រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានចុះផ្សាយនៅលើទំព័រកាសែតកោះសន្តិភាពជុំវិញការចាកចេញរបស់កញ្ញាមាស សុខសោភា ពីផលិតកម្ម Town រួចមក ស្រាប់តែមានព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅបាននិយាយថា កញ្ញាមាស សុខសោភា បានចាកចេញពីផលិតកម្ម Twonហើយក៏បានវិលចូលទ្រនំចាស់វិញដែរ គឺផលិតកម្ម M ។ នេះជាព័ត៌មានមួយ ដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ចំពោះអ្នកគាំទ្រ កញ្ញាមាស សុខសោភា ដែលកន្លងមកកញ្ញាស៊ឹ ថៃណា ដែលធ្លាប់បានចាកចេញពីផលិតកម្ម M ទៅជ្រកនៅផលិតកម្ម Big man ហើយក៏បានវិលចូលផលិតកម្ម Mវិញ ផងដែរ ។
ទាក់ទងទៅនឹងការវិលចូលរបស់កញ្ញាមាសសុខសោភា ត្រូវបានអ្នកគ្រប់គ្រងនៅផលិតកម្ម M បកស្រាយប្រាប់កោះសន្តិភាពតាមទូរស័ព្ទឱ្យដឹងថា ចំពោះព័ត៌មានដែលគេនិយាយថា កញ្ញាមាស សុខសោភា វិលចូលផលិតកម្ម M វិញនេះ វាមិនមែនជាការពិតនោះទេ ព្រោះកន្លងមកកញ្ញាមាស សុខសោភា បាននិយាយថា ផលិតកម្ម Town ល្អសម្រាប់នាង ហើយរស់នៅសុខស្រួលណាស់ រឿងអ្វីដែលនាងចាកចេញនោះ ។ ប៉ុន្តែបើគាត់ចាកចេញពីផលិតកម្ម Town មកចូល M វិញនោះ ខ្ញុំគិតថា វាជាការល្អ ខ្ញុំនឹងស្វាគមន៍នាងជានិច្ច ។ តែសម្រាប់បច្ចុប្បន្ននេះគាត់មិនបានវិលត្រឡបមកផលិតកម្ម M នោះទេ ហើយបើគាត់ចូលវិញនោះខ្ញុំក៏មិនលាក់ដែរ ខ្ញុំនឹងប្រកាសបើកចំហជាសាធារណៈតែម្តង ។
គួរបញ្ជាក់ថា កន្លងមកលោកមាស សុខរតនៈ ដែលជាបងប្រុសបង្កើតរបស់កញ្ញាមាស សុខសោភា បានបដិសេធអំពីដំណើរនៃការចាកចេញពីផលិតកម្ម Town របស់ប្អូនស្រីលោកម្តងរួចមកហើយ ។ ប៉ុន្តែថ្មីៗនេះនៅតែមានលេចឮព័ត៌មានអំពីការចាកចេញរបស់កញ្ញាមាស សុខសោភា ដដែលដោយអ្នកគាំទ្រនៅតែយល់ថា ចំពោះពាក្យសម្តីលោកមាស សុខរតនៈ នោះគ្រាន់តែជាពាក្យបិទបាំងអំពីការចាកចេញតែប៉ុណ្ណោះ ៕



ចែករំលែកព័តមាននេះ