ឌុច បានប្តូរមកកាន់សាសនាគ្រឹស្ត និងបានផ្លាស់ទៅរស់នៅស្រុកសំឡូត រហូតដល់ពេលដែលត្រូវបានប្រទះឃើញដោយអ្នកសារព័ត៌មានមួយរូបក្នុងឆ្នាំ១៩៩៩។ បន្ទាប់មក ឌុច ត្រូវបានចាប់ខ្លួនដោយកងទ័ពកម្ពុជា។
នាវេលាម៉ោង១០ព្រឹកថ្ងៃទី៣ កុម្ភៈ ២០១២ ដូចដែលបានគ្រោងទុក អង្គជំនុំជម្រះតុលាការកំពូលបានប្រកាសសាលដីកាបណ្តឹងសាទុក្ខរបស់អតីតមេគុកទទួលស្លែងលោកកាំង ហ្គេចអ៊ាវ ហៅឌុច អាយុ៧៦ឆ្នាំ។ ឌុចត្រូវបានឆ្មាំនៃមន្ទីរឃុំ ឃាំងនៃសាលាក្តីនាំមកកាន់រង្វង់ក្រចកសេះនៅចំពោះមុខភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងសំណុំរឿង០០១។ ឌុចមិនត្រូវបានចៅក្រមអនុញ្ញាតឲ្យនិយាយសូម្បីតែមួយមា៉ត់ ។ ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ប្រផេះ និងខោពណ៌ខ្មៅជើងវែងនៃបន្ទប់សវនាការអតីតសាស្ត្រាចារ្យគណិតវិទ្យា និងក្រោយមកបានក្លាយទៅជាមេគុកទួលស្លែងឌុចមិនបានបញ្ចេញនូវទឹកមុខភិតភ័យ សូម្បីតែបន្តិចក៏គ្មានដែរ។ ឌុចបានចំណាយពេលជិត២ម៉ោងក្នុងការអង្គុយក្នុងរង្វង់ក្រចកសេះ ដើម្បីស្តាប់ការអានសាលដីកាផ្តន្ទាទោសខ្លួនដោយលោកចៅក្រម គង់ ស្រីុម ប្រធានតុលាការកំពូលនៃសាលាក្តី។ ឌុចបានស្តាប់សាលដីកាដោយយកចិត្តទុកដាក់បំផុត និងបានសំឡឹងទៅកាន់លោកចៅក្រមដោយមិនបានតតាំងអ្វីទេ។
លោកចៅក្រមគង់ ស្រ៊ីម បានប្រកាសថា តុលាការកំពូលនៃសាលាក្តីប្រកាសតែសេចក្តីសង្ខេបសំអាងហេតុ និងសេចក្តីសម្រេចរបស់សាលដីការបស់តុលាការកំពូលប៉ុណ្ណោះ។ សំណុំរឿង០០១ ចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០០៧ មានជនជាប់ចោទឈ្មោះកាំង ហ្គេចអ៊ាវ ហៅឌុច ។
យោងតាមសេចក្តីសំអាងហេតុបានឲ្យដឹងថា សាលាដំបូងនៃសាលាក្តីបានចេញសាលក្រមរបស់ខ្លួននៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១០។ ការដាក់សារណាបណ្តឹងសាទុក្ខជាលាយលក្ខណ៍អក្សរត្រូវបានបញ្ចប់កាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០១១។ សវនាការបណ្តឹងសាទុក្ខបានធ្វើឡើងចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ មីនា ឆ្នាំ២០១១។ រឿងក្តីនេះជាករណីទី១នៅសាលាក្តីដែលមានភាពថ្មីសន្លាង និងមានការស្មុគស្មាញនៃគតិយុត្តិក្នុងទឡ្ហីករណ៍បណ្តឹងសាទុក្ខ។
លោកចៅក្រម គង់ ស្រីុម បានលើកឡើងទៀតថា ជនជាប់ចោទឌុចក្នុងនាមជាអនុលេខា និងក្រោយមកក្លាយជាលេខានៃមន្ទីរ ស.២១ បានចាត់ចែង និងពង្រឹងប្រព័ន្ធគ្រប់គ្រងអស់រយៈពេលជាង៣ឆ្នាំ ដែលបណ្តាលឲ្យមនុស្សចំនួនមិនតិចជាង១២.២៧២នាក់ ដែលក្នុងនោះភាគច្រើនបានទទួលរងគ្រោះដោយការធ្វើទក្ខទោស ធ្វើទារុណកម្មជាប្រព័ន្ធ។ ពេលនោះសាលាដំបូងបានសម្រេចដាក់គុកឌុច៣៥ឆ្នាំ ដោយបានរកឃើញថា ពិរុទ្ធភាពបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនៃការធ្វើទុក្ខបុកមិញ ការធ្វើឲ្យទៅជាទាសករ ធ្វើទារុណកម្ម និងការរំលោភផ្លូវភេទមួយករណី។
