ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​​សភា​សម្ព័ន្ធ​​សហ​ជីព​​ជាតិ​កម្ពុជា​​ស្តី​ពី​​​ឧស្សា​ហកម្ម​​វាយ​​ន​ភ​ណ្ឌ​ និង​ស្បែក​ជើង​ឆ្នាំ​2011

14 ឆ្នាំ មុន

សភាសម្ព័ន្ធ​សហ​ជីពជាតិ​កម្ពុជា​(NACC) គឺ​ជា​សម្ព័ន្ធ​សហ​ភាព​​​នៃ​អង្គ​ការ​​​វិជ្ជា​​ជី​វៈ​សហជីព​​កម្ម​ករ​​​​ មាន​សហ​ព័ន្ធ​សហ​ជីព​​/សមាគមចំ​នួន​​២០​ជា​សមា​ជិក​​ និង​មាន​ស​មា​ជិក​សរុប​​​ចំនួន​​២១០.៩១៨​នាក់​។ NACC ​បាន​និង​កំ​ពុង​​​​​​​​តែ​ធ្វើ​សកម្ម​ភាព​​​យ៉ាង​សកម្ម​នៅ​ក្នុង​​​វិ​ស័យ​​វាយ​នភណ្ឌ​​កាត់​ដេរ​សម្លៀក​បំពាក់​​ និង​ស្បែក​ជើង​​ វិ​ស័យ​សេដ្ឋ​កិច្ច​​​ក្រៅ​ប្រ​ព័ន្ធ​​​​ វិ​ស័យ​​អប់​រំ​ ​វិ​ស័យ​​​ចម្ការ​កៅ​ស៊ូ​ វិស័យ​​កម្ម​ករ​អន្តោ​​ប្រវេសន៍​​។ល។ ក្នុង​គោល​បំណង​ចូលរួម​ចំ​ណែក​ការ​ពារ​សិទិ្ធ​​​ និង​ផល​ប្រ​យោជ​ន៍​ស្រប​ច្បាប់​​របស់​កម្ម​ករ​​និ​យោ​ជិត​​ និង​រួម​ចំណែក​​ការ​ពារ​​នូវ​បរិ​យា​កាស​​​​​វិ​និ​យោគ​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​។

សភា​សម្ព័ន្ធ​សហ​ជីព​​ជាតិ​កម្ពុជា​​​(NACC)​សូម​​ធ្វើ​ការ​កត់​សម្គាល់​​​នូវ​ស្ថាន​ភាព​​ឧ​ស្សា​​ហកម្ម​កាត់​ដេរ​​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​​នៅ​ក្នុង​​ប្រទេស​កម្ពុ​ជា​​​ដូច​តទៅ​​៖
១-ស្ថាន​ភាព​​រោង​ចក្រ​កាត់​ដេរ​នៅឆ្នាំ​២០១១
ឆ្នាំ​២០១១​ វិស័យ​វាយ​ន​ភណ្ឌ​​កាត់​ដេរ​សម្លៀក​​​បំពាក់​​​ និង​ស្បែក​ជើង​​ មាន​កំណើន​នាំ​ចេញ​ខ្ពស់​ មានការ​បញ្ជា​​ទិញ​ច្រើន​ មាន​ស្ថិរ​ភាព​ការ​ងារ​​ សន្តិ​សុខ​ការ​ងារ ​និង​មាន​រោង​ចក្រ​​ថ្មី​ៗ​ត្រូវ​​​បាន​បើក​ជា​ច្រើន​នៅ​តាម​​បណ្តា​ខេត្ត-ក្រុង​។​ បរិ​យាកាស​វិនិ​យោគ​ល្អ​​​ប្រ​សើ​រ​នេះ​​ បាន​ផ្តល់​​នូវ​ទំ​នុក​ចិត្ត​​ពី​អ្នក​វិនិយោគ​​ទុន​ជាតិ​ និង​អន្តរជាតិ​​​មក​បណ្តាក់​ទុន​គ្រប់​វិ​ស័យ​​ ហើយ​បា​ន​បង្កើត​ការ​ងារ​ជូន​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​​​សែ​ន​នាក់​។ ​​ជា​មួយ​នឹង​កំណើន​ខ្ពស់នៃ​​ឧស្សា​ហកម្ម​​​កាត់​ដេរ​ ក៏​មាន​​ការ​បារម្ភ​ផង​ដែរ​​ចំពោះកម្លាំង​ពល​កម្ម​​ ហើយ​រោង​​ចក្រ​​ជា​ច្រើន​មិន​អាច​ជ្រើ​ស​រើស​កម្ម​ករ​​​ទៅ​តាម​តម្រូវ​ការ​របស់​ខ្លួន​។​

​ ក្រុម​ហ៊ុន​កាត់ដេរ​នីមួយ​ៗ​​​មាន​ការ​បញ្ជា​ទិញ​សំ​បូរ​បែប​ កម្ម​ករ​មាន​ការ​ងារ​ធ្វើ​ទៀង​ទាត់​។​ យោង​តាម​របាយ​ការ​ណ៍​​របស់​សមា​គម​កាត់​ដេ​រ​កម្ពុជា​​(GMAC)​ បាន​បង្ហាញ​​​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​​​ផលិត​ផល​វាយ​ន​ភណ្ឌ​​កាត់​ដេរ​​សម្លៀក​បំពាក់​​​ និង​ស្បែក​ជើង​នៅ​ឆ្នាំ​២០១១​ មានទឹក​ប្រាក់​ចំ​នួន​៤.០០០​លាន​ដុល្លារ​ លើ​ស​ពីការ​រំពឹង​ទុក​​​ពី​មុន​ដែល​អាច​មាន​ចំ​នួន​​​ត្រឹម​តែ​​​៣.៥០០​លាន​ដុល្លារ​។ ឆ្នាំ​២០១០​​ មាន​ការ​ងារ​​​ចេញ​គិត​ជា​ទឹក​ប្រាក់​​ចំ​នួន​​៣.០០០លានដុល្លារ​ប៉ុណ្ណោះ​។ ​របាយ​ការណ៍​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​​​ថា ​មាន​រោង​ចក្រ​​បើក​ថ្មី​​ចំនួន​​​៥០​រោង​ចក្រ​ បិទ​ទ្វារ​ចំនួន​០ និង​រោង​ចក្រ​ព្យួរ​​​ការ​ងារ​ចំ​នួន​​១​។​

