រាជធានីភ្នំពេញ ៖ នៅអធិការដ្ឋានខណ្ឌទួលគោក បានរៀបចំពិធីសន្និសីទកាសែតបង្ហាញមុខមាត់ពិតក្រុមចោរ៤នាក់ និងសកម្មភាពរបស់ពួកគេដែលអុកឡុករាជធានីភ្នំពេញ ដូចជាអំពើឆក់ ប្លន់ បង្ករបួសស្នាម និងអំពើមនុស្សឃាតផ្សេងៗ ។ ពិធីសន្និសីទកាសែតនេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣១ មករា ២០១២ ចូលរួមបង្ហាញដោយលោកហួត ចាន់យ៉ារ៉ាន់ អធិការប៉ូលិសខណ្ឌទួលគោក និងមន្ត្រីប៉ូលិសជាច្រើនទៀត ព្រមទាំងមានអ្នកកាសែតចូលរួមជាច្រើននាក់ផងដែរ ។
គួររំលឹកថា ក្រុមចោរប្លន់គ្រឿងអលង្ការ ឆក់ខ្សែ.ក និងមនុស្សឃាតយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវនគរបាលខណ្ឌទួលគោក ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន៤នាក់ ក្នុងនោះមានស្ត្រីម្នាក់កាលពីយប់ថ្ងៃទី២៩ និងរសៀលថ្ងៃទី៣០ មករា ដកហូតកាំភ្លើងខ្លីម៉ាក K54 មួយគ្រឿង ។
ជនសង្ស័យដែលចាប់ខ្លួន ១-ឈ្មោះហេង បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជាមេខ្លោងប្រើប្រាស់អាវុធខ្លី K54 មួយដើម ២-ឈ្មោះលក្ខណា ភេទស្រី ៣-ឈ្មោះសល់ រស្មី ភេទប្រុស អាយុ១៨ឆ្នាំ និងម្នាក់ទៀតពុំទាន់ស្គាល់ឈ្មោះ ។ តាមព័ត៌មានឱ្យដឹងថា កាលពីវេលាល្ងាចថ្ងៃទី២៩ មករា សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវចាប់បានស្ត្រីម្នាក់ដែលជាសង្សារក្រុមចោរប្លន់ ។ តាមការសារភាពរបស់ស្ត្រីខាងលើនៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី២៩ មករា សមត្ថកសិច្ចក៏ឈានដល់ឃាត់ខ្លួនបក្សពួក២នាក់នៅផ្ទះសំណាក់ក្បែរផ្សារនាគមាស ។ លុះនៅវេលាព្រឹកថ្ងៃទី៣០ មករា សមត្ថកិច្ចដកហូតបានកាំភ្លើងខ្លីមួយដើមដែលឈ្មោះហេង បញ្ញា លាក់ទុកនៅផ្ទះ ហើយនៅវេលាម៉ោង៣រសៀល ក៏ឈានទៅឃាត់បានបក្សពួកម្នាក់ទៀត សរុបទាំងអស់៤នាក់ ដកហូតបានកាំភ្លើងខ្លី១ដើម និងម៉ូតូចំនួន២គ្រឿង ព្រមទាំងខ្សែ.កក្លែងក្លាយមួយចំនួនទៀត ។
តាមសមត្ថកិច្ចបង្ហើបឱ្យដឹងថា ក្រុមនេះជាក្រុមចោរប្លន់គ្រឿងអលង្ការ ឆក់ខ្សែ.កបង្ករបួសស្នាម និងមនុស្សឃាតយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ កន្លងមក៕
ចែករំលែកព័តមាននេះ