ក្រសួងសភាពការណ៍បន្ទាន់អ៊ុយក្រែនក្នុងសេចក្តីប្រកាសមួយរាយការណ៍កាលពីថ្ងៃទី៣ កុម្ភៈ ថា មនុស្សដល់ទៅ១០១នាក់ ហើយត្រូវស្លាប់ ដោយសាររលកធាតុអាកាសត្រជាក់ខ្លាំងក្នុងប្រទេសនេះ ចាប់តាំងពីថ្ងៃទី២៧ មករា មក។ តុល្យការប្រកាសនាពេលមុននេះរៀបរាប់ពីមនុស្សស្លាប់ត្រឹម៦៣នាក់ប៉ុណ្ណោះ ។ សីតុណ្ហភាពនៅអ៊ុយក្រែន ធ្លាក់ដល់២៥អង្សាសេ ក្រោមសូន្យ ធ្វើឱ្យស្ទះដល់ការផ្គត់ផ្គង់នានា និងដល់ការធ្វើចរាចរណ៍របស់រថយន្ត ។
នៅប្រទេសស៊ែរប៊ី និងនៅបូស្នី សីតុណ្ហភាពធ្លាក់ដល់២៩អង្សាសេក្រោមសូន្យ ។ នៅស្លូវ៉ាកសីតុណ្ហភាពធ្លាក់ដល់២២អង្សាសេក្រោមសូន្យ។ អឺរ៉ុបខាងលិច និងអឺរ៉ុបកណ្តាលក៏គេចមិនផុតពីធាតុអាកាសត្រជាក់ខ្លាំងដែរ ដោយនៅប្រទេសបារាំងសីតុណ្ហភាពធ្លាក់ដល់១៤អង្សាសេក្រោមសូន្យ ក្នុងតំបន់មួយចំនួន ។ នៅរុស្ស៊ីក្នុងទីក្រុងម៉ូស្គូនាថ្ងៃទី៣ កុម្ភៈ សីតុណ្ហភាពធ្លាក់ដល់២៥អង្សាសេ ក្រោមសូន្យ ហើយជិត៥០អង្សាសេក្រោមសូន្យនៅស៊ីបេរីខាងកើត ។
អាជ្ញាធររុស្ស៊ីរៀបរាប់ពីមនុស្សស្លាប់៦៤នាក់ដោយត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១ មករា មក ក្នុងទូទាំងប្រទេស។ នៅប្រទេសប៉ូឡូញ និងរូម៉ានី ក៏មានមនុស្សស្លាប់ច្រើនដោយអាកាសធាតុត្រជាក់ខ្លាំងដែរនៅអឺរ៉ុប ៕


ចែករំលែកព័តមាននេះ