រាជធានីភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង១គូដែលកំពុងអង្គុយនិយាយសាសងគ្នាពេលយប់ងងឹតនៅកន្លែងស្ងាត់ត្រូវបានក្រុមចោរប្លន់ធ្វើសកម្មភាពកាប់ប្រហារបណ្តាលឱ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាម ៗនៅនឹងកន្លែង រីឯនាងជាសង្សាររងរបួសយ៉ាងធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាល និងសម្ភពចោមចៅ ហើយក្រុមចោរដ៏សាហាវនោះបានយកម៉ូតូរបស់ពួកគេមួយគ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១០ គេចខ្លួនទៅបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២ កុម្ភៈ ២០១២ នៅចំណុចខាងជើងព្រះវិហារអិស្លាមកម្ពុជា-គូវ៉េត ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ គូស្នេហ៍ដែលស្លាប់ និងរបួសដោយសារក្រុមចោរកាប់ប្លន់នោះខាងប្រុសឈ្មោះឌុល ភូមិម៉ារ៉ា អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរមានស្រុកកំណើតភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត សព្វថ្ងៃស្នាក់នៅផ្ទះជួលម្តុំផ្សារឯករាជ្យ២ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្លាប់នៅនឹងកន្លែង ។ ចំណែកឯនាងជាសង្សារឈ្មោះស៊ី គាត អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរមានស្រុកកំណើតភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ រងរបួសក្បាលធ្ងន់ធ្ងរដេរជាង១០ថ្នេរ ។
ដោយឡែកក្រុមចោរប្លន់មានគ្នា២នាក់ដើរថ្មើរជើងប្រដាប់ដោយកាំភ្លើងបានសម្ងំលាក់ខ្លួនរង់ចាំធ្វើសកម្មភាពប្លន់នៅត្រង់ចំណុចខាងលើតែម្តង ៕
ចែករំលែកព័តមាននេះ