២-ស្ថា​ន​ភាព​​លក្ខ​ខណ្ឌ​ការ​ងារ
​ជា​ទូ​ទៅ​ លក្ខ​ខណ្ឌ​ការងារ​​មាន​លក្ខ​ណៈ​​​​ល្អ​ប្រ​សើរ​​​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​។ ​និ​យោ​ជក និង​សហ​ជីព​​កម្ម​ករ​បាន​ផ្លា​ស់​ប្តូរ​​ឥរិ​យា​បថ​​ប្រកាន់​នូវ​ជម្លោះ​តឹង​តែង​​ មក​ជា​ការ​ចរចាដោយ​សន្តិ​វិ​ធី​​​វិញ​ ​ហើយ​ភាគី​​​ពាក់​ព័ន្ធ​​ទាំង​អស់​​ខិត​ខំជំរុ​ញ​ និង​​​ពង្រឹង​កិច្ច​​សន្ទនា​សង្គម​ បោះ​បង់​​នូវ​ការ​ធ្វើកូដ​កម្ម​​​ ​ឬ​ឡុក​អៅ​មិន​ស្រប​​​តាម​នីតិ​វិធី​ច្បាប់​​​ មក​ជជែក​​គ្នា​ដោយ​ស្មោះ​ត្រង់​​ក្នុង​ភាព​ជា​ដៃ​គូ​និងទទួល​ខុស​ត្រូវ​ខ្ពស់​។

​ឈរ​លើ​ស្មារ​តី​ទទួល​ខុស​ត្រូវ​រួម​​នេះ បានជំ​រុញ​ឱ្យ​ភាគី​​​ទាំង​ពីរ​​ឈាន​ទៅ​រក​ការ​​​ចុះ​ហត្ថ​លេខា​លើ​​អនុស្សរណៈ​យោគ​យល់​​(MOU) មាន​​​អាណត្តិ​​មួយ​ឆ្នាំ​​ម្តង​។ អនុស្សរណៈ​យោគ​យល់​នេះ​​​មាន​​៩​ចំណុច​​ ដែល​ខ្លឹម​សារ​សំ​ខាន់​​ផ្តោត​ទៅ​លើ​​ការ​ពង្រឹង​ទំ​​នាក​់ទំ​នង​​​វិជ្ជា​ជីវៈ​ ការ​ចរចា​អនុស​ញ្ញា​រួម​(CBA) ការចង​កាត​ព្វ​កិច្ច​សេច​ក្តី​​បង្គាប់​របស់​ក្រុម​ប្រឹក្សា​​អា​ជ្ញ​ា​កណ្តាល​​​​ចំពោះ​វិ​វាទ​ទាំង​ឡាយ​ណា​​ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សិទ្ធ​ិ​​ និង​ជា​ពិ​សេស​ គឺ​ការ​ប្តេជ្ញា​ចិត្ត​​ត្រូវ​តែ​ដោះ​ស្រាយ​​​វិវាទ​ឱ្យ​អស់​នី​តិ​វិធី ​ទើប​ប្រកាន់​យក​នូវ​ការ​ធ្វើ​កូដ​កម្ម​​ដោយ​សន្តិ​វិធី​​។ល។​

​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិ​ជ្ជ​ាជី​វៈ​​ ក្រសួង​ពាណិជ្ជ​កម្ម​​ និងក្រ​សួង​មហាផ្ទៃ​ បាន​ធ្វើ​​សេចក្តី​​ប្រកាស​រួម​ បង្ខំ​​ឱ្យ​ក្រុម​ហ៊ុន​​​កាត់​ដេរ​ខ្នាត​តូច​​​​ ដែល​ទទួល​​ដេរ​ឈ្នួល​បន្ត​ពីក្រុម​ហ៊ុន​ធំៗ​​ចុះ​បញ្ជី​នៅ​ក្រសួង​ពា​ណិជ្ជកម្ម​​ និង​ចូលជា​សមា​ជិក​សមា​គម​កាត់​ដេរ​កម្ពុជា​​(GMAC)​​ ដើម្បី​ងាយ​ស្រួលត្រួត​ពិនិត្យ​ក្រុម​ហ៊ុនទាំង​នោះ​ ​​ឱ្យ​អនុវត្ត​​ច្បាប់​ការ​ងារ​ និង​បទ​ដ្ឋាន​អន្ត​រជាតិ​​បាន​ត្រឹម​ត្រូវ​​ ចៀស​វាង​ការ​​ប្រើ​ប្រាស់​កិច្ច​សន្យា​ការ​ងារ​ខ្លី​ៗ​។ ការ​ប្រើ​ប្រាស់​​កិច្ច​សន្យា​ការ​​ងារ​ខ្លី​នេះ​ ធ្វើ​ឱ្យ​​បាត់​បង់​​ផល​ប្រ​យោជន៍​​​របស់​កម្ម​ករ​ និង​ជា​ពិសេស​ គឺ​​ជា​ឧ​បសគ្គ​​រា​រាំង​​​ដល់​កម្ម​ករ​ក្នុង​ការ​បង្កើត​សហ​ជីព​​ និង​ចូល​រួម​ក្នុង​ចលនា​​សហ​ជីព​។ យើង​មានជំ​នឿ​ថា ​នៅ ឆ្នាំ​២០១២​នេះ​ នឹង​មិន​មាន​​រោង​ចក្រ​​ដេរ​ស៊ី​ឈ្នួល​​បន្ត​(Sub Contractors)​​ណាមួយ​​ រួច​កាតព្វ​កិច្ច​​​​ក្នុង​ការ​អនុ​វត្ត​​ច្បាប់​​ឱ្យ​បាន​ពេញ​លេញ​នោះ​ទេ​។

