រាជធានីភ្នំពេញ ៖ កីឡាករ Pong thong Jetsada ជនជាតិថៃ ជួប ផុន ផាន់ណា មកពីក្លឹបក្រសួងកសិកម្មនៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថ្ងៃសៅរ៍ ទី៤ កុម្ភៈ ខណៈឡុង សុវណ្ណពៅ មកពីក្លឹបសាលវ័ន្តកីឡាជួបកីឡាករ Zhang Chuyu ជនជាតិចិន ។ Jetsada ធ្លាប់បានបង្ហាញខ្លួននៅស្រុកខ្មែរ២-៣លើកហើយ ។ កីឡាករជនជាតិថៃម្នាក់នេះមានល្បិចប្រយុទ្ធនៅលើសង្វៀនខ្លាំងគ្រាន់បើ ជាពិសេសស្នៀតកណ្តាប់ដៃរបស់គេ គឺអាចវាយចេញបានលឿន ហើយខ្លាំងទៀតផង តែស្នៀតកែង និងជង្គង់ មិនសូវពូកែប៉ុន្មានឡើយ ។
ផាន់ណា មានទម្លាប់មិនល្អច្រើនតែទុកឱកាសឱ្យគូប្រកួតវាយមុនសិន ទើបតបតាមក្រោយ ចំណែកការប្រកួតលើកនេះទៀត បើសិនជាគេហ៊ានធ្វើបែបនេះអាចជួបសំណាងមិនល្អមិនខាន។ ផាន់ណា ស្នៀតកែង និងជង្គង់វាយចេញបានល្អ តែរាល់ការវាយចេញមានសភាពយឺតយ៉ាវបន្តិច ចាំមើលការមកប៉ះជាមួយ Jetsada លើកនេះទៅរួច ឬអត់ ។ អ្នកវិភាគជាច្រើនបានទាយទុកថា រវាងគូនេះមុននឹងចាញ់-ឈ្នះ គឺមានសភាពស្វិតស្វាញដូចគ្នា។
រវាងកីឡាករ ឡុង សុវណ្ណពៅ និងកីឡាករ Chuyu វិញ អត់មានអ្នកណាស្គាល់ប្រវត្តិច្បាស់លាស់ឡើយ ជាពិសេសសម្រាប់កីឡាករចិនតែម្តង ព្រោះថា គេទើបតែមកស្រុកខ្មែរជាលើកទី១ប៉ុណ្ណោះ ។ អ្នករៀបចំកម្មវិធីប្រកួតស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ លោកទីរ៉ា ណាត អះអាងថា កីឡាករមកពីស្រុកចិនម្នាក់នេះខ្លាំងគ្រាន់បើ ដូច្នេះសុវណ្ណពៅ មិនអាចធ្វេសប្រហែសបានឡើយ ប៉ុន្តែទោះជាយ៉ាងណាសម្រាប់អ្នកដែលមិនធ្លាប់ឃើញគេមិនអាចទាយទុកមុនបានទេ អ្នកណាខ្លាំង ឬខ្សោយគឺរង់ចាំទស្សនាការប្រកួតគ្នាសិន ៕
ចែករំលែកព័តមាននេះ