យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង YONHAP ថា កូរ៉េខាងជើងហាក់ដូចជាចង់ប្រកាន់យកគោលការណ៍បែបមូលធននិយម ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន ដែលស្រុតចុះហើយកែលម្អស្តង់ដាជីវភាពរបស់ពលរដ្ឋខ្លួន។ កាសែតប្រចាំត្រីមាសមួយអំពីសេដ្ឋកិច្ចរបស់កូរ៉េខាងជើងគូសបញ្ជាក់ពីសារសំខាន់នៃការផ្សាយពាណិជ្ជកម្ម ដើម្បីជួយជំរុញការនាំចេញរបស់ប្រទេស ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន ។ ប្រទេសកូរ៉េខាងជើងនាំចេញជាពិសេសនូវធនធានរ៉ែផ្សេងៗទៅកាន់ប្រទេសចិន។
ពាណិជ្ជកម្មទ្វេភាគីឡើងដល់៣,៤៧ពាន់លានដុល្លារក្នុងឆ្នាំ២០១០។ កាសែតឈ្មោះ ECONOMIC RE-SEARCH ក្នុងលេខចេញផ្សាយកាលពីខែតុលា គូសបញ្ជាក់ថា យើងត្រូវជំរុញសេដ្ឋកិច្ចរបស់យើងនៅឯបរទេស ហើយបង្កើនការនាំចេញផលិតផលនានាតាមរយៈ ការផ្សាយពាណិជ្ជកម្មក្នុងការធ្វើពាណិជ្ជកម្មជាមួយបរទេស។ កាសែតដែលសរសេរជាពិសេសពីនយោបាយសេដ្ឋកិច្ចរបស់កូរ៉េខាងជើងឱ្យដឹងទៀតថា ការនាំចេញត្រូវរួមចំណែកធ្វើឱ្យសម្រេចគោលដៅកសាងប្រជាជាតិដែលរុងរឿងមួយនាឆ្នាំនេះ។
ប្រទេសកូរ៉េខាងជើងចង់ធ្វើឱ្យប្រទេសរុងរឿង ទោះបីជាគេនៅសង្ស័យលើសមត្ថភាពរបស់ប្រទេសកុម្មុយនីស្តនេះក្នុងការអនុវត្តទិសដៅរបស់ខ្លួនក៏ដោយ ព្រោះតែមានការខ្វះខាតស្បៀងរ៉ាំរ៉ៃ និងថាមពល។ ចំពោះការផ្សាយពាណិជ្ជកម្មកាសែតនេះអំពាវនាវឱ្យមានការផ្សាយពាណិជ្ជកម្មកម្រិតខ្ពស់ ដើម្បីអាចជ្រៀតចូលក្នុងបណ្តាទីផ្សារមូលធននិយម ហើយបង្កើនការនាំចេញផលិតផលទាំងឡាយ ៕
ចែករំលែកព័តមាននេះ