អង្គ​ការ​ពល​កម្ម​អន្ត​រជាតិ​​​ ​ផ្នែក​រោង​ចក្រ​កាន់​តែ​ប្រ​សើរ​​(ILO-BFC) គឺ​​ជា​យន្ត​ការ​​ឯក​រាជ្យ​​មួយ​កំពុង​​តែ​ដើរ​តួ​យ៉ាង​សំខាន់​​ផង​ដែរ​ ក្នុង​ការ​ចូលរួម​​ចំណែក​ត្រួត​ពិ​និត្យ​លក្ខ​ខណ្ឌ​​ការ​ងារ​ នៅ​ក្នុង​​ប្រ​ទេស​កម្ពុជា​​ ដែលនេះ​គឺ​ជា​ចេត​នា​ និង​សេច​ក្តី​​ក្លាហាន​​របស់​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា ក្នុង​​ការ​​លើក​ទឹក​ចិត្ត​​ និង​អនុ​ញ្ញាតឱ្យ​ប​ង្កើន​យន្ត​ការ​នេះឡើង​ ដើម្បី​​ចូល​រួម​​​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​​​ ក្នុង​ការ​កែ​លម្អវិ​ស័យឧស្សា​ហក​ម្ម​​កាត់​ដេរ​នៅ​កម្ពុជា​​ និង​ដើម្បី​​​ទាក់​ទាញ​​ និង​ផ្តល់​ជំ​នឿ​ចិត្ត​​​​​បន្ថែម​ទៀត​​ដល់​អ្នក​បញ្ជា​ទិញ​​​​(Buyers)។ យន្ត​ការ​នេះ​ពុំ​​ទាន់​មាន​ប្រទេស​ណាមួយ​នៅ​ក្នុង​​តំបន់​​ហ៊ាន​បង្កើតនោះ​ទេ​។

អនុ​សញ្ញា​រួម​​ការ​ងារ​(Collective Bargaining Agreement, CBA) ដែល​​បង្កើត​ឡើង​ដោយ​ការ​ចរចាវាង​​​ភាគ​ី​និយោ​ជក និង​សហ​ជីព​​​កម្ម​ករ​នៅ​កម្រិត​​​​រោង​ចក្រ​សហ​គ្រាស​មាន​ការ​កើន​ និង​រី​ក​ចម្រើន​​​ជាង​បណ្តា​ឆ្នាំ​​មុន​ៗ​។​ ​អនុ​សញ្ញា​​រួម​ គឺ​ជា​បទ​ដ្ឋា​ន​ ឬ​ច្បាប់​​​ដែលមាន​ខ្លឹម​សារ​​ប្រសើរ​ជាង​ច្បាប់​ផ្សេងៗ​ដែល​​​មា​ន​ស្រាប់​​។ ម្យ៉ាង​ទៀត​​ ការ​សម្រេច​បាន​ជោគ​ជ័យ​​ នូវ​ការ​ចរ​ចានៃ​​អនុ​សញ្ញា​​រួមការ​​ងារ​នេះ​ គឺ​ជាកា​រ​ឆ្លុះ​បញ្ចាំង​​​ឱ្យ​​ឃើញ​នូវ​​​កម្រិត​​ទំ​នាក់​ទំ​នង​​វិជ្ជា​ជី​វៈ​​​​​របស់​សហ​ព័ន្ធ​សហ​ជីព​​​ និង​និយោជក​ ហើយ​ជាពិសេស​​​អនុសញ្ញា​រួម​គឺ​ជា​ម៉ែត្រ​វាស់​​​ភាព​ខ្លាំង​របស់សហ​ជីព​ ពី​ព្រោះ​​សហជីព​ដែលមាន​សិទ្ធិ​ធ្វើ​អនុ​សញ្ញា​​​​រួម​ការ​​ងារ​បាន​ លុះត្រា​តែ​​​មាន​សមា​ជិក​យ៉ាង​តិច​​​៥០​​បូក​១​ និង​មាន​ការ​ទទួល​ស្គាល់​ភាព​​ជា​តំ​ណា​ង​បំផុត​ពី​​ក្រសួង​ការ​ងារ​​។ តាម​ការ​ប៉ាន់​ស្មាន​សម្រាប់​​​វិស័យ​​កាត់​ដេរ​​សម្លៀក​​បំពាក់​​ និង​ស្បែក​ជើង​​ អនុសញ្ញា​​រួម​មាន​​ប្រមាណ​​តែ​៣៥​រោង​ចក្រ​​​ប៉ុណ្ណោះ​​ នៅ​ក្នុង​​​ចំណោម​រោង​ចក្រ​ប្រមាណ​​៥០០។

៣-​អំ​ពី​ការ​ដោះ​ស្រាយ​​វិវាទ​​ការ​ងា​រ
​នាយក​ដ្ឋាន​វិវាទ​​ការ​ងារ​​ គឺ​ជា​ស្ថាប័ន​​​នៅ​ក្រោម​​​​​ក្រសួង​ការ​ងារ​​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​ មាន​ភារកិច្ច​ដោះ​ស្រាយ​ និង​ផ្សះផ្សា​​​វិវាទ​​​ការ​ងារ​​​ក្នុង​វិ​ស័​យ​ឯកជន​​​។​ ស្ថា​ប័ន​នេះ​មាន​សិទ្ធិ​តែ​​សម្រប​សម្រួល​ និងផ្សះ​ផ្សាប៉ុណ្ណោះ​ ពុំ​មាន​​សិទ្ធិ​ក្នុង​ការ​សម្រេច​​ ឬ​កាត់​ក្តីដល់​ភាគី​នោះ​​ទេ​ ​។ យើង​សង្កេត​ឃើញ​ថា ​ស្ថា​ប័ន​​នេះ​មាន​​ការ​មមាញឹក​​ណាស់​ក្នុង​​ការ​ចូល​រួម​ដោះ​ស្រាយ​​ដល់​ភាគីជម្លោះ​ ហើយ​ប្រ​សិន​បើ​​កា​រ​ផ្សះ​ផ្សា​​មិន​សះ​ជា នឹង​សរសេរ​របាយការណ៍​​ដាក់​ជូន​​​​​ក្រសួង​​​ការ​ងារ​ពិ​និត្យ​​​​និង​សម្រេច​ ដើម្បី​ប្តឹង​ទៅ​​​ក្រុម​អា​ជ្ញា​​កណ្តាល​ដោះ​ស្រាយ​​បន្ត​។ ​ក្រសួង​ការ​ងារ​គឺ​ជា​ស្ថាប័​ន​តែ​មួយ​​​គត់​មាន​សិទិ្ធ​​ប្តឹង​​​​​​ទៅ​ក្រុម​ប្រឹក្សា​​អា​ជ្ញា​កណ្តាល​ នូវ​​រាល់​​បញ្ហា​វិវាទ​​​​របស់​កម្ម​ករ​និ​យោ​ជិត។

