រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១២ នៅវិមានសន្តិភាព លោក Hong Ki Chol ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរស័ព្ទសាធុការជូនសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ពីលោកគីម ជុងអ៊ុន ។ លោកគីម ជុងអ៊ុន បានមានប្រសាសន៍ថា នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ។ ជំហររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េចំពោះព្រះរាជាណាចក្រកម្ពុជា គឺមិនមានការផ្លាស់ប្តូរទេ នោះគឺពង្រឹង ពង្រីកមិត្តភាពទំនាក់ទំនងរវាងប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរឡើង។
លោក Hong Ki Chol បានមានប្រសាសន៍ថា ក្នុងបេសកកម្មការទូតរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ លោកនឹងប្រឹងប្រែងពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ រួមទាំងលើឆាកអន្តរជាតិផង នោះគឺនៅអង្គការសហប្រជាជាតិ នៅអាស៊ាន និងនៅក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរ ហើយសម្តេចបានឯកភាពជាមួយនឹងលោកឯកអគ្គរដ្ឋទូតចំពោះទំនាក់ទំនងរវាងប្រទេសទាំង២ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបលោកឯកអគ្គរដ្ឋទូតថា ឆ្នាំនេះនឹងមានការប្រជុំគណៈកម្មការចម្រុះនៅខែកក្កដា ខាងមុខ ដែលគប្បីស្វែងរកកិច្ចសហការគ្នាឱ្យបានល្អ ជាពិសេសនៅក្នុងកិច្ចប្រជុំចម្រុះនេះ។
ជាទីបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជូនពរឱ្យលោក Hong Ki Chol ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក នៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យលោក Jean François Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក Jean François Cautain បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា តាំងពីខែធ្នូ ឆ្នាំ២០០៩ មក សហគមន៍បានពង្រីកបន្ថែមនូវបេសកកម្មរបស់ខ្លួន នោះសោតគឺអំពីកិច្ចពិភាក្សាជាមួយនឹងដៃគូលើវិស័យពាណិជ្ជកម្មនិងពង្រីកឱ្យមានកិច្ចពិភាក្សាទាំងផ្នែកនយោបាយ និងការសម្រុះសម្រួលផងដែរ ។ ក្នុងន័យនេះ លោក Jean François Cautain បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា នៅពេលដែលកម្ពុជាធ្វើប្រធានអាស៊ាននឹងមានកិច្ចសន្ទនាជាច្រើនរវាងកម្ពុជាជាមួយសហគមន៍អឺរ៉ុប។ លោកក៏បានគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ចូលរួមបើកកិច្ចប្រជុំអាស៊ាន-សហគមន៍អឺរ៉ុប ជំនួបកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប។
លោក Jean François Cautain ក៏បានអបអរជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ។ ក្នុងន័យនេះ លោកសូមវាយតម្លៃខ្ពស់ ហើយអបអរសាទរចំពោះកំណើនសេដ្ឋកិច្ច សុវត្ថិភាព និងស្ថិរភាព របស់កម្ពុជា ដែលកម្ពុជាទទួលបាន ។ លោកមានប្រសាសន៍បន្តថា លោកបានមកព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៩០ តែនៅពេលនោះលោកពុំអាចធ្វើដំណើរទូទាំងព្រះរាជាណាចក្រកម្ពុជាដូចជានៅពេលនេះទេ ។ ទីបញ្ចប់ លោក Jean François Cautain បានសម្តែងនូវការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយដែលអង្គភាពប្រឆាំងអំពើពុករលួយកំពុងតែធ្វើសកម្មភាព ហើយដែលសកម្មភាពនេះ សហភាពអឺរ៉ុប បានរង់ចាំជាយូរមកហើយ ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរចំពោះលោក Jean François Cautain ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់លោក Jean François Cautain ហើយសម្តេចមានប្រសាសន៍ថា នឹងទៅចូលរួមនៅក្នុងជំនួបកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប ។ ជាទីបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានជូនពរ លោក Jean François Cautain សូមឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