ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋដែលជាអ្នកអាណាព្យាបាល មាតាបិតាសិស្សជាច្រើននាក់ កាលពីព្រឹកថ្ងៃទី៣ កុម្ភៈ បាននាំគ្នាធ្វើការតវ៉ានៅខាងមុខសាលារៀនឯកជនមួយកន្លែងឈ្មោះសាលាអន្តរជាតិ ស៊ីអាយអេស មានទីតាំងស្ថិតនៅផ្ទះលេខ១៦០ ផ្លូវ៧មករា ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោយពីសង្ស័យថា សាលានេះក្ស័យធន ខ្វះប្រាក់ខែបុគ្គលិក និងប្រាក់ខែគ្រូបង្រៀន ធ្វើឱ្យអាក់ខានក្នុងការបង្រៀនសិស្ស ខណៈពេលដែលប្រាក់ឈ្នួលសាលាត្រូវបានមាតា បិតា អាណាព្យាបាល សិស្សបង់ជូនសាលារួចហើយ សម្រាប់រយៈពេលមួយឆ្នាំ។
ប្រភពពីមាតាបិតា អាណាព្យាបាលសិស្ស ដែលធ្វើការតវ៉ានាំគ្នានិយាយថា សាលាអន្តរជាតិ ស៊ីអាយអេស នេះបានបើកទទួលសិស្សចូលរៀនជាលក្ខណៈឯកជនចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់មធ្យមសិក្សា មានទាំងអនុវិទ្យាល័យ និងវិទ្យាល័យ ហើយដំណើរការចាប់ពីខែមិថុនា ឆ្នាំ២០១១ គិតមកដល់ខែកុម្ភៈនេះមានរយៈពេលជាង៧ខែប៉ុណ្ណោះ ។ ប្រភពដដែលបានបន្តទៀតថា ក្នុងមួយឆ្នាំសាលាបានតម្រូវឱ្យសិស្សម្នាក់ៗបង់ប្រាក់ ក្នុងនោះថ្នាក់បឋមម្នាក់ៗ៣០០ដុល្លារ និងថ្នាក់មធ្យមសិក្សាបង់ប្រាក់ចាប់ពី៤០០ទៅ៧០០ដុល្លារ ហើយចំនួនសិស្សដែលចុះឈ្មោះរៀនក្នុងសាលានេះមានប្រមាណជាង៣០០នាក់ ខ្លះមកពីស្រុកព្រៃនប់ ខ្លះមកពីស្រុកស្ទឹងហាវ និងមួយចំនួនធំជាកូនចៅប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ។
ជុំវិញបាតុភាពនេះ លោកនុត រឿន ដែលជានាយកសាលានេះ ពុំអាចសុំការពន្យល់បានទេ នៅព្រឹកថ្ងៃទី៣ កុម្ភៈ ដោយប្រព័ន្ធទូរស័ព្ទរបស់លោកពុំអាចភ្ជាប់ទំនាក់ទំនងបាន ប៉ុន្តែបើតាមលោកកែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តអះអាងថា សាលារៀនឯកជនមួយនេះមានច្បាប់ទម្លាប់ត្រឹមត្រូវពីក្រសួងអប់រំ ប៉ុន្តែត្រង់ថា បច្ចុប្បន្នបិទទ្វារមិនបង្រៀនសិស្ស និងកំពុងមានការតវ៉ាពីមាតាបិតា អាណាព្យាបាលសិស្សនេះ មន្ត្រីរបស់លោកកំពុងស្រាវជ្រាវរកមូលហេតុ។
គួរបញ្ជាក់ថា ខណៈពេលមានការតវ៉ាពីមាតា បិតា អាណាព្យាបាលសិស្ស គេពុំឃើញមានសមត្ថកិច្ចថ្នាក់ ឬផ្នែកណាមួយចេញមុខមកឃ្លាំមើល ឬដោះស្រាយអ្វីឡើយ ដោយអះអាងថា ពុំឃើញមានពាក្យបណ្តឹងពីពលរដ្ឋអ្នកតវ៉ា។ ស្របពេលដែលគ្មានសមត្ថកិច្ចណាមកអន្តរាគមន៍ទប់ស្កាត់ ដោយសារតែកំហឹងក៏មានប្រជាពលរដ្ឋអ្នកតវ៉ាមួយចំនួននាំគ្នាចូលទៅខាងក្នុងសាលាដែលបិទទ្វារ រួចដឹកជញ្ជូនសម្ភារមួយចំនួនដូចជាតុ កៅអី ម៉ាស៊ីនកុំព្យូទ័រ ជាដើម យកចេញពីសាលានេះ ក្នុងនោះក៏មានមួយចំនួនដឹកយកសម្ភារទាំងអស់នេះទៅទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ដើម្បីស្វែងរកការដោះស្រាយជាមួយសាលា ៕



ចែករំលែកព័តមាននេះ