ខេត្តកណ្តាល ៖ យុវជន២នាក់ត្រូវបាននគរបាលស្រុកពញាឮ ចាប់ខ្លួនតាមពាក្យបណ្តឹងរបស់នារីរងគ្រោះអាយុ១៦ឆ្នាំ ប្តឹងចោទថា បានលួងលោមនាងនាំយកទៅកន្លែងស្ងាត់ បង្អកស្រា ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈកាលពីម៉ោង៦ល្ងាចថ្ងៃទី១ កុម្ភៈ នៅចំណុចចង្កេះភ្នំព្រះរាជទ្រព្យ ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ។
ជនសង្ស័យទាំងពីរនាក់នោះ ឈ្មោះអ៊ែន ហ៊ាន ហៅត្រា អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ម្នាក់ទៀតឈ្មោះអ៊ី គឹមឆេង អាយុ១៩ឆ្នាំ ជាអ្នកនាំភ្ញៀវទស្សនាលើភ្នំព្រះរាជទ្រព្យ ។ អ្នកទាំងពីរមានទីលំនៅភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ។ ចំណែកនារីរងគ្រោះអាយុ១៦ឆ្នាំ កម្មកររោងចក្រ ទីលំនៅឃុំផ្សារដែក។ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ កុម្ភៈ ជនសង្ស័យឈ្មោះអ៊ី គឹមឆេង បានទូរស័ព្ទហៅនារីរងគ្រោះឱ្យទៅជួបនៅក្បែរភ្នំព្រះរាជទ្រព្យ ។ ពេលនាងចេញពីរោងចក្រមកវិញ ទៅតាមការណាត់ ក៏បានឃើញជនសង្ស័យទាំងពីរនាក់នៅចាំស្រេច ដោយមានកាន់ស្រាផែនដីមួយដបផង ហើយក៏បានបបួលនាងឡើងទៅលើភ្នំ។ ពេលទៅដល់ចង្កេះភ្នំក៏បានឈប់ ហើយនាំគ្នាផឹកស្រាផែនដី។ ពេលស្រវឹងឈ្មោះអ៊ី គឹមឆេង បានគ្រាហ៍នារីរងគ្រោះចូលសាលាដំណាក់ ហើយធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។
ជនសង្ស័យទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលកម្រិតធ្ងន់ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