រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ចាស់វស្សា ជ័យ កុសល មកពីក្លឹបអាស៊ីកីឡា ជួប វ៉ោយ សុធន មកពីក្លឹបរាជសីហ៍ខេត្តបន្ទាយមានជ័យឯសាន រាជសីហ៍ មកពីក្លឹបសាលវ័ន្តកីឡាជួប ចេង ពន្លក មកពីក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នៅថ្ងៃអាទិត្យ ទី៥ កុម្ភៈ ។ កុសល និងសុធន ថ្វីដ្បិតធ្លាប់បានប្រឡូកនៅលើសង្វៀនជាយូរមកហើយក្តី តែគេទាំង២នាក់មិនធ្លាប់បានសាកកម្លាំងជាមួយគ្នាម្តងណាឡើយ ម្យ៉ាងវិញទៀត ល្បិចប្រយុទ្ធនៅលើសង្វៀនរវាងគេទាំង២នាក់ក៏មិនដូចគ្នាដែរ ។ កុសលល្អស្នៀតកណ្តាប់ដៃ និងស្នៀតកែង ហើយបើនិយាយពីកម្លាំងស៊ុហ្វវិញក៏ខ្លាំងណាស់ដែរ ប៉ុន្តែពេលនេះអាចចុះខ្សោយជាងមុនបន្តិចហើយ ។
ស្នៀតកណ្តាប់ដៃរបស់កុសល អាចវាយចេញបានត្រង់ល្អ ហើយខ្លាំងទៀតផង ឯស្នៀតកែងរបស់គេក៏វាយចេញបានរហ័ស និងគួរជាទីទុកចិត្តណាស់ដែរ ។ ចំណែកសុធន វិញពូកែស្នៀតកែង និងជង្គង់ តែមួយរយៈមកនេះមិនសូវល្អដូចមុនទៀតឡើយ ម្យ៉ាងសុធន វាយជាប្រយោលល្អជាងចូលកៀក ។ បើនិយាយទៅគូនេះមានល្បិចប្រយុទ្ធមិនដូចគ្នាទេ ដូច្នេះមិនអាចមានអ្នកណាទាយទុកមុនពីលទ្ធផលចុងក្រោយបានឡើយ ។
សាន រាជសីហ៍ និងចេង ពន្លក សុទ្ធតែជាអ្នកប្រដាល់ជើងថ្មីដូចគ្នា ហើយបើនិយាយពីល្បិចប្រកួតនៅលើសង្វៀនគឺប្រហាក់ប្រហែលគ្នាតែម្តង ។ សាន រាជសីហ៍ ល្អស្នៀតជើង និងជង្គង់ តែរាល់ការវាយចេញមិនសូវរហ័សទាល់តែសោះ កីឡាកររូបនេះអាងកម្លាំងស៊ុហ្វវាយចេញ៥ទឹកមិនចេះហត់ឡើយ ប៉ុន្តែសម្រាប់ការមកប៉ះចេង ពន្លក គឺមិនអាចក្អេងក្អាងទុកមុនបានទេ ។ ពន្លក មួយរយៈមកនេះយីអ៊ុនរបស់គេឡើងខ្ពស់គ្រាន់បើ គឺឈ្នះច្រើនជាងចាញ់ ប៉ុន្តែសម្រាប់ការដែលមិនធ្លាប់ប៉ះគ្នាពីមុនមកនោះ ទាំងសងខាងសុទ្ធតែមិនអាចនិយាយទុកមុនពីលទ្ធផលចាញ់-ឈ្នះបានដូចគ្នា គឺមានតែរង់ចាំថ្ងៃប្រកួតមកដល់សិន ទើបអាចដឹងបាន ។
អន ឈុនហេង មកពីក្លឹបក្រសួងការពារជាតិជួបជាមួយ ខុន ឆៃលាង មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ។ ចន្ថា សារ៉ាន់ មកពីក្លឹបយុវកីឡាខេត្តកណ្តាល ជួបប្រកួតជាមួយយ៉ាម រ៉េត មកពីក្លឹបរស្មីកុមារកំព្រា ៕
ចែករំលែកព័តមាននេះ