ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​​គេច​ក្មេង​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​​ម្នាក់​របួស​ធ្ងន់​ម្នាក់​

14 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​​រថយន្តកូរ៉ូ​ឡា​មួយ​គ្រឿង​​បាន​បើក​គេច​​ក្មេង​​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​២​នាក់ ដែល​កំពុងធ្វើ​ដំណើរ​​ស្របទិសគ្នា​​បណ្តាល​ឱ្យ​​របួស​ធ្ងន់​​ទាំង​២​នាក់ ក្នុង​នោះ​ម្នាក់​​បាន​ស្លាប់​​ក្រោយ​ពី​​ដឹក​ទៅ​ដល់​មន្ទីរ​ពេទ្យ​។ គ្រោះថ្នាក់​​ចរាចរណ៍​នេះ​បាន​កើតឡើង​​​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ប៉ប៉ិត ឃុំអន្លង់​ត្នោត ​ស្រុក​ក្រគរ ​កាលពីវេលា​ម៉ោង​៤​និង​៤០​នាទី​​ល្ងាចថ្ងៃទី​២ កុម្ភៈ ២០១២  ។

នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​​អន្លង់ត្នោត​ ឱ្យ​ដឹងថា ​​នៅវេលា​​ល្ងាច​នោះ​​បុរសពីរ​នាក់​​បាន​​ជិះ​ម៉ូតូ​​ឌុប​គ្នា​​លើ​ផ្លូវជាតិ​​លេខ​​៥ ក្នុង​​ទិស​ដៅពី​​កើត​ទៅ​លិច​ទៅ​ដល់​ចំណុច​កើតហេតុ​​មាន​ផ្ទះប្រជា​ពលរដ្ឋ​មួយ​ជាប់​នឹង​មាត់​ថ្នល់​​គេ​កំពុង​ធ្វើ​​បុណ្យ ។ ដោយ​ឃើញ​មាន​រោង​បុណ្យ និង​​មនុស្ស​ដើរ​ក្បែរ​​រោង​នោះ​អ្នក​បើក​ម៉ូតូ​ក៏​ជិះ​​ងាកទៅ​ខាង​ឆ្វេង​ដៃ ស្រាប់​តែ​​មាន​រថយន្ត​កូរ៉ូឡា​​មួយ​គ្រឿង​បើក​​យ៉ាង​លឿន​​ពី​ក្រោយ​គេច​​ក្មេង​​កន្លែង​​រោង​បុណ្យ ក៏​​ជ្រុល​ចង្កូត​​បុក​អ្នក​ជិះ​ម៉ូតូ​ទាំងពីរ​​ប៉ើង​​ដូច​​គេ​បោះ​កណ្តាប់​ស្រូវ​ធ្លាក់​ស្រែ​​បណ្តាល​ឱ្យ​របួស​​យ៉ាងធ្ងន់​ធ្ងរ ​លុះពេល​​បញ្ជូន​ទៅ​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​​ខេត្តបាត់ដំបង បាន​ប៉ុន្មាន​​ម៉ោង​ជន​រង​គ្រោះ​ម្នាក់​​ក៏​ស្លាប់​ដោយ​សារ​របួស​ធ្ងន់​ពេក ។ ​ជនរងគ្រោះ​​ដែល​ស្លាប់​ឈ្មោះ​​កុយ សារ៉េន ភេទ​ប្រុស អាយុ​​៤៨​ឆ្នាំ ជាអ្នក​បើក​បរ​​ម៉ូតូ និង​អ្នក​​រួមដំណើរ​​​ឈ្មោះ​​ម៉ោយ អាង ភេទ​​​​ប្រុស អាយុ​៤៥ឆ្នាំ របួស​ធ្ងន់​​​​​ ។ ទាំងពីរនាក់​​មាន​ទីលំនៅភូមិ​​-ឃុំ​កើត​ហេតុ​​ខាងលើ ។

ក្រោយកើតហេតុ​​អ្នក​បើក​បរ​រថយន្ត​បាន​គេច​ខ្លួន​បាត់​បន្ស​ល់​ទុក​​រថយន្ត​​​នៅ​កន្លែង​កើត​ហេតុ​ត្រូវ​​នគរបាល​​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​ស្រុក​​​ក្រគរ ដើម្បី​ដោះស្រាយ៕