ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​​​សាន់​​ដេរ​​ង​ការ​​​​ចោទ​​ប្រកាន់​​ពីបទ​​រំលោភ​​លើ​​​កម្ម​​សិទ្ធិ​បញ្ញា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖  អ្នកនិពន្ធទំនុកច្រៀង ប្រចាំផលិតកម្ម KH បានមាន​ប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នកដឹកនាំផលិតកម្មសាន់ដេ ដោយ​លោក ចោទថាបានយកស្នាដៃនិពន្ធទំនុកច្រៀងរបស់ លោកឱ្យទៅអ្នកចម្រៀងអ៊ីវ៉ាច្រៀងដោយមិន​បានសុំការអនុញ្ញាត និងរំលោភលើច្បាប់ស្តីពី​កម្មសិទ្ធិបញ្ញា។

គួរបញ្ជាក់ថា  បទចម្រៀងរបស់តារា​ចម្រៀងអុីវ៉ា ច្រៀងនៅផលិតកម្មសាន់ដេ ហើយ​បង្កឱ្យមានទំនាស់នោះគឺបទ«ស្ងាត់ៗសុំបែក» ដែលជាបទល្បីបំផុតសម្រាប់តារា​ចម្រៀង អុីវ៉ា និងធ្វើឱ្យតារាចម្រៀងរូបនេះ​ទទួលបាននូវភាព​ល្បីល្បាញក្នុងពិភពសិល្បៈផង​ដែរ។

លោក សរ ធារ៉ា អតីតអ្នកនិពន្ធទំនុកច្រៀង​ឱ្យផលិតកម្មហង្សមាស និងបច្ចុប្បន្នជាអ្នក​និពន្ធទំនុកច្រៀងប្រចាំផលិតកម្ម KH បានប្រាប់ កោះសន្តិភាពថា ផលិតកម្មសាន់ដេ បានយក ស្នាដៃទំនុកច្រៀងទាំងស្រុងរបស់លោកដែល បាននិពន្ធនិងច្រៀងដោយខ្លួនឯងកាលពីឆ្នាំ ១៩៩៨ ទៅឱ្យតារាចម្រៀងស្រីអ៊ីវ៉ាច្រៀង​ដោយមិនសុំការអនុញ្ញាតនិងមិនគោរព​សិទ្ធិ​របស់លោកដែលជាអ្នកនិពន្ធ។

លោកសរ ធារ៉ា បានបញ្ជាក់បន្ថែមថា ម្ចាស់​ផលិតកម្មសាន់ដេ មិនគ្រាន់តែមិនទទួល​ស្គាល់​នូវការពិតប៉ុណ្ណោះទេ តែថែមទាំងប្រើពាក្យ​ប្រមាថមើលងាយរូបលោកថែមទៀតផង។ លោកបន្តថា ផលិតកម្មសាន់ដេ បានយកបទ​របស់​លោកទាំងស្រុងទៅឲ្យអុីវ៉ាច្រៀងដោយ​ដាក់​ចំណងជើងថា «ស្ងាត់ៗសុំបែក»។ ប៉ុន្តែ​ផលិតកម្មសាន់ដេបានប្រើស្ទីលប្តូរពីបទដែល​ច្រៀងដោយអ្នកចម្រៀងប្រុស ហើយក្លែងទៅ​ជាបទស្រីច្រៀងទៅវិញ ។ មិនតែប៉ុណ្ណោះគេ​ថែមទាំងយកបទនេះទៅចាក់ផ្សាយតាម​បណ្តាញទូរទស្សន៍ខ្សែកាប ក្នុងកម្មវិធីភាពយន្ត ទៀត ។

លោកសរ ធារ៉ា បានសម្តែងនូវការហួសចិត្ត​ចំពោះទង្វើបែបនេះ ដែលអាចធ្វើទៅរួច​សម្រាប់​ផលិតកម្មសាន់ដេ ។ លោកបញ្ជាក់ថា ​បទ​ចម្រៀងនេះលោកបានយកតាមលំនាំមេឡូឌីថៃ នៅឆ្នាំ១៩៩៨ ហើយមក​និពន្ធទំនុកច្រៀងដោយ​ខ្លួនឯង ច្រៀងខ្លួនឯង និង​ដើរលក់ដោយខ្លួនឯង ។ លោកសរ ធារ៉ា មិនបាននិយាយដល់ការ​ប្តឹងប្តល់តាមផ្លូវច្បាប់នោះទេ ប៉ុន្តែលោកចង់ឲ្យ​ផលិតកម្មសាន់ដេ មានការសម្របសម្រួលឬ ជួបគ្នាដើម្បីពិភាក្សាអំពីបញ្ហានោះព្រោះជាអ្នក​ប្រកបមុខរបរដូចគ្នា ។

ចំណែកលោកឡាយ សុខចំរើន អ្នកគ្រប់​គ្រងផលិតកម្មសាន់ដេ បានឆ្លើយតបថា ប្រសិន​បើលោកសរ ធារ៉ា មានឯកសារគ្រប់គ្រាន់ថាជា​ម្ចាស់បទចម្រៀងនោះគួរតែផ្តល់ឲ្យលោកបាន​ដឹងផង កុំប្រើការផ្សព្វផ្សាយតាមកាសែត​អី។ ប៉ុន្តែលោកសរ ធារ៉ា បានអះអាងថា លោកបាន​ផ្ញើឯកសារតាមសំណូមពរផលិតកម្មសាន់ដេ   ២-៣ដង រួចទៅហើយ តែមិនទទួល​បានផល​វិជ្ជមាននោះឡើយ ៕