កូរ៉េខាងត្បូងស្ថិតនៅលំដាប់ទី៧នៃតារាងមេដាយមាសសរុបកាលពីប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ១៩៩៨បន្ទាប់ពីអត្តពលិករបស់ខ្លួនឈ្នះមេដាយមាសចំនួន១៣គ្រឿង។ ឥឡូវនេះមានសំណួរជាច្រើនបានចោទឡើងនៅក្នុងចំណោមមហាជនថាតើអត្តពលិកដែលធ្លាប់ទទួលបានជោគជ័យទាំងនោះអាចធ្វើបានដូចកាលឆ្នាំ១៩៩៨ដែរឬយ៉ាងណា ។ កាលពីខែកក្កដាឆ្នាំទៅមិញ គណៈកម្មាធិការអូឡាំពិកកូរ៉េខាងត្បូង (KOC)បាននិយាយថាខ្លួនចង់ធ្វើឱ្យបានល្អបំផុតសម្រាប់អូឡាំពិកក្រុងឡុងដោយយ៉ាងហោចណាស់ដណ្តើមបានមេដាយមាសស្មើនឹងអូឡាំពិកនៅក្រុងប៉េកាំង ។
គណៈកម្មាធិការអូឡាំពិកកូរ៉េខាងត្បូង (KOC)បានទស្សន៍ទាយថា យ៉ាងហោចណាស់ខ្លួននឹងដណ្តើមបានមេដាយមាស២គ្រឿងបន្ថែមទៀតសម្រាប់វិញ្ញាសានីមួយៗចំនួនដែលខ្លួនខ្លាំងតាំងពីដើមរៀងមក។ វិញ្ញាសាទាំងនោះមានដូចជាតេក្វាន់ដូ បាញ់ព្រួញនិងយូដូ ។ ក្រៅពីនេះទៀត កូរ៉េនៅសង្ឃឹមដណ្តើមបានមេដាយមាសចំនួនមួយៗបន្ថែមទៀតក្នុងវិញ្ញាសា៦ក្នុងនោះមានដូចជា ហែលទឹក បាញ់កាំភ្លើង ចាក់សាប វាយសី កាយសម្ព័ន្ធនិងបោកចំបាប់។
លោក Park Jong-gilប្រធានមជ្ឈមណ្ឌលហ្វឹកហាត់ជាតិនៅក្រុង Taeneungបាននិយាយកាលពីខែធ្នូឆ្នាំកន្លងទៅថា៖«គោលបំណងរបស់យើងគឺដណ្តើមយកឱ្យបានមេដាយមាសចំនួន១៣គ្រឿងឬច្រើនជាងនេះ »។ ចំណែកលោក Park Yong-sungប្រធានគណៈកម្មាធិការអូឡាំពិករបស់ប្រទេសនេះបានថ្លែងថា៖«ប្រសិនជាយើងដាក់ចេញនូវគោលដៅខ្ពស់ពេក ហើយបែរជាសម្រេចមិនបាននោះប្រជាជនអាចនឹងអស់សង្ឃឹមខ្លាំង។ គោលដៅពិតប្រាកដរបស់យើងគឺបញ្ចប់ការប្រកួតដោយមិនស្ថិតនៅក្រៅចំណាត់ថ្នាក់ទី១០លើតារាងមេដាយសរុបជាមួយនឹងមេដាយមាស១០គ្រឿងឬច្រើនជាងនេះ»។
ទោះជាយ៉ាង បណ្តាអ្នកជំនាញយល់ថា វាពិបាកឱ្យកូរ៉េសម្រេចបានលទ្ធផលល្អនៅក្នុងទីក្រុងឡុងដូចកាលពី៤ឆ្នាំមុននៅទីក្រុងប៉េកាំង។ បញ្ហាចំបងទី១ដែលអត្តពលិកកូរ៉េខាងត្បូងត្រូវប្រឈមនោះគឺពេលវេលាដែលមកទល់ពេលនេះរយៈពេល៤ឆ្នាំហើយ ដូច្នេះអ្វីៗអាចនឹងប្រែប្រួល។ បញ្ហាទី២ ភាពពូកែរបស់កូរ៉េក្នុងវិញ្ញាសាតេក្វាន់ដូ បាញ់ព្រួញនិងលើកទម្ងន់អាចនឹងចុះខ្សោយខណៈដែលប្រទេសដទៃទៀតកំពុងហ្វឹកហាត់ប្រកបដោយភាពក្លាំងក្លា។
នៅក្នុងការចុះផ្សាយដោយប្រព័ន្ធអនឡាញរបស់គេហទំព័រ USA Todayកាលពីថ្ងៃទី៣ខែមករា Medal Trackerដែលបង្កើតឡើងដោយក្រុមហ៊ុន Infostrada Sports Groupមានការទស្សន៍ទាយថា កូរ៉េក្នុងឆ្នាំនេះនឹងបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់ទី១១ដោយដណ្តើមបានមេដាយមាស៨គ្រឿង ប្រាក់៣គ្រឿងនិងមេដាយសំរឹទ្ធិចំនួន១៤គ្រឿង ៕
ចែករំលែកព័តមាននេះ