គណៈ​កម្ម​ការ​​ប្រឹក្សា​​ការ​ងារ​(LAC)​ ​គឺ​ជា​យន្ត​ការ​ត្រី​​​​​ភាគី​​តែមួយ​គត់​​​សម្រាប់​ពិ​ភាក្សា​ដោះ​ស្រាយ​​​​នៅ​កម្រិត​ថ្នាក់​​​​​ជាតិ​​ដែលពាក់ព័ន្ធ​​ទៅ​នឹង​សិទ្ធិ​​​​​ និង​ផលប្រយោជន៍​​កម្ម​ករ​និយោ​ជិត​ ដូច​ជាការ​​ដំ​ឡើង​​ប្រាក់​​ឈ្នួល​​​ និង​ការ​​​បង្កើ​ត​នូវ​​​ប្រកាស​ សារាចរ​ និង​បទដ្ឋាន​ផ្សេងៗ​ជា​ដើម​។ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​​គឺ​ជា​យន្ត​ការ​ឯក​រាជ្យ​​ដែលបាន​​បង្កើត​ឡើង​នៅ​​ឆ្នាំ​​២០០៣​ សម្រាប់​​​​ដោះ​ស្រាយ​សំណុំ​រឿង​​​តាម​វិស័​យ​​​ពាណិជ្ជ​កម្ម​​​​ ក្នុង​នោះ​វិស័យ​ឧស្សា​ហកម្ម​​​​កាត់​ដេរ​​​សម្លៀក​បំ​ពាក់​​ និងស្បែកជើង​​​​​មានសំ​ណុំ​រឿង​ច្រើន​ជាង​គេ​​ ត្រូវ​បានប​ញ្ជូន​​​ទៅ​ក្រុម​​ប្រឹក្សា​​ភិបាល​​អាជ្ញា​​កណ្តាល​។

យន្តការ​​នេះ​​​ទទួលបាន​​នូវ​ការ​គាំ​ទ្រ​​​ពីភាគី​ពាក់​ព័ន្ធ​​​ ជា​ពិសេស​​ភាគី​​​ជម្លោះ​ មានភាគី​​​សហ​ជីព​​ និ​ងភាគី​​និយោ​ជក​។​ ប៉ុន្តែ​ទោះ​បី​ជា​​មាន​ចំណុច​វិជ្ជមាន​​​ជា​ច្រើន​​​ក៏​ដោយ​​ ក៏នៅ​មាន​ចំណុច​សេស​សល់​ខ្លះ​ទៀត​​ ដែល​​ភាគី​អា​ជ្ញា​កណ្តាល​​​ និង​ក្រសួង​ការ​ងា​រ​ នៅ​មិន​​ទាន់​ធ្វើការ​បក​ស្រាយ​​ស៊ី​សង្វាក់​​គ្នា​ចំ​ពោះ​​មាត្រា​មួយ​ចំនួន​​នៃ​ច្បាប់​​ការ​ងារ​ និង​​សេចក្តី​​បង្គាប់​នៅ​មិន​ទាន់​អនុ​វត្ត​​​ឱ្យ​​មាន​ប្រសិទ្ធ​ភាព​នៅ​ឡើយ​។

ឆ្នាំ​២០១១ ក្រុមប្រឹក្សា​​អា​ជ្ញា​​កណ្តាល​​ បាន​ផ្សះ​ផ្សារ​​​ និ​ង​កាត់​សេច​ក្តី​សំ​ណុំ​រឿង​​វិវាទ​ការ​ងារ​​​​​ចំ​នួន​​១៨៥​ មាន​​កំណើនជា​មធ្យម​​​​១៥​ សំ​ណុំ​រឿង​​ក្នុង​មួ​យ​ខែ​​ ដែល​ក្នុង​ឆ្នាំ​​២០១០​​មាន​សំ​ណុំ​រឿង​តែ​១៤៥​ និង​មាន​កំណើន​ជា​មធ្យម​​តែ​​១២​ សំ​ណុំ​រឿង​​​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ​។ ចំ​ណែក​​ឯ​កូដ​កម្ម​កើត​ឡើង​​​​ត្រឹម​តែ​៣៣លើក​ប៉ុណ្ណោះ​​។ នៅ​ក្នុង​សំ​ណុំ​រឿងចំនួន​​​​១៨៥​​​របស់​ក្រុម​ប្រឹក្សា​អា​ជ្ញា​កណ្តាល​​​នេះ​មាន​​៩២​ភាគ​រយ​​ជា​សំ​ណុំ​រឿង​​ផ្នែក​​​វិ​ស័យ​វាយ​ន​ភណ្ឌ​កាត់​ដេរ​ និង​៨​ភាគរយ​​ជា​​សំ​ណុំ​រឿង​ផ្នែក​​វិស័យ​​ផ្សេងៗ​។

ការ​កើន​ឡើង​នៃ​សំណុំរឿង​​​របស់​ក្រុម​ប្រឹក្សា​​អា​ជ្ញា​កណ្តាល​​​ និង​ការ​​ថយ​ចុះ​ចំនួន​កូដ​កម្ម គឺ​ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ភាគី​សហ​ជីព​​ និង​ភាគី​និ​យោ​ជក​ ​ព្រម​ទាំង​​ភាគី​ពាក់​ព័ន្ធ​​ដទៃ​ទៀត​​ក្នុង​ការអនុ​វត្ត​​អនុ​ស្សរ​ណៈ​​យោគ​យល់​​​(Mou)។ ​ជា​ពិសេស​ បាន​បង្ហាញ​​ឱ្យ​ឃើញ​ផង​ដែរ​​​នូវ​ភាព​ចាស់​ទុំ​​​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​​​​របស់​ថ្នាក់​ដឹក​នាំ​សហ​ជីព​ភាគ​ច្រើន​​​ ដែល​បាន​ប្តូរ​យុទ្ធ​សាស្ត្រ​ពី​​កូដកម្ម​​ខុស​នី​តិ​វិ​ធី​ មក​ជា​កូដ​កម្ម​ស្រប​​តាម​នី​តិ​វិ​ធី​ ហើយ​ការ​អនុ​វត្ត​​កូដ​កម្ម​​គឺ​ធ្វើ​ឡើង​​បន្ទាប់​ពី​ក្រុម​​ប្រឹក្សា​​អាជ្ញា​កណ្តាល​​ចេញ​សេច​ក្តី​​បង្គាប់​។​

