រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២ កុម្ភៈ ២០១២ សាលារាជធានីភ្នំពេញបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសួនច្បារមួយកន្លែង និងរូបសំណាកទេវរូបព្រះគណេស មានទីតាំងស្ថិតនៅច្រមុះជ្រូកភ្លើងស្តុបបេកាសេ ឬមុខអតីតការិយាល័យប៉ូលិសចរាចរជើងគោករាជធានីភ្នំពេញ ដែលទីតាំងនេះពីមុនជាស្ថានីយប្រេងត្រូវបានសាលារាជធានីភ្នំពេញកែសម្រួលទៅជាសួនច្បារនិងដាក់រូបសំណាកទេវរូបព្រះគណេស ដែលត្រូវសម្ពោធក្នុងពេលនេះ ។ ពិធីសម្ពោធធ្វើឡើងស្ថិតក្នុងអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកជំទាវជាភរិយា ដោយមានការនិមន្តចូលរួមដោយព្រះសង្ឃ មន្ត្រីរាជការក្រោមឱវាទសាលារាជធានី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីបានឱ្យដឹងថា ដោយមាន ការចង្អុលបង្ហាញពីលោកអភិបាលរាជធានី មន្ទីរសាធារណការបានសហការចុះសិក្សា អំពីប្លង់រួមនៃគម្រោងសាងសង់សួនច្បារដោយ រៀបចំឆ្លាក់រូបសំណាកព្រះគណេស«ទេវតាមាន ក្បាលជាដំរី» ជាបុត្រព្រះឥសូរ ធ្វើអំពីថ្មភក់ ដែលយកមកពីខេត្ដព្រះវិហារ មានកម្ពស់៧ម៉ែត្រ៧៤ ទាំងបល្ល័ង្ក និងតួព្រះគណេស សម្រាប់ដាក់តាំងនៅក្នុងសួនច្បារសែនមនោរម្យនេះ។
លោកបន្ដថា ការកសាងរូបព្រះគណេស ដាក់នៅកណ្ដាលសួនច្បារនេះពិតជាជួយលើកកម្ពស់សោភ័ណភាពរាជធានីមួយកម្រិតថែមទៀត តាមរយៈការដាក់តាំងបង្ហាញសិល្បៈចម្លាក់សម័យអង្គរដ៏រុងរឿងដែលត្រូវបានប្រជារាស្ត្រខ្មែរជំនាន់ក្រោយមានជំនឿ និងគោរពបូជា ដោយហេតុថា ព្រះគណេសគឺជាព្រះអាទិទេពដែលជួយកំចាត់នូវរាល់ឧបសគ្គ និងឧបទ្រុពចង្រៃទំាងពួងនានា ហើយនំាមកវិញនូវសេចក្ដីសុខ សេចក្ដីចម្រើន និងសុខសន្ដិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិទំាងមូលផងដែរ ។ លោកសាំ ពិសិដ្ឋ បានឱ្យដឹងទៀតថា សួនសែនមនោរម្យត្រូវបានចាប់ផ្ដើមដំណើរការស្ថាបនាកាលពីថ្ងៃទី៥ ខែឧសភា ឆ្នំា២០១១ ហើយបានបញ្ចប់នៅថ្ងៃទី៣០ ខែមករា ឆ្នំា២០១២ ដោយប្រើរយៈពេល៨ខែ២៥ថ្ងៃ និងប្រើប្រាស់ថវិការបស់សាលារាជធានីភ្នំពេញអស់ចំនួន៤៤៧.១៧២.៤៤០រៀល ។ រូបសំណាក ព្រះគណេសដែលឈរត្រដែតនៅចំកណ្ដាលបេះដូងរាជធានីភ្នំពេញនាពេលនេះ គឺប្រាកដជានឹងបង្ហាញដល់បងប្អូនកូនខ្មែរជំនាន់ក្រោយ និង ជាពិសេសគឺបានបង្អួតដល់ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ក៏ដូចជាធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រងថែមទៀត ព្រោះថា នៅក្នុងឆ្នំា២០១២នេះរាជធានីភ្នំពេញត្រូវបានធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលអាស៊ានផង ដែរ ។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រាជធានីភ្នំពេញក្នុងសម័យតេជោបានរំលេចខ្លួនយ៉ាងស្រស់ផូរផង់គួរជាទីមោទនៈ គឺក្នុងរយៈពេលប៉ុន្មានឆ្នំាចុងក្រោយនេះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងនោះយើងបានអភិវឌ្ឍបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងដូចជាការកសាងស្ពានអាកាស ការជួសជុល និងពង្រីកផ្លូវថ្នល់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរៀបចំប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក រៀបចំបណ្ដាញទឹកស្អាត បណ្ដាញអគិ្គសនី បណ្ដាញទូរគមនាគមន៍ បូជនីយដ្ឋានប្រវត្ដិសាស្ដ្រ ការកែលំអ និងពង្រីកសួនច្បារសម្រាប់ជាកន្លែងលំហែកាយ និង ជាកន្លែងហាត់ប្រាណ ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញជាទីក្រុងមានពណ៌បៃតង មានអនាម័យបរិស្ថានល្អ ជាទីក្រុងស្រស់ប្រិមប្រិយស័កិ្ដសមជារាជធានីនៃព្រះរាជាណាចក្រអច្ឆរិយ។
លោកបានបន្ដថា ក្នុងរយៈពេលតែប៉ុន្មានឆ្នំាចុងក្រោយនេះយើងបានប្រែមុខមាត់រាជធានីភ្នំពេញដូចជាយើងបានធ្វើការកែលំអសួនច្បារ បានចំនួន៦៦កន្លែង ស្មើនឹងជាង៥៧៥ម៉ែត្រ ។ បន្ថែមពីនេះ សាលារាជធានីភ្នំពេញបានរៀបចំកែលំអផ្ទៃដីលើទីតាំងអតីតជាស្ថានីយប្រេង ឥន្ធនៈឱ្យក្លាយទៅជាសួនច្បារដ៏ស្រស់ស្អាត ដែលយើងទាំងអស់គ្នាកំពុងប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះស្រាប់ ។
លោកក៏បានស្នើឲ្យអាជា្ញធរដែនដីគ្រប់ជាន់ថ្នាក់ចូលរួមថែរក្សាការពារនូវរូបសំណាកព្រះគណេសនិងសួនច្បារសែនមនោរម្យដែលមានសោភ័ណភាពដ៏ស្រស់ស្អាតនៅទីនេះឲ្យបានគង់វង្សយូរអង្វែង ទុកសម្រាប់ជាកេរមរតឲ្យកូនចៅជំនាន់ក្រោយៗគោរពបូជា ដោយហេតុថា ទេវរូបគណេសពិតជាជួយទ្រទ្រង់ទឹកដីមាតុភូមិអង្គរដ៏បវរនៃយើងឲ្យជួបតែសេចក្ដីសុខ សន្ដិភាព រីកចម្រើនរុងរឿងសម្បូរសប្បាយ និងកំចាត់បាននូវឧបទ្រពចង្រៃផងទំាងពួងឲ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕




ចែករំលែកព័តមាននេះ