ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​រ៉ៃហាត សេដ្ឋីនី​នៅអូស្ត្រាលី​ក្លាយជាអ្នក​មានស្តុក​ស្តម​លើលោក​

14 ឆ្នាំ មុន

ទីភ្នាក់ងារ​​ព័ត៌មាន​បរទេស​​​ផ្សាយឱ្យ​ដឹង​ថា ​​ទស្សនាវ​ដ្តី​​ «ហ្វប់» ​(Forbes) ​បាន​​បង្ហាញ​​​ឈ្មោះ​​បុគ្គល​​ដែលមានទ្រព្យ​សម្បត្តិ​​​​ស្តុក​​ស្តម្ភ​​បំផុត​ក្នុង​ប្រទេស​អូស្ត្រាលី​ដោយបញ្ជាក់​​ថា លោកស្រីជីណា រ៉ៃ​ហាត ​​សេដ្ឋី​នី​អូស្ត្រាលី​​​អាច​​ក្លាយ​ជា​​​ស្ត្រី​​​មានទ្រព្យសម្បត្តិ​​​ច្រើនបំផុត​​នៅ​លើ​​ពិភពលោក ​ក្នុងពេល​ឆាប់ៗ​នេះ ​បន្ទាប់ពីលោក​ស្រី​​បានសន្សំ​ទ្រព្យ​​​ពីការវិនិ​យោគ​​ទុន​ក្នុង​អណ្តូង​រ៉ែ ​បានដល់​ទៅ​១៨.០០០​លានដុល្លារ ។

សេដ្ឋីនីមេម៉ាយ​​អាយុ​៥៧ឆ្នាំរូបនេះ មាន​ទ្រព្យកើន ឡើង​​ជិតទ្វេដង​ ក្រោយពី​កាលពី​ខែកន្លងមក ​លោកស្រី​បានចុះហត្ថលេខាលើ​កិច្ច​​ព្រម​ព្រៀង ​​ឱ្យ​ក្រុមហ៊ុន «ប៉ូស្គូ» ​ជា​ក្រុមហ៊ុន​ដែកថែប​ដ៏ធំ​របស់កូរ៉េ​​ខាងត្បូង​​ដល់ទៅ១៥% ​​នៅក្នុងគម្រោង​ការ​អណ្តូងរ៉ែ​​ដែក «រ៉យ​ ហ៊ីល» ក្នុង​តំបន់​​ពីល​បារ៉ា ​ភាគខាងលិច​ប្រទេស ។​ កិច្ច​ព្រមព្រៀង​​​ខាង​លើ ដែល​មានតម្លៃ១០.០០០​លានដុល្លារ អាចជួយ​បង្កើន​ទ្រព្យ​​របស់​លោកស្រី​​រ៉ៃ ហាត ​​យ៉ាងឆាប់រហ័ស ​​និង​ក្នុងរយ​ៈពេល​ពី២ ទៅ៣​ឆ្នាំខាងមុខ ​​លោកស្រី​​មាន​គម្រោង​​​នឹងពង្រីក​​​គម្រោង​ការ​រ៉ែដែក​ និង​អភិ​វឌ្ឍន៍អណ្តូងរ៉ែ​ធ្យូង​ថ្ម​ចំនួន​២​កន្លែង​ទៀត​។

ប្រសិនបើ​ភាគហ៊ុន​នៅតែ​បន្ត​កើន​ឡើង​​លោកស្រី​​រ៉ៃហាត ​អាចផ្តួល​លោកស្រី​​គ្រីស្ទី ​វ៉ល សុន​​ អតីតភរិយា​​លោកចន វ៉ល​តុន ​ដែលមាន​ទ្រព្យសម្បត្តិ​២៤.៥០០​លានដុល្លារ​ក៏ថាបាន ។​​​ តាម​ទិន្នន័យ​របស់​​ទស្សនាវដ្តី​​បានបញ្ជាក់ថា ​​បច្ចុប្បន្ន​លោកស្រី​រ៉ៃហាត ​ក៏ក្លាយ​ជាស្ត្រី​មាន​ស្តុក​ស្តម្ភ​​បំផុត​នៅក្នុង​​​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក ។ ​លោកស្រី​រ៉ៃហាត ជាកូន​របស់លោកលែង​ហេនខុក អ្នកស្រាវជ្រាវ​​ និង​រុករក​រ៉ែ​ជនជាតិ អូស្ត្រាលី​ ដែលប្រទះឃើញ​​ប្រភពរ៉ែ​ដែកដ៏ធំ ​​កាលពីទស​វត្ស​ឆ្នាំ១៩៥០ ហើយ​ដែលបច្ចុប្បន្ន​កំពុងក្លាយ​ជា​ប្រភព​​ការនាំចេញដ៏ធំបំផុត​របស់​អូស្ត្រាលី ។ ​លើសពីនេះ ​សេដ្ឋីនី​ដែលមាន​រហស្ស​នាម​ថា «ម្ចាស់​ក្សត្រី​ពីល​បារ៉ា» កំពុង​​ចូលកាន់​ភាគហ៊ុនក្នុងក្រុមហ៊ុន​សារព័ត៌មាន​ខ្នាតធំរបស់​អូស្ត្រាលី ​ដោយមានទាំងកាសែត​ និងស្ថានីយ​វិទ្យុ ៕