៤-​ប្រាក់​​ឈ្នួល​កម្ម​​ករ​ និ​យោជិត​
ប្រាក់​ឈ្នួលកម្ម​ករ​ និ​យោជិត​​ ត្រូ​វ​បាន​ដំ​ឡើង​​​ជា​បន្ត​បន្ទាប់​តាមរយៈ​​យន្ត​ការ​​ត្រី​ភាគ​ី​​ គឺ​គណៈ​កម្ម​ការ​​​ប្រឹក្សា​ការ​ងារ​​​​(LAC)។ ឆ្នាំ​​២០១១​ ប្រាក់​ឈ្នួល​អប្ប​បរមា​​​របស់​កម្មករ​និ​យោ​ជិត​​ផ្នែក​កាត់​ដេរ​​​សម្លៀ​ក​បំពាក់​​​ និង​ស្បែក​ជើង​​ ដែល​បាន​កំណត់​​ក្នុង​ច្បាប់​គឺ​​១-​​កម្ម​ករ​សាក​ល្បង​​​៥៦​ដុល្លារ​ក្នុ​​ង​មួយ​​ខែ​​​ ២-​​​កម្ម​ករ​ពេញសិទ្ធិ​​​៦១​ដុល្លារ​​ក្នុង​មួយ​ខែ​​​ ៣-​​​ប្រាក់​រង្វាន់​ធ្វើការ​ទៀង​ទាត់​​៧ដុល្លា​រ​ក្នុង​មួយ​ខែ​ ៤-​ប្រាក់​​អតី​ត​ភាព​​​ការ​ងារ​ចាប់​ពី​​២​ដល់​​១១​ដុល្លារ​ក្នុង​មួយ​ខែ​។

​​ក្រៅ​ពី​ប្រាក់​​ឈ្នួល​អប្ប​បរមា​​ ដែល​មាន​កំណត់​ដូច​ខាង​លើ​នេះ​​ មាន​រោង​ចក្រ​មួយ​ចំនួន​​​បាន​អនុ​វត្ត​ដោយ​ផ្តល់​ឱ្យ​កម្ម​ករ​​​លើ​ស​ច្បាប់​កំ​ណត់​ គឺ​ប្រាក់​​​ខែ​គោ​ល​ផ្តល់​ឱ្យ​កម្មករ​​​ចាប់​​ពី​​៦១​រហូត​ដល់​៧៥​ដុល្លារ​ក្នុង​មួយ​ខែ​​ និង​ប្រាក់​រង្វាន់​ធ្វើកា​រ​​ទៀង​ទាត់​​​​រហូត​ដល់​​​៣០​ដុលា្លរ​​​ក្នុង​មួយ​ខែ​​ និង​​មាន​បន្ថែម​​​​នូវ​ប្រាក់​​ជំ​នាញ​​​ និង​ប្រាក់​​រង្វាន់​​លើក​ទឹក​ចិត្ត​​ផ្សេង​ៗ​​ទៀត​ដូច​ជា​ ប្រាក់​សម្រាប់​​អា​ហារ​​​ថ្ងៃ​ត្រង់​ ប្រាក់​រង្វាន់់​ប្រចាំ​សប្តាហ៍​ជា​​ដើម​។

ជា​ពិសេស​ សម្តេច​តេ​ជោ​​​​នាយក​រដ្ឋ​មន្ត្រី​​​នៃព្រះ​រាជា​ណាចក្រកម្ពុជា​​​​​ ​បាន​សម្រេច​ប្រកាស​បន្ថែម​​​​នូវ​ប្រាក់​​សម្រាប់​ថែ​ទាំ​​សុខ​ភាព​​​កម្ម​ករ​ចំនួន​​​៥ដុលា្លរ​ក្នុង​មួយ​ខែ​​ សម្រាប់​កម្ម​ករ​​​​និ​យោ​ជិត​​​ផ្នែក​​ឧស្សា​ហ​កម្ម​​​កាត់​ដេរ​សម្លៀក​បំពាក់​​​ និងស្បែក​ជើង​​ ដែល​នឹង​ត្រូវ​​អនុ​វត្ត​​​ចាប់​ពី​ខែ មករា​​ ឆ្នាំ ​២០១២​តទៅ​​។ ដូច្នេះ​ ប្រាក់​ឈ្នួលកម្ម​ករ​និ​យោ​ជិត​​​​ គិត​ជា​​មធ្យ​​ម​អាច​​ទទួល​បាន​ប្រាក់​ខែ​​​ចាប់​ពី ​៩៥​ដុល្លារ​​ទៅ​​១៥៥​ដុល្លារ​ ហើយ​ប្រាក់​នេះ​​បង​ប្អូ​នកម្ម​ករ​អាច​​​ចែក​ជា​​៣​កញ្ចប់​គឺ​​​ ១-​​សម្រាប់​ទ្រ​ទ្រង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​​ ២-​សម្រាប់​សន្សំ​ទុក​ ៣-សម្រាប់​​​ផ្ញើ​ទៅ​ក្រុ​ម​គ្រួសារ​​។ តាម​ការ​ស្រាវ​ជ្រាវ​ ប្រាក់​​ឈ្នួល​​​កម្ម​ករ​ចំ​នួន​​​១នាក់​​ គឺ​​សម្រាប់​ចាយ​មនុស្ស​​ចំ​នួន​៣នាក់​បាន​ន័​យថា ចំនួន​កម្ម​ករសរុប​​​៤៥០.​០០០​​ គុណ​នឹង​៣នាក់​​​​ស្មើ​នឹង​​១.៣៥០.០០០​នាក់។​

