ខេត្តពោធិ៍សាត់ ៖ បុរសពីរនាក់ស្រវឹងស្រាបើកម៉ូតូអត់ភ្លើងពេលយប់ទៅបុកគោយន្តដែលកំពុងធ្វើដំណើរស្របទិសគ្នាបណ្តាលឱ្យអ្នកបើកស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើររងរបួសធ្ងន់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប៉ូលិសស្រុកក្រគរឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវលំក្រួសក្រហមស្ថិតក្នុងភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ កាលពីថ្ងៃទី២ កុម្ភៈ ២០១២ វេលាម៉ោង៨យប់។ អ្នកស្លាប់ឈ្មោះឆុន ឈីន អាយុ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរឈ្មោះច្រឹក ចាន់ អាយុ៣២ឆ្នាំ រងរបួសធ្ងន់។ ទាំងពីរនាក់រស់នៅភូមិស្រែឫស្សីជិះម៉ូតូសង់កូរ៉េគ្មានស្លាកលេខ និងគ្មានចង្កៀងសម្រាប់បំភ្លឺផ្លូវទេ ។
អ្នកនៅកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់បានផឹកស្រាស្រវឹងជោកជាំជាមួយមិត្តភក្តិក្នុងភូមិ ។ លុះវេលាម៉ោង៨យប់ពួកគេក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញតាមផ្លូវលំក្រួសក្រហមពីជើងទៅត្បូង សំដៅឡើងផ្លូវជាតិលេខ៥ ។ ម៉ូតូដែលពួកគេជិះនោះជាម៉ូតូកញ្ចាស់គ្មានភ្លើងបំភ្លឺផ្លូវទេ ហើយបើកលឿនដោយសារអំណាចនៃការស្រវឹងស្រា ។ ពេលទៅដល់ចំណុចកើតហេតុក៏បុកកន្ទុយរ៉ឺម៉កគោយន្តកន្ត្រៃតែម្តង ។ ចំពោះគោយន្តនោះបានបន្តដំណើរទៅមុខទៀតបាត់ ៕
ចែករំលែកព័តមាននេះ