ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ហូឡង់​ Kirsten Wildយក​ឈ្នះ​ដំ​ណាក់​បើក​ឆាក​ប្រ​ណាំង​កង់​នៅ​ប្រ​ទេស​កា​តា​

14 ឆ្នាំ មុន

នាង​​​ Kirsten Wildបាន​សម្តែង​​ក្តី​រីក​រាយ​ជា​ពន់​ពេក​ក្រោយ​​​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​១​​​ប្រណាំង​កង់​​​រដូវ​កាល​ឆ្នាំ​ថ្មី​កម្ម​វិធី​ Ladies Tour of Qatar 2012​​​​កាល​ពី​ថ្ងៃ​ពុធ​​ទី០១​​​​ខែកុម្ភៈ កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Al Khor Corniche ប្រទេស​កាតា​។ ​Kirsten Wild​​ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Netherlands​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ៩៧​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​Camel Race Track​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Al Khor Corniche ប្រ​​ទេស​កាតា​ដោយ​ប្រើ​អស់​ថិរវេ​លា​​២ម៉ោង​១៦​នាទី​និង​៥០​​វិនាទី​​យក​ឈ្នះ​កីឡាការិនី​​ជើង​ខ្លាំង​របស់អូ​ស្ត្រា​លី​​​ Chloe Hosking ​​ជិះ​ឱ្យ​​ក្រុម Team Specialized Lululemon ​​​និង​​​បានយក​ឈ្នះ​កីឡាករ​ហូឡង់​ ​​Elen Van Dijk​ជិះ​ឱ្យ​​ក្រុម ​Team Specialized Lululemon​​​​​​​​ដែល​ទាំង​ពីរ​នាក់​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​ស្មើៗគ្នា​​ ​។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​កីឡាការិនី​ Kirsten Wildបាន​បញ្ជាក់​ដោយ​ក្តី​រីក​រាយ​ថា​៖«ពិត​ជា​សំ​ណាង​ណាស់​ដែល​រូប​នាង​ខ្ញុំ​បាន​យក​ឈ្នះ​ការ​ប្រ​ណាំង​ក្នុង​ថ្ងៃ​នេះ​​។ នេះ​មិន​មែន​ជា​បច្ចេក​ទេសឬក៏​ជា​យុទ្ធ​សាស្ត្រ​​របស់​យើង​​​​សម្រាប់​យក​ឈ្នះ​ដំណាក់​នេះ​ទេ​។ ប៉ុន្តែ​វា​ជា​សំ​ណាង​មួយ​ទៅ​វិញ​ទេ​។ នៅ​សល់​៨០០​ម៉ែត្រ​ចូ​ល​ដល់​ទី​ព្រ័ត្រ​មានការ​ដួល​បន្ត​បន្ទាប់​គ្នា​មួយ​។ ពេល​នោះ​ល្បឿន​របស់​ខ្ញុំ​ក៏​បាន​ថយ​ចុះហើយ​ខ្ញុំ​បាន​ធ្លាក់​ពី​លំ​ដាប់​ទី​៥​មក​ទី​២០ តែ​ខ្ញុំ​បាន​ព្យា​យាម​​បំ​ពេញ​ចន្លោះ​នោះ​»។

 ឯនៅ​លើ​តារាង​ពេល​វេលា​សរុប​វិញ បន្ទាប់​ពី​បញ្ចប់ដំ​ណាក់​ទី​១​នេះ កីឡាការិនី​​ Kirsten Wild ស្ថិត​នៅ​លំ​ដាប់​លើ​គេ​ដោយ​ប្រើ​ថិរវេលា​សរុប​អស់​២​ម៉ោង​ ១៦​នា​ទី​និង​៣៦​វិនា​ទី​នាំ​មុខ​កីឡាការិនី​អូ​ស្ត្រា​លី​ Chloe Hosking​​ដែល​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង​៨​​វិនា​ទី​។ ចំណែក​កីឡាការិនី​អា​ល្លឺ​ម៉ង់​​ Judith Arndtជិះ​ឱ្យ​ក្រុម​ GreenEdge-AISស្ថិត​នៅ​លំ​ដាប់​ទី​៣​ដោយ​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង​៩​វិនា​ទី​។​

ការ​ប្រណាំងកម្ម​វិធី​ Ladies Tour of Qatar ឆ្នាំ​​2012 ​​​នេះ​ចែក​ចេញ​ជា​៣​ដំណាក់​និង​មាន​​ចម្ងាយ​ផ្លូវ​សរុប៣០៤​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​២ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១១៤,៥​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Al Zubara Fort​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​Madinat Al Shamalប្រ​​ទេស​កាតា​ ៕