៥-​សកម្ម​ភាព​​សហជីព​
​នៅ​ឆ្នាំ​​២០១១​ ចលនា​សហជីព​កម្ម​ករ​បាន​កើន​ឡើង​យ៉ាង​គំ​ហុក​​ មាន​សភាសម្ព័ន្ធ​​សហជីព​ជាតិ​កម្ពុជា​ ឬ​ហៅ​ថា ​សម្ព័ន្ធ​​សហ​ភាព​ចំនួន​​១​ មាន​សហ​ភាព​ចំនួន​​៩ ​​មាន​សហ​ព័ន្ធ​សហ​ជីព​ចំ​នួន​​​៦៣​​ មាន​សហ​ជីព​​​មូល​ដ្ឋាន​ប្រ​មាណ​​​ជាង​​២.០០០។ ការ​រីក​ចម្រើន​ខាង​ចល​នា​សហជីព​​​នេះ​ គឺ​ដោយ​សារ​​តែ​ប្រទេស​កម្ពុជា​​មា​ន​ច្បាប់​​ មាន​ច្បាប់​ជាតិ​​ និង​អនុ​សញ្ញា​អន្ត​រជាតិ​​សំបូរ​បែប​ និង​​​បាន​ផ្តល់​សិទ្ធិ​សេ​រីភាព​យ៉ាង​ពេញ​លេញ​ដល់​ប្រជា​ពល​រដ្ឋ​​​ ក៏​ដូច​កម្មករ​និយោជិត​​បង្កើត​អង្គ​ការ​​វិ​ជ្ជា​​ជី​វៈ​​សហ​ជីព​​ និង​​ចូល​​រួម​នៅ​​ក្នុង​ចល​នា​​នេះ​ ដោយ​​គ្មាន​​ការ​គាបសង្កត់​​​ ឬ​​គំ​រាម​កំហែង​​ និង​ចូលរួម​នៅក្នុង​​សកម្ម​ភាព​នយោ​បាយ​​ទៅ​តាម​និន្នា​ការ​​​​​រៀង​​ៗ​ខ្លួន​។

មាន​សហ​ជីព​ជា​ច្រើ​ន​​ បាន​ចូល​​រួម​ចំ​ណែក​​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ការ​ពារ​​​សិទ្ធិ​ និង​​ផល​ប្រ​យោជន៍​​របស់​កម្ម​ករ​ ក៏​​ដូច​ជា​​​ការ​ចូលរួម​ការ​ពារ​​​នូវ​បរិ​យាកាស​​វិ​និ​យោគ​ លើ​ក​លែង​​តែ​សហ​ជីព​មួយ​​ចំនួន​​​​តូច​ប៉ុណ្ណោះ​​​ ដែល​ធ្វើ​​​សកម្ម​ភាព​ទៅ​តាម​​គោល​នយោ​បាយ​ម្ចាស់​​ជំ​នួយ​ និង​គណបក្ស​​នយោ​បាយ​​​​ប្រឆាំ​ង​ បង្ក​ការ​អុក​ឡុក​ ធ្វើ​កូដ​កម្ម​ បាតុ​កម្ម​ខុស​​ច្បាប់​ ​បំផ្លិច​បំ​ផ្លាញ​​បរិ​យា​កាស​​​វិនិយោគ​​ ដើម្បី​​កេង​​ចំ​​ណេញ​​នយោ​បាយ​​ និង​ទទួល​​បាន​ជំ​នួយ​​ពីបរទេស​។

៦-​អំពី​​ច្បាប់​សហ​ជីព​
សេច​ក្តី​ព្រាង​ច្បាប់​សហ​ជីព​​ ដែល​ត្រូវ​​បាន​ជួយ​សរ​សេរ​ឡើង​ដោយ​ជំ​នាញ​​ការ​អង្គការ​ពលកម្ម​​អន្តរ​ជាតិ​​​​(ILO) ​និង​កែ​សម្រួល​ដោយ​ក្រសួង​​ការ​ងារ​ និង​ជាពិសេស​​បាន​ផ្តល់​​​​​​ឱ​កាស​ដល់​ដៃ​គូរ​ពាក់​ព័ន្ធ​​ទាំង​អស់​​​ពិ​ភាក្សា​​​យ៉ាង​ផុល​ផុស​​​តាមរយៈ​​​សិក្ខាសាលា​​​ជា​ច្រើន​​លើក​ច្រើន​សា ដែល​រហូត​​មក​ដល់​ពេល​នេះ​យើង​ឃើញ​ថា ខ្លឹម​​សារ​នៃ​សេច​ក្តី​​​ព្រាង​ច្បាប់​​​ទាំង​មូល​​ ត្រូ​វ​បាន​​​កែ​សម្រួល​យ៉ាង​​ទូលំ​ទូលា​យ​​ ហើយ​សង្ឃឹម​ថា នឹង​មា​ន​ការ​កែ​សម្រួល​​បន្ថែម​​​ទៀត​មុន​​នឹង​ច្បាប់​​នេះ​ ត្រូវ​ធ្លាក់​ដល់​ស្ថាប័ន​រដ្ឋ​សភា ​​ព្រឹទ្ធ​សភា​ ដើម្បី​ធ្វើការ​អនុ​ម័ត​។ យើង​មាន​ជំ​នឿ​​ថា នៅ​ពេលអនុ​វត្ត​​ ខ្លឹមសារច្បាប់​​សហ​ជីព​នេះ​ នឹង​​ផ្តល់​​យុត្តិ​ធម៌​​​ស្មើ​គ្នា​​ ហើយ​មិន​​ផ្តល់​​ប្រៀប​ទៅ​ខាង​​ភាគី​ពាក់​ព័ន្ធ​​​ណា​មួយ​ឡើយ​។

ជា​មួយ​នេះ​​ យើង​សង្កេត​ឃើញ​ថា​ មាន​អង្គការ​ និងសហ​ជីព​​មួយ​ចំនួន​​តូច​បាន  និង​កំពុង​​តែ​យក​សេចក្តី​​ព្រាង​ច្បាប់​​នេះ​ធ្វើ​ជា​កម្ម​វត្ថុ​នយោ​បាយ​​ស្វែង​រក​ការគាំទ្រ និង​ជំនួយ​ដោយ​​យក​​លេស​ថា ​ច្បាប់​នេះ​វា​នឹង​គាប​សង្កត់​​សហ​ជីព ឬកាត់​បន្ថយ​សេរីភាព​​របស់​សហ​ជីព​។ល។

