រាជធានីភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តំណាងឱ្យលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានដឹកនាំសមាជិក សមាជិកា ចុះសាកសួរសុខទុក្ខសំណេះសំណាលល និងចែកអំណោយដល់កុមារកំព្រានៅមណ្ឌលផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម កាលពីថ្ងៃទី១៨ មករា កន្លងមកនេះ ។
កុមារទាំងអស់នៅក្នុងមណ្ឌលនេះមានចំនួន៣៨៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ៤ក្បាល ប៊ិច២ដើម និងថវិកា៥ម៉ឺនរៀល ។ អាណាព្យាបាល៦៦នាក់ ម្នាក់ៗទទួលបាន៥ម៉ឺនរៀល ។ នាយិកា និងមន្ត្រីបុគ្គលិកសរុបចំនួន២៣នាក់ ម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ។ ដោយឡែកផ្តល់ជូនទៅមណ្ឌលផ្កាម្លិះ មានអង្ករ៣.០០០គីឡូក្រាម មី៣០កេស ត្រីខ៣០០កំប៉ុង ទឹកក្រូច២០កេស ទឹកបរិសុទ្ធ៣០កេស ផ្លែប៉ោម២កេស ផ្លែទំពាំងបាយជូរ៥កេស ផ្លែសារី៥កេស ផ្លែក្រូចឃ្វិច៥កេស ផ្លែមៀន២០គីឡូក្រាម និងថវិកាមួយលានរៀល ។
លោកប៉ា សុជាតិវង្ស បានពាំនាំសេចក្តីអាណិតស្រឡាញ់ពីសំណាក់លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តាំផ្ញើសាកសួរសុខទុក្ខដល់កុមារកំព្រា និងមន្ត្រីបុគ្គលិកនៅក្នុងមណ្ឌលផ្កាម្លិះទាំងមូលផងដែរ ។ លោកបានកោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្រៀននៅក្នុងមណ្ឌលផ្កាម្លិះទាំងអស់ ដែលមានគម្រោងកម្មវិធីធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើង និងធ្វើឱ្យជីវិតរបស់កុមារ និងក្មេងជំទង់ដែលទទួលរងទុក្ខដោយសារមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតទៅលើចិត្តសាស្ត្រសង្គមធ្វើឱ្យកុមារទាំងនោះមានសង្ឃឹមក្នុងការរស់នៅឡើងវិញ ។ គម្រោងនេះមានរយៈពេលតែ៣ឆ្នាំទេ តែយើងត្រូវខិតខំសហការជាមួយកាកបាទក្រហមបារាំង ដើម្បីបន្តអនុវត្តគម្រោងនេះជារៀងរហូតតទៅ ។
លោកស្រីហង្ស ណាវី នាយិកាមណ្ឌលផ្កាម្លិះ បានថ្លែងថា មណ្ឌលផ្កាម្លិះត្រូវបានបង្កើតឡើងនិងចាប់ដំណើរការកាលពីចុងខែមីនា ឆ្នាំ២០១០ ក្រោមកិច្ចសហប្រតិបត្តិការរវាងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងកាកបាទក្រហមបារាំង ដើម្បីអនុវត្តគម្រោង ធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើង និងធ្វើឱ្យជីវិតមានក្តីសង្ឃឹមរបស់កុមារ និងក្មេងជំទង់ដែលបាន ទទួលរងទុក្ខដោយសារមេរោគអេដស៍ ជំងឺអេដស៍ នៅប្រទេសកម្ពុជា ដែលមានរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ហើយនេះជាឆ្នាំទី៣ នៃការបញ្ចប់គម្រោង ។គម្រោងចិត្តសាស្ត្រសង្គម គឺជាផ្នែកមួយរបស់កាកបាទក្រហមបារាំងសហការជាមួយគ្លីនិកលើកកម្ពស់សុខភាពកុមារហៅកាត់ថា (CHIC) ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យកុមារជាតិ ជាទិសយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺអេដស៍របស់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងគាំទ្រផ្នែកចិត្តសាស្ត្រដល់កុមារ និងក្មេងវ័យជំទង់ ដែលរស់នៅជាមួយមេរោគអេដស៍/ ជំងឺអេដស៍ ដើម្បីគាំទ្រខាងវិស័យអប់រំ ការបង្កើនបញ្ញាស្មារតី អារម្មណ៍ និងការអភិវឌ្ឍផ្នែកសង្គមដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេ ។ ជាមួយនេះ ពង្រឹងការប្រើប្រាស់ថ្នាំប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ (ARV) ឱ្យបានត្រឹមត្រូវទៀងទាត់ តាមវេជ្ជបញ្ជានិងបញ្ហាសុខភាពផ្សេងៗតាមរយៈ ការធ្វើសកម្មភាពស្នូលរួមមាន បង្រៀនភាសាខ្មែរ,ភាសាអង់គ្លេស កុំព្យូទ័រ រាំរបាំ គូរគំនូរ ក្រុមពិភាក្សា អប់រំសុខភាព អប់រំចិត្តសាស្ត្រ មានបណ្ណាល័យអានសៀវភៅ សម្រាប់ការអភិវឌ្ឍចំណេះដឹង មានល្បែងសប្បាយៗ មានដំណើរកម្សាន្តផ្សេងៗស្តីពីវប្បធម៌ និងអរិយធម៌ខ្មែរ៕
ចែករំលែកព័តមាននេះ