ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ឆ្នាំ​ និង​លើក​ទិស​ដៅ​ឆ្នាំ​2012

14 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ ២០១២ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ មាន​ប្រារព្ធ​ពិធី​បិទ​សន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​លើ​គ្រប់​វិស័យ​ប្រចាំ​ឆ្នាំ​ និង​លើក​ទិស​ដៅ​សម្រាប់​ការ​ងារ​ឆ្នាំ​២០១២ រយៈ​ពេល​១​ថ្ងៃ​កន្លះ​​ ចាប់​ពី​ថ្ងៃ​ទី​២ , ៣ ឆ្នាំ២០១២ ​ ក្រោម​អធិបតី​ភាព​លោក​ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ដោយ​អញ្ជើញ​ចូល​រួម​ពី​សមា​ជិក សមា​ជិកា​ ព្រឹទ្ធ​សភា​ រដ្ឋ​សភា រាជ​រដ្ឋា​ភិ​បាល​ អភិ​បាល​ អភិ​បាល​រង​ខេត្ត​ ក្រុម​ប្រឹក្សា​ខេត្ត ប្រធាន​ អនុ​ប្រធាន​ មន្ទីរ​ ស្ថាប័ន​​នានា​ជុំ​វិញ​​ខេត្ត​ កង​កម្លាំង​​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ អស់​លោក​មេ​ឃុំ​ ក្រុម​ប្រឹក្សា​ឃុំ ទូទាំង​ខេត្ត​យ៉ាង​ច្រើន​កុះ​ករ​ ។

លោក​ប្រាជ្ញ​ ចន្ទ​ អភិ​បាល​ខេត្ត​បាន​ថ្លែង​ក្នុង​ឱកាស​បើក​សន្និ​បាត​ដោយ​បាន​ឆ្លុះ​បញ្ចាំង​ និង​ធ្វើ​ការ​សន្និ​ដ្ឋាន​ជា​រួម​នូវ​លទ្ធ​ផល​ការ​ងារ​ និង​សមិទ្ធ​ផល​នៃ​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​របស់​ខេត្ត​ក្នុង​ឆ្នាំ​២០១១​កន្លង​មក​នេះ គឺ​ផ្តើម​ចេញ​ពី​ការ​រួម​ចំណែក​​ក្នុង​ការ​អនុវ​ត្ត​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់​​កាល​​ទី​២ និង​កម្ម​វិធី​កំណែ​ទម្រង់​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្រោម​មគ្គុ​ទេសក៍​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​ឈ្លាស​វៃ​របស់ស​ម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​។ លោក​ប្រាជ្ញ ចន្ទ បាន​សំណូម​ពរ​ដល់​អង្គ​សន្និ​បាត​ទាំង​មូល​ត្រូវ​រួម​គ្នា​ពិនិត្យ​ពិគ្រោះ​ពិភាក្សា​ផ្លាស់​ប្តូរ​ដក​ស្រង់​នូវ​បទ​ពិសោធន៍​​ដែល​ត្រូវ​បំពេញ​អនុវត្ត​ និង​ដោះ​ស្រាយ​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ ហើយ​ក៏​ត្រូវ​លើក​ឡើង​​នូវ​ចំណុច​ខ្លាំង និង​ចំណុច​ខ្វះ​ខាត​ដែលស្តែង​ចេញ​ពី​ការ​ងារ​អនុវត្ត​​ជាក់​ស្តែង​ និង​រួម​គំនិត រួម​គ្នា​ធ្វើ​ដើម្បី​រិះ​រក​វិធី​សាស្ត្រ​ដើម្បី​កំណត់​នូវទិស​ដៅ​សកម្ម​ភាព​សម្រាប់​បន្ត​អនុ​វត្ត​ក្នុង​ឆ្នាំ​២០១២​នេះ​ឱ្យ​កាន់​តែ​ទទួល​បាន​នូវ​លទ្ធ​​ផល​​ល្អ​ប្រសើរ​ថែម​ទៀត​ក្នុង​ការ​ចូល​រួម​អនុ​វត្ត​ដោយ​ជោគ​ជ័យ​ និង​ដើម្បី​ឱ្យ​សម​ស្រប​តាម​គោល​ការណ៍​នៃ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិប​តេយ្យ​ ។

លោក​ស ខេង មាន​ប្រសាសន៍​កោត​សរសើរ​ដល់​អាជ្ញា​ធរ​ និង​កង​កម្លាំង​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្ត​ដែល​បាន​ឆ្លើយ​តប​ភ្លាមៗ​នូវ​សភាព​ការណ៍​នានា​ដែល​បាន​កើត​ឡើង​ និង​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​រាជ​ការ​ជុំវិញ​​ខេត្ត​ឱ្យ​បាន​យល់​ដឹង​អំពី​ច្បាប់​លិខិត​បទ​ដ្ឋាន​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​នឹង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ជំរុញ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​ស្រប​ទៅ​តាម​គោល​នយោ​បាយ​វិមជ្ឈ​ការ​ និង​វិសហ​មជ្ឈ​ការ​របស់​រាជ​រដ្ឋា​ភិ​បាល​ ។ ខិត​ខំ​បន្ត​អនុវត្ត​នូវ​គោល​នយោ​បាយ​ភូមិ​-ឃុំ​មាន​សុវត្ថិ​ភាព​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ។ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បាន​បន​្ត​ទៀត​ថា រដ្ឋ​បាល​គ្រប់​លំដាប់​ថ្នាក់​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ត្រូវ​ត្រៀម​​លក្ខណៈ​ពង្រឹង​​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ ស្ថិរ​ភាព​នយោ​បាយ​ឱ្យ​បាន​ម៉ត់​ចត់​ដើម្បី​ធានា​ និង​បម្រើ​ឱ្យ​​ការ​ងារ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ក្នុង​ឆ្នាំ​២០១២នេះ​ឱ្យ​ទទួល​បាន​លទ្ធ​ផល​​ជោគ​ជ័យ ។

ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក និង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពលរ​ដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ក្នុង​ការ​បំពេញ​បន្ថែម​​ជីវ​​ភាព​រស់​នៅ​របស់​ពួក​​គាត់​តាម​រយៈ​ការ​លើក​ស្ទួយ​វិស័យ​កសិ​កម្ម​ ទេស​ចរណ៍ ការ​ពង្រឹង​បន្ថែម​ប្រព័ន្ធ​ធារា​សាស្ត្រ​ ប្រព័ន្ធ​ផ្លូវ​គមនា​គមន៍​ និង​ការ​ងារ​​អភិវឌ្ឍ​ផ្សេងៗ​ទៀត​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ស ខេង ក៏​បាន​បំពាក់​ស័ក្តិ​ដល់​អភិ​បាល​ស្រុក​គ្រប់​ស្រុក និង​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​អភិ​បាល​រង​ខេត្ត​ ប្រធាន​ការិយា​ល័យ​ សាលា​ខេត្ត និង​ប្រធាន​មន្ទីរ​ទាំង​អស់​ក្នុង​ខេត្ត​ផង​ដែរ​ ៕