៧-វិធាន​ការលើក​ទឹកចិត្ត​​របស់​រដ្ឋា​ភិបាល
​ប្រទេស​កម្ពុជា​នៅតែ​មាន​សក្តានុ​ពល​​ទាក់​ទាញ​​ដល់​វិនិ​យោគិន​ជាតិ និង​អន្តរ​ជាតិ ហើយ​កំពុង​​តែបើក​ទ្វារ​បន្ថែម​ទៀត ទទួល​ស្វាគមន៍​​ចំពោះ​វិនិ​យោគ​ទុន​ខ្នាត​ធំ ដែល​កំពុងតែ​មាន​សញ្ញាវិជ្ជ​​មាន​ប្រកប​ដោយ​​សុទិដ្ឋិ​និយម​ ។ ​សក្តានុ​ពល​​ទាំង​នោះ​ពុំ​មែន​កើត​ឡើង​​ដោយ​ចៃដន្យ​​នោះ​ទេ គឺវា​កើត​​ឡើង​ដោយ​ការ​ខិត​ខំ​​ប្រឹង​ប្រែង​​របស់​រាជរដ្ឋា​ភិ​បាល​​កម្ពុជា​​ក្នុង​ការ​តស៊ូ​​មតិ​នៅ​លើ​​ឆាកអន្តរ​ជាតិ ដើម្បី​ធ្វើ​ឱ្យ​វិស័យ​​នេះ មាន​ស្ថិរភាព និងមាន​ការគាំទ្រពី​អ្នក​វិនិ​យោគ​ទុន​ជាតិ អន្តរជាតិ ។

សក្តានុ​ពល​​ទាក់ទាញ​​ទាំង​នោះ​មាន​ដូច​ជា ៖
១-​ទទួល​បាន​​នូវ​ការ​មិន​បង់​ពន្ធ (Duty Free) ​សម្រាប់​នាំ​​ចេញ​ទៅ​សហ​គមន៍​​​អឺរ៉ុប និង​បណ្តា​​ប្រទេស​មួយ​​ចំនួន​ទៀត ។
២-​ទទួល​បាន​នូវ​​ការ​បង់​ពន្ធ​ទាប (MFN/GSP) សម្រាប់​​នាំ​ចេញ​ទៅ​សហ​រដ្ឋ​អាមេ​រិក ។
៣-​ទទួល​​​​​បាន​នូវ​ការ​អនុ​វត្ត​លក្ខខណ្ឌ​​ការ​ងារ​​ល្អ​ប្រសើរ ។
៤-រាជរដ្ឋា​ភិបាល​បាន​ពន្យា​រ​ពេល​មិន​យក​ពន្ធ​លើ​ប្រាក់​​ចំណេញ​​១​ភាគ​រយពី​និយោជក​​រហូតរ​ដល់​ឆ្នាំ​​២០១៥។
៥-​រាជរដ្ឋា​​ភិបាល​ជួយ​​ចេញ​បង់​ថ្លៃ​​ជំនួស​​និយោជក​០,៣​ ភាគរយ នៃ​ប្រាក់​​០,៨​ភាគ​រយ ​សម្រាប់​​បង់​ចូល​​របប​សន្តិ​សុខ​សង្គម (​ប.ស​.ស)។
៦-រាជរដ្ឋា​ភិបាល​​បាន​បង្កើត​​តំ​បន់​សេដ្ឋ​​កិច្ច​ពិសេស​​ជា​ច្រើន​ (Special Economic Zone) ​ដើម្បី​ការ​ពារ​និង​​លើក​ទឹក​ចិត្ត​​ដល់​អ្នក​វិនិ​យោគ​​ទុន​ធំៗ ដែល​​បាន​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ដែល​​តំបន់​ពិសេស​នេះ​មាន​ការ​គ្រប់​​គ្រង​​យ៉ាង​ហ្មត់​ចត់ និង​ធ្វើ​ការ​​សម្រប​សម្រួល​​បែប​បទ​ឯក​សារ​ទាន់​ពេលវេលា​​ ហើយ​មាន​យន្ត​ការ​ពិសេស​​​សម្រាប់​ដោះ​ស្រាយ​​ជម្លោះ​​ការ​ងារ​នៅ​ក្នុង​តំបន់​ផ្ទាល់​តែ​ម្តង​ មុន​នឹង​ទៅដល់​យន្ត​ការ​ផ្សេង​​ៗ​ទៀត ។
៧-​គណៈ​កម្ម​​ការ​ជាតិ​បណ្តុះ​បណ្តាល (NTB) ​បាន​បង្កើត​​សាលា​បណ្តុះ​បណ្តាល​នៅ​តាម​បណ្តា​ខេត្ត-ក្រុង ​ដើម្បី​ធ្វើ​ការ​បណ្តុះ​បណ្តាល​ជំនាញវិជ្ជា​ជីវៈ​ដល់​ប្រជា​ពលរដ្ឋ​ ក៏​ដូច​ជា​កម្ម​ករ ​និយោជិត​​ឱ្យ​មាន​​ជំនាញស្រប​តាម​ទីផ្សារ​​ការ​ងារ និង​តម្រង់​ទិស​ឱ្យ​ឆ្លើយ​តប​ទៅ​នឹងតម្រូវ​ការ​វិ​និ​យោគ ។
​៨-​កម្ម​ករ​​មាន​បទពិសោធន៍​​មិន​​ចាញ់​កម្ម​ករ​បណ្តា​ប្រទេស​ផ្សេងៗ​​​ឡើយ ។
៩-​ប្រាក់​ឈ្នួ​ល​​របស់​កម្ម​ករ​ត្រូវបាន​ដំ​ឡើង​​សន្សឹមៗ​​ និង​មាន​​តម្លៃសម​រម្យ​​អាច​ប្រកួត​ប្រជែង ឬ​​ទាក់ទាញ​​អ្នកវិនិយោគ​​ពីបណ្តា​ប្រទេស​ផលិត​​សម្លៀក​បំពាក់​​ដែល​មាន​ថ្លៃ​ឈ្នួល​ខ្ពស់​។

