រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១២ នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២ កុម្ភៈ កន្លងមកនេះ ក្រុមបៀលប្រាយយូណាយធីត បានយកឈ្នះក្រុមខេត្តស្ទឹងត្រែង ៩-២ ខណៈក្រុមព្រះខ័នរាជ្យ យកឈ្នះក្រុមខេត្តកោះកុង ៨-១ ។ រវាងក្រុមបៀលប្រាយ យូណាយធីត ក្រុមព្រះខ័នរាជ្យ និងក្រុមខេត្តកោះកុង គឺ ស្ថិតនៅក្នុងពូល C ដូចគ្នា ។ ក្រុមបៀ់លប្រាយយូណាយធីត មានឱកាសរកបានគ្រាប់បាល់ ៤-១ នាំមុខនៅតង់ទី១ ។
បើកឆាកប្រកួតបាន៩នាទីដំបូង ឈុន សុធារ័ត្ន ពាក់អាវលេខ១៦ រកបានគ្រាប់បាល់១គ្រាប់នាំមុខមុន បន្ទាប់មកកីឡាករអ៊ុំ ចាន់តារ៉ា ពាក់អាវលេខ៩ រកបាន១គ្រាប់នៅនាទីទី២៤ ។ រំលងបាន២នាទី សុធារ័ត្ន រកបាន១គ្រាប់ទៀតនៅនាទីទី២៦ ។ កីឡាករព្រុំ ពុទ្ធសិទ្ធិ ពាក់អាវលេខ៦ រកបាន១គ្រាប់ បន្ថែមទៀតនៅនាទីទី២៨ ដោយទាត់បាល់ផ្លោងពីចម្ងាយ។ បន្ទាប់ពីត្រូវក្រុមបៀលប្រាយលត់យ៉ាងចាស់ដៃដល់ទៅ៤គ្រាប់ក្រុមខេត្តស្ទឹងត្រែង បានលេងវាយបកលឿនៗ និងអាចរកបាន១គ្រាប់វិញ នៅនាទីទី៤៣ ។
ក្រុមបៀលប្រាយបានធ្វើឱ្យក្រុមខេត្តស្ទឹងត្រែង ស្ពឹកមុខកាន់តែខ្លាំងនៅតង់ទី២ ជាមួយនឹងការទាត់បាល់បញ្ចូលទីរហូតដល់៥គ្រាប់បន្ថែមទៀត ។ កីឡាករសេង កុសែន ពាក់អាវលេខ១០ រកបាន២គ្រាប់ម្នាក់ឯង គឺនៅនាទីទី៥៩ និង៩០+២ ខណៈកីឡាករសុធារ័ត្ន រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៨១ ។ កីឡាករជា សុផានី ពាក់អាវលេខ៧ មានចំណែករកបាន១គ្រាប់ នឹងគេដែរនៅនាទីទី៨៦ និងកីឡាករព្រុំ ពុទ្ធសិទ្ធី រកបាន១គ្រាប់ទៀតនៅនាទីទី៨៧ ។ ក្រុមខេត្តស្ទឹងត្រែង រកបានតែ១គ្រាប់ទៀតប៉ុណ្ណោះ នៅនាទីទី៨៩ ដោយកីឡាករគីម បញ្ញា ពាក់អាវលេខ១៦។
ចំណែកនៅក្នុងពូល D វិញ ក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមខេត្តក្រចេះ ១៦-០។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានយកឈ្នះក្រុមខេត្តកំពង់ចាម ១-០ ទាំងលំបាកបំផុត ។ សម្រាប់ការប្រកួតថ្ងៃព្រហស្បតិ៍ ទី២ កុម្ភៈ កន្លងមកនេះ ទាំងពូល C និងពូល D ក្រុមខ្លាំងសុទ្ធតែបានធ្វើឱ្យក្រុមថ្មីចាញ់ងើបមុខមិនរួចទាំងអស់ លើកលែងតែក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិប៉ុណ្ណោះដែលចង់យ៉ាប់ជាមួយក្រុមខេត្តកំពង់ចាម ៕
ចែករំលែកព័តមាននេះ