ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្តឹងប្តល់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​«កោះ​សន្តិ​ភាព»​ពី​មន្ត្រី​ប៉ូលិស​គប្បី​ប្រើ​ច្បាប់​របប​សារ​ព័ត៌​មាន

14 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ​ ៖ ​​អ្នក​ឆ្លើយ​​ឆ្លង​ព័ត៌​មាន​​កោះ​សន្តិ​ភាព​​ប្រចាំ​ខេត្ត​ឧត្តរ​មាន​ជ័យ ​លោក​ឱម ​សារឿន បាន​ទទួល​​ការ​ប្តឹង​ប្តល់​​ពី​សំណាក់​​មន្ត្រី​ប៉ូលិស​​លោក​កែ សំណេង ជា​អធិការ​​រង​ទទួល​បន្ទុក​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​ ស្រុក​អន្លង់​វែង ​ទាក់​ទិន​​ទៅ​នឹងអត្ថ​បទ​ព័ត៌​មាន​មួយ​ដែល​​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​​១៧ មករា ឆ្នាំ​២០១២ ​កន្លង​មក​នេះ ដោយ​ចោទ​ប្រកាន់​​ថា អត្ថ​បទ​នោះ​​​បាន​​បរិហារ​កេរ្តិ៍​​ និង​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ ។ ទាក់​ទិន​ទៅ​នឹង​​អត្ថ​បទ​​ព័ត៌​មាន​​ស្តីពី​​ការ​ចាប់​កូន​កម្លោះ​​ដាក់​ពន្ធ​នាគារ​​ដែល​បានចេញ​ផ្សាយ​លេខ​៧៤៦៩ ថ្ងៃទី​១៧ មករា កន្លង​មក​នេះ ។ ​អ្វីដែល​មាន​ការ​ចាប​់​អារម្មណ៍​​នោះ គឺ​​ក្រោយ​ការ​ចេញ​ផ្សាយ​មិន​មាន​ប្រតិ​កម្ម​ណា​មួយ​ទាម​​ទារ​ឱ្យ​​មាន​ការ​កែ​​តម្រូវ​​ស្រប​ទៅ​តាម​ច្បាប់​ស្តីពី​របប​សារព័ត៌​មាន​​នោះទេ ​បែរ​ជា​​មាន​បណ្តឹង​​ទៅតុលា​ការ​ ។ ទោះ​បីជា​បែប​ណា​នោះ​ជា​សិទ្ធិ​របស់​​អ្នក​ប្តឹង ហើយ​​រំពឹងថា ​តុលាការ​នឹង​​ចាត់​ការ​​​រឿង​ក្តី​នេះ​​ស្រប​តាម​​ច្បាប់​ស្តី​ពី​របប​​សារ​ព័ត៌​មាន ។

ទាក់ទង​ព័ត៌​មាន​ដែល​​បាន​ចុះ​ផ្សាយ​នោះ​​កោះសន្តិ​ភាព​​​គ្រាន់តែ​បាន​​ដក​ស្រង់​​សម្តី​កូន​កំលោះ​​បំភ្លឺថា ​នៅ​ពេល​សមត្ថ​កិច្ច​ធ្វើ​ការ​​ឃាត់​ខ្លួន​​នោះ​​យោង​ទៅតាម​​ពាក្យ​បណ្តឹង​ខាង​អ្នក​អាណា​ព្យាបាល​ខាង​កូន​ប្រុស​ស្រី​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​បណ្តឹង​ទៅ​លោក​អភិ​បាល​ស្រុក ។​ ​បណ្តឹង​​នេះ​អ្នក​អាណាព្យា​បាល​​បាន​ចោទថា ​វិវាទ​​គ្មាន​​តម្លា​ភាព​​ត្រឹមត្រូវ​តាម​ផ្លូវ​​ច្បាប់​ និង​ពុំ​​មាន​ភាព​​​យុត្តិ​ធម៌​ក្នុង​ការ​ចាប់​​កូន​​កំលោះ​​ដាក់​ពន្ធនាគារ​​ ។ 

ក្នុង​ការ​ផ្សាយ​នោះ​កោះ​សន្តិ​ភាព​ពុំ​ទាន់​បាន​​លើក​មក​និយាយពី​ការ​គំរាម​ទារ​ប្រាក់​​រាប់​ពាន់​ដុល្លារ​ពី​​ម្ចាស់​ដើម​​ការ​​នៅឡើយ​ទេ ​សូម​​លោក​អធិការ​រង​កុំ​តាំង​ខ្លួន​ឯង​ជា​មនុស្ស​ស្អាត​ស្អំ​​ឱ្យ​សោះ​ ដែល​​កោះ​សន្តិ​ភាព​ និង​ហែក​បន្ត​ទៀត​​នៅ​​ថ្ងៃ​ក្រោយ​នូវ​អំពើ​អាក្រក់​​ច្រើ​ន​ទៀត​។

ខាង​ក្រោម​​​នេះ​គឺជា​ការ​ថត​ចម្លង​ពាក្យ​បណ្តឹង​​រប​ស់​អ្នក​អាណាព្យា​បាល​​កូន​កំលោះ​​ដែល​បាន​ដាក់​​ជូន​​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃដែល​កោះ​សន្តិ​ភាព​បាន​ដក​ស្រង់​មក​ផ្សាយ​​ជា​ព័ត៌​មាន​កន្លង​មក​នេះ ។ បណ្តឹង​មួយ​ទៀត​​ក៏​មាន​ការដាក់​ជូន​ដល់​លោក​អភិ​បាល​​ស្រុក​អន្លង់​​វែង​ផងដែរ ៕