ឌុចត្រូវបានរកឃើញថា បានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ រួមមានការធ្វើមនុស្សឃាតដោយចេតនា ការធ្វើទារុណកម្ម ការធ្វើបាបដោយអមនុស្សធម៌ ការបង្កឲ្យមានការឈឺចាប់ដោយចេតនា ធ្វើឲ្យមានរបួសធ្ងន់ធ្ងរដល់រាងកាយ ឬសុខភាព ការដកហូត ដោយចេតនាលើឈ្លើយសឹក ឬជនស៊ីវិលមានសិទិ្ធកាត់ទោស ដោយយុត្តិធម៌ និងទៀងទាត់ និងការឃុំខ្លួនជនស៊ីវិលដោយខុសច្បាប់។ ក្នុងនោះសាលាដំបូងបានកាត់បន្ថយទោសចំនួន៥ឆ្នាំដោយសារតែការឃុំខ្លួនជនជាប់ដោយខុសនីតិវិធីដោយតុលាការយោធាកម្ពុជាពីថ្ងៃទី១០ ឧសភា ឆ្នាំ១៩៩៩ ដល់ថ្ងៃទី៣០ កក្កដា ឆ្នាំ២០០៧ ។
លោកគង់ ស្រ៊ីម បានថ្លែងទៀតថា អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីបានចងក្រងនូវរាល់ពាក្យសម្តីដែលជនជាប់ចោទឌុចបានសុំទោសចំពោះជនរងគ្រោះ និងការទទួលខុសត្រូវរបស់ខ្លួនដាក់នៅក្នុងពេលសវនាការកន្លងមក នៅលើគេហទំព័ររបស់សាលាក្តីជាផ្លូវការក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីសាលក្រមរបស់ខ្លួនចូលជាស្ថាពរ។
លោកគង់ ស្រ៊ីម បន្តថា សម្រេចបដិសេធបណ្តឹងសាទុក្ខមេធាវីការពារក្តីឌុច ចំពោះបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាតុលាការកំពូលសម្រេចទទួលយកផ្នែកខ្លះ។សម្រេចបដិសេធការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងត្រង់បញ្ចូលបទឧក្រិដ្ឋមូលដ្ឋានដទៃទៀតនៅក្នុងការធ្វើទុក្ខបុកម្និញនៅក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលសាលដំបូងបានរកឃើញថា ឌុចជាអ្នកទទួលខុសត្រូវ។
លោកគង់ ស្រីុម បញ្ជាក់ទៀតថា សម្រេចតម្កល់ការដាក់ពិរុទ្ធភាពលើឌុចពីបទធ្វើទុក្ខបុកម្នេញនៅក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ សម្រេចដាក់ពិរុទ្ធភាពបន្ថែមលើឌុចពីបទសម្លាប់រង្គាលរួមបញ្ចូលអំពើមនុស្សឃាត បទធ្វើឲ្យទៅជាឃាតក បទដាក់ក្នុងមន្ទីរឃុំឃាំង បទធ្វើទារុណកម្ម និងអំពើអនុស្សធម៌ដទៃទៀត។ សម្រេចបដិសេធការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបានដាក់ពន្ធនាគារ៣៥ឆ្នាំ។ សម្រេចបដិសេធចំពោះការផ្តល់សំណង ព្រោះរំលោភសិទិ្ធជនជាប់ចោទដែលបណ្តាលមកពីការឃុំខ្លួនខុសនីតិវិធីច្បាប់របស់តុលាការយោធាពីថ្ងៃទី១០ ឧសភា ឆ្នាំ១៩៩៩ រហូតដល់ថ្ងៃទី៣០ កក្កដា ឆ្នាំ២០០៧។
លោកចៅក្រមគង់ ស្រ៊ីម បន្តទៀតថា តុលាការកំពូលសម្រេចផ្តន្ទាទោសលោកកាំង ហ្គេចអ៊ាវ ហៅឌុច ដាក់ពន្ធនាគារអស់មួយជីវិត ដោយគិតចាប់ពីថ្ងៃទី១០ ឧសភា ឆ្នាំ១៩៩៩ តទៅគិតមកទល់នឹងពេលនេះលោកកាំង ហ្គេចអ៊ាវ ទទួលទោសអស់រយៈពេល១២ឆ្នាំ និង២៦៩ថ្ងៃរួចមកហើយ។ សម្រេចបដិសេធបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា និងបណ្តឹងសាទុក្ខរបស់សហមេធាវីក្រុមទី១ ក្រុមទី២ និងក្រុមទី៣ ។
លោកគង់ ស្រីុម បានបន្តទៀតថា តុលាការកំពូលសម្រេចតម្កល់របស់អង្គជំនុំជម្រះសាលាដំបូងត្រង់ចំណុចស្តីពីការចងក្រង និងផ្សព្វផ្សាយតាមគេហទំព័រជាផ្លូវការរបស់សាលាក្តី សេចក្តីថ្លែងសុំអភ័យទោស និងការទទួលស្គាល់នូវការទទួលខុសត្រូវដែលបានធ្វើឡើងដោយឌុចនៅក្នុងពេលសវនាការរបស់អង្គជំនុំជម្រះសាលាដំបូង ព្រមទាំងនៅក្នុងសវនាការនៃរបស់អង្គជំនុំជម្រះតុលាការកំពូល ។
