ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​​​ឆាក​​​ការ​ប្រកួត​​​បាល់​​ទាត់​​​​ដណ្តើម​​​ពាន​​រង្វាន់​​​សម្តេច​​តេជោ​​​2012 លទ្ធផល ៖ ឆ្លាម​​សមុទ្រ​ 5-2 ​ក្រុម​​ខេត្ត​​បាត់​​ដំបង ឯ​ណាហ្គា​ខប 9-0 ខេត្ត​​ប៉ៃលិន

14 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ក្នុង​​ការ​បើក​​ឆាក​​ប្រកួត​ថ្ងៃ​ដំបូង​​​​​នៃវគ្គ​​ប្រកួត​ជម្រុះ​​បាល់​ទាត់​ពាន​រង្វាន់​​​​សម្តេច​​​តេជោ​​​​ហ៊ុន សែន ឆ្នាំ​​២០១២  នៅទីលាន​​ពហុកីឡ​ដ្ឋាន​​​​​ជាតិ​ ក្រុម​​​ឆ្លាម​សមុទ្រ​​ឈ្នះ​ក្រុម​​​ខេត្ត​​បាត់​ដំបង​​ ៥-២ ឯក្រុមណាហ្គា​ខប​ឈ្នះ​ក្រុម​​​ខេត្ត​ប៉ៃលិន ៩-០ ។​ ​ក្រុម​ឆ្លាម​សមុទ្រ​​​ មាន​ឱកាស​​យក​​ស្មើ​​២-២  នៅតង់ទី​​១ជាមួយ​​ក្រុម​ខេត្ត​បាត់​ដំបង​ ។ ប្រកួត​បាន​១៧​​​នាទី​​ដំបូង ​កីឡាករ​​ពៅ សំណាង ​របស់​​ក្រុម​ឆ្លាម​សមុទ្រ​​​ពាក់​អាវ​​លេខ១៥ រក​បាន​​១គ្រាប់​នាំមុខ​មុន  ប៉ុន្តែ​​ត្រូវ​​ក្រុម​ខេត្ត​បាត់​​ដំបង​​​តាម​សងវិញ​​​​​នៅនាទីទី​២៧​​ ដោយ​កីឡាករ​​​ម៉ាត់ ស៊ីម ពាក់​អាវ​​លេខ២២។ 

ក្រុម​ឆ្លាម​​​សមុទ្រ​ នៅ​តែ​ជា​អ្នក​​រក​បាន​​គ្រាប់​​​បាល់​នាំមុខជានិច្ច​​ គឺនៅ​នាទីទី​៣១ កីឡាករ​​នុត ស៊ីនួន​ ពាក់​អាវ​​លេខ៩​ ជាអ្នក​​រក​បាន​​​គ្រាប់​​បាល់​១​គ្រាប់​​បន្ថែម​​ទៀត   ប៉ុន្តែ​​ត្រូវ​​កីឡាករ​​លី វុត្ថា របស់​ក្រុម​ខេត្ត​បាត់​ដំបង​ ពាក់​​អាវ​​​លេខ​៩ តាម​​សង​​បាន​១គ្រាប់​​​​វិញ​​នៅនាទីទី​​៤៤​ ជិត​​បញ្ចប់​តង់​ទី​​១​ទៅ​ហើយ ។ ចូល​ដល់​តង់ទី២ ​ក្រុម​ឆ្លាម​​​​សមុទ្រ​​ធ្វើ​ឱ្យ​​​ក្រុម​​​​​ខេត្ត​បាត់​ដំបង​​​​​បាត់​បង់​ឱកាស​​ស្ទើរតែ​​ទាំងស្រុង​​​ ព្រោះ​ថា​ក្រុម​​ឆ្លាម​​​សមុទ្រ​មាន​ឱកាស​​រក​បាន​​​គ្រាប់​​បាល់​នាំមុខចំនួន​៣គ្រាប់​​​បន្ថែម​ទៀត ។  នុត ស៊ីនួន ​​រក​បាន​​​១គ្រាប់​​បន្ថែម​​ទៀត​នៅនាទីទី​​៥៨​ ឯ​​​កីឡាករ​រស់ សំអឿន ពាក់​អាវ​​លេខ​១១​រក​បាន​​២គ្រាប់​​ម្នាក់​ឯង​​នៅនាទីទី​​៧៦​និង​ទី៨១។ ​

ចំណែកក្រុមណាហ្គាខប​​​បំបាក់​ក្រុម​ខេត្ត​ប៉ៃលិន​៩-០ ។ ​​ក្រុម​ណាហ្គាខប គឺជា​​​ក្រុម​ខ្លាំង​​ ​​ហើយ​ការយក​​ឈ្នះ​​​​ក្រុម​​ខេត្ត​ប៉ៃលិន​​​​លើក​នេះ​​មិន​មែន​​​ជារឿង​​លំបាក​​​ប៉ុន្មាន​​ឡើយ ។ ដោយឡែក​ នៅ​លើ​​ទីលាន​​​ស្តាត​​​ចាស់​​​វិញ​ ​ក្រុម​​​បាល់​ទាត់​​​​ក្រសួង​ការពារ​ជាតិ​ បាន​យកឈ្នះ​ក្រុម​​​ថ្មី អាស៊ីអឺរ៉ុប​ ៥-០ ។ ចំណែក​​​ក្រុម​គិរីវង់​សុខសែនជ័យ​ បាន​យក​ឈ្នះ​​ក្រុម​ខេត្ត​កំពត  ​ ៣-២ ៕