៨-សន្និ​ដ្ឋាន​
វិស័យ​ឧស្សាហ​កម្ម​វាយនភណ្ឌ​កាត់​ដេរ​សម្លៀក​បំពាក់​​ និង​ស្បែក​ជើង​នៅ​ឆ្នាំ​២០១១ មាន​ស្ថាន​ភាពល្អ​ប្រសើរ ដូច​របាយ​ការណ៍​​បាន​បង្ហាញ​ថា ​មាន​រោង​ចក្រ​បើក​ថ្មីជា​ច្រើន​​ គ្មាន​​រោង​ចក្រ​​បិទ​ទ្វារ ​និង​មាន​រោង​ចក្រ​ចំនួន​តែ១​ប៉ុណ្ណោះ ដែល​បាន​ព្យួរ​ការងារ។ វិវាទ​ការ​ងារ​ជា​ច្រើន​​ត្រូវ​បាន​ប្តឹង​ទៅ​​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​រហូតដល់​​១៨​៥​សំណុំរឿង ​។ កាល​ពី​ឆ្នាំ​​២០០៨ ​មាន​កូដ​កម្ម​​ចំនួន​១០៥ លើក​ ​ឆ្នាំ​២០០៩ មាន​កូដ​កម្ម​ចំនួន​៥៨លើក​ ឆ្នាំ​២០១០ ​​មាន​កូដ​កម្ម​ចំនួន​៤៥។ ប៉ុន្តែ​ឆ្នាំ​២០១១ ​កូដ​កម្ម​ត្រូវ​​បាន​​ថយ​ចុះ ​មក​ត្រឹមតែ​​៣៣​លើក​តែ​ប៉ុណ្ណោះ ។

​ទិន្ន​ន័យ​​ខាងលើ​នេះ​បាន​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​​អំពីចំណុចវិជ្ជ​មាន​នៃ​ការ​អនុ​វត្ត​លក្ខ​ខណ្ឌ​​ការ​ងារ​នៅ​​កម្ពុជា និង​ក៏​បង្ហាញ​​​ផង​ដែរ​ចំពោះការ​​ទទួល​ខុស​ត្រូវ​របស់​ភាគី​ពាក់​ព័ន្ធ​ទាំង​​អស់ លើក​លែង​តែ​សហជីព​មួយ​ចំនួន​តូច​ដែល​នៅតែ​ប្រកាន់​យក​នូវជំហរ​​ជ្រុល​និយម​​របស់​ខ្លួន ។ ភាគី​សហ​ជីព​​ និង​​និយោជក​​ បាន​និង​កំពុង​​តែ​ពង្រឹង​នូវទំនាក់​ទំនង​​វិជ្ជា​ជីវៈ ជំរុញ​បង្កើន​អនុ​សញ្ញា​​រួម (CBA) ​ដែល​ពួកគេ​មាន​ជំនឿ​ថា អនុ​សញ្ញា​​រួម​នេះ​វាគឺ​ជា​ច្បាប់​បំពេញ​បន្ថែម​​ទៅ​លើ​ច្បាប់​ការ​ងារ សម្រាប់​​​អនុ​វត្ត​នៅ​ក្នុង​រោង​ចក្រ​មួយ​ ហើយ​ដែល​​អាច​កាត់​បន្ថយ​នូវវិវាទ​​ការ​ងារ​បាន​៨៥​ភាគ​រយ មាន​សន្តិ​ភាព និងស្ថិរ​ភាព​ការងារ និង​​ពិសេស​បង្កើន​ផលិត​​ភាពនាំ​ចេញ​ទាំង​បរិ​មាណ និងគុណភាព ។

​ប៉ុន្តែទោះ​​បី​មាន​ចំណុច​វិជ្ជ​មាន​​ជាច្រើន​ដូច​ខាង​លើ​ក៏ដោយ ​ក៏​នៅ​មាន​ចំណុចអវិជ្ជ​មាន​​មួយ​ចំនួន​ទៀត​ ដែលនៅ​មាន​រោង​ចក្រ​មួយ​ចំនួន​តូច និង​រោង​ចក្រដេរ​ស៊ី​ឈ្នួល​ (Sub-Contractors) ​មិន​ទាន់​អនុ​វ​ត្ត​ត្រឹមត្រូវ ដែល​តម្រូវ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​​ទាំងអស់​រួមគ្នា​​ដោះស្រាយ​បន្ត​ទៀត ដូច​ជា​ករណី​ការ​ប្រើ​ប្រាស់​កិច្ច​​សន្យា​ខ្លី​​ជាដើម ។ ​ជា​មួយ​នេះ​​យើង​នៅ​មាន​ក្តី​កង្វល់​​ ទី១-បញ្ហា​កង្វះ​​កម្លាំង​ពល​កម្ម ដែល​រោងចក្រ​ទើប​នឹង​បើក​ថ្មី​ និង​រោង​ចក្រ​​បម្រុងនិង​បើក​ថ្មី​ពុំ​អាច​ជ្រើស​រើស​​​កម្មករគ្រប់​ចំនួន​តាម​សេចក្តីត្រូវ​​ការ ទោះ​បី​​ពួក​គេ​ខិតខំ​ដំ​ឡើង​ប្រាក់​ឈ្នួល​ ឬអត្ថ​​ប្រយោជន៍​​ផ្សេងៗ​​ប្រសើរ​ជាង​ច្បាប់​​ខ្លះ​ក៏​ដោយ។ ទី២-វិស័យ​វាយ​នភណ្ឌ​​​កាត់​ដេរ​កម្ពុជា នឹង​​អាច​ប្រឈម​​នូវការ​ប្រកួត​ប្រជែង​​យ៉ាង​តឹង​តែង​ជា​មួយ​ប្រទេស​​ភូមា​នៅ​​ពេល​​ខាង​មុខ​ដ៏ខ្លី​នេះ ប្រសិន​បើ​ប្រទេស​ភូមា​ត្រូវបាន​ធ្វើកំណែ​ទម្រង់​​នយោ​បាយ​ទៅ​តាម​លក្ខ​ខណ្ឌ​​ប្រទេស​សហ​គមន៍​​ អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​​នោះ​ ពីព្រោះ​ពួក​វិនិ​យោគ​​ក្នុង​វិស័យ​​នេះ នឹងគិតថា ​ប្រទេស​ភូមា​​សំបូរ​កម្លាំង​​ពលកម្ម និង​មាន​ប្រាក់​ឈ្នួល​ទាប ។

ដូច្នេះ​​ភាគីពាក់​ព័ន្ធទាំង​អស់​ ត្រូវតែ​ខិតខំ​ធ្វើ​សកម្ម​ភាព​ដោយ​ស្មារតី​​ទទួលខុសត្រូវ​រួម​ក្នុង​កម្រិត​ខ្ពស់​​ ដើម្បី​​រួម​ចំណែក​​អូសទាញ ការពារ និង​ថែរក្សា​​​បរិស្ថាន​​វិនិ​យោគ​​ដោយ​ផ្សារ​ភ្ជាប់​​ជា​មួយ​នឹង​សិទ្ធិ និង​ផល​ប្រយោជន៍​​កម្ម​ករ ៕