លោកចៅក្រម គង់ ស្រ៊ីម បន្តថា ឌុចធ្លាប់បានលើកឡើងថា រាល់កម្មភាពដែលគាត់ធ្វើនៅក្នុងតួនាទីនៃរបបខ្មែរក្រហមនោះ មិនមានន័យថា គាត់ជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជា ប្រជាធិបតេយ្យទេ។ ទោះបីជាយ៉ាងណាសហព្រះរាជអាជ្ញាបានបដិសេធលើការលើកឡើងរបស់ឌុចដែលថា គ្មានយុត្តាធិការដែលទាក់ទងនឹងយុត្តាធិការបុគ្គលចំពោះសារណាការពាររបស់មេធាវីការពារក្តីរបស់ឌុចមិនបានដាក់ទាន់ពេលវេលា។ ត្រូវបានឃុំខ្លួនអស់រយៈពេល១២ឆ្នាំ បន្ទាប់ពីបានចាប់ខ្លួនកាលពីថ្ងៃទី១០ ឧសភា ឆ្នាំ១៩៩៩ ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយបានឃុំឃាំងនៅតុលាការយោធាក្នុងរាជធានីភ្នំពេញ មុនពេលបញ្ជូនខ្លួនទៅកាន់សាលាក្តីខ្មែរក្រហម ។
លោកគង់ ស្រីុម បានថ្លែងថា តុលាការកំពូលមិនអាចទទួលយកបានទេ ចំពោះសំណងទាំងឡាយណាដែលបានទាក់ទងទៅនឹងហិរញ្ញវត្ថុរបស់ឌុចនោះ ។ បដិសេធបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីរបស់ឌុច និងទទួលយកបណ្តឹងសាទុក្ខ ផ្នែកខ្លះរបស់សហព្រះអាជ្ញា។ ឌុចជាប់គុកអស់រយៈពេល១២ឆ្នាំនិង២៦៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ឧសភា ឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ។
លោកគង់ ស្រ៊ីម បានថ្លែងទៀតថា ឌុចជាជនជាប់ចោទដែលទទួលខុសត្រូវខ្ពស់បំផុតក្នុងចំណោមជនជាប់ចោទទាំងឡាយ។ ពាក្យពេចន៍មេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិតេយ្យចំពោះជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុតសំដៅទៅលើកម្មាភិបាលខ្មែរក្រហមពីរប្រភេទខុសគ្នា ប៉ុន្តែប្រភេទទាំងពីរនេះមានទំនាក់ទំនងគ្នា។ ប្រភេទទី១ គឺមេដឹកនាំខ្មែរក្រហមដែល ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ។
លោកចៅក្រមគង់ ស្រីុម បានបន្តថា ប្រភេទមួយទៀត គឺអ្នកមិនមែនជាមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហម តែជាអ្នកដែលស្ថិតនៅក្នុងចំណោមអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតផងដែរ។ មេដឹកនាំទាំងពីរប្រភេទនេះជាជនសង្ស័យដែលជាកម្មវត្ថុនៃការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌនៅចំពោះមុខសាលាក្តី។ មេធាវីការពារក្តីបានលើកឡើងថា សាលាដំបូងមានកំហុសចំពោះការសម្រេចផ្តន្ទាទោសពុំបានសមស្របដោយសារការខកខានក្នុងការពិចារណាទៅលើមាត្រា៩៥នៃច្បាប់ក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ដែលចែងថាកាលណាបទល្មើសត្រូវបានផ្តន្ទាទោសអស់មួយជីវិតចៅក្រមដែលត្រូវផ្តល់ស្ថានសំរាលទោសអាចប្រកាសដាក់ពន្ធនាគារពីចន្លោះ១៥ឆ្នាំទៅ៣០ឆ្នាំជារយៈពេលកំណត់អតិបរមា ។
តែសហព្រះរាជអាជ្ញាបានលើកឡើងថា មាត្រា៣៩ថ្មីនៃច្បាប់ស្តីពីការបង្កើតសាលាក្តីខ្មែរក្រហមចែងពីរយៈពេលជាប់ពន្ធនាគារពី៥ឆ្នាំរហូតដល់មួយជីវិត។ យោងតាមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ ច្បាប់ស្តីពីការបង្កើតសាលាក្តីខ្មែរក្រហមត្រូវមានអាទិភាព ជាងច្បាប់ព្រហ្មទណ្ឌជាតិក្នុងករណីដែលមានទំនាស់គ្នា។ តុលាការកំពូលបានយល់ស្របតាមការលើកឡើងរបស់សហព្រះរាជអាជ្ញា ៕





ចែករំលែកព័